ព័ត៌មានអន្តរជាតិ

ចិន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិក ជុំវិញការលក់អាវុធឲ្យកោះតៃវ៉ាន់

ចិន: រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃសុក្រ បាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអាមេរិក ពាក់ព័ន្ធនឹងការលក់អាវុធ ដែលមានតម្លៃ ២.២ ពាន់លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ តាមអនឡាញមួយថា «ការលក់សព្វាវុធរបស់អាមេរិក ទៅឲ្យកោះតៃវ៉ាន់ គឺបានរំលោភយ៉ាងធ្ងន់ធ្ងរ ចំពោះបទដ្ឋានមូលដ្ឋានច្បាប់ និងទំនាក់ទំនងអន្តរជាតិ»។

ដោយលោកបានបន្តថា នៅក្នុងការឆ្លើយតប និងដើម្បីការពារផលប្រយោជន៍ជាតិ ប្រទេសចិន នឹងដាក់ទណ្ឌកម្មលើសហគ្រាសអាមេរិក ដែលចូលរួមក្នុងការលក់អាវុធទៅឲ្យកោះតៃវ៉ាន់។

សូមជំរាបថា ការលក់អាវុធដែលបានគ្រោងទុកនេះ ជាការផ្ទេរលើកដំបូងនៃឧបករណ៍យោធាដ៏ធំរបស់អាមេរិក ដើម្បីគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យនៅកោះតៃវ៉ាន់ ក្នុងរយ:ពេលជាច្រើនទសវត្សរ៍មកហើយ ដែលបានធ្វើឲ្យទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង រង្គោះរង្គើជាមួយនឹងសង្គ្រាមពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕

មតិយោបល់