ព័ត៌មានអន្តរជាតិ

ជាថ្មីម្ដងទៀត! កូរ៉េខាងជើង បាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណជាច្រើនគ្រាប់

កូរ៉េៈ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះ បានបាញ់មីស៊ីលផ្លោង មិនស្គាល់អត្តសញ្ញាណ ជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រ ដែលវាកើតទ្បើងមួយថ្ងៃ បន្ទាប់ពីក្រុងព្យុងយ៉ាង បានបង្ហាញចេតនាបន្តកិច្ចចរចា ជាមួយអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asai ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩។

ដោយនៅក្នុងសេចក្តីថ្លែងការណ៍ JCS បានលើកទ្បើងថា យោធារបស់កូរ៉េខាងត្បូង កំពុងតាមដានស្ថានការណ៍ សម្រាប់ការបាញ់បង្ហោះបន្ថែម ក៏ដូចជារក្សាឥរិយាបថ ត្រៀមខ្លួនរួចជាស្រេចផងដែរ។

ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បាននិយាយថា មីស៊ីលមួយគ្រាប់ បានធ្លាក់ចុះនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន (EEZ) ក្នុងខេត្ត Shimane វេលាម៉ោង ៧ និង ២២ នាទីព្រឹក (ម៉ោងក្នុងស្រុក) ខណៈមួយគ្រាប់ផ្សេងទៀត បានធ្លាក់ប៉ុន្មាននាទីមុន នៅខាងក្រៅតំបន់នោះ។

ក្នុងនោះលោកបានបន្ថែមទៀតថា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយ ស្តីពីផលប៉ះពាល់មកលើយន្តហោះ ឬកប៉ាល់នៅក្បែរនោះទេ៕

មតិយោបល់