ព័ត៌មានអន្តរជាតិ

តួកគីវាយបកវិញ បន្ទាប់ពីទាហានខ្លួន ត្រូវបានសម្លាប់ ដោយការបាញ់ផ្លោងរដ្ឋាភិបាលស៊ីរី

តួកគីៈ រដ្ឋាភិបាលក្រុងអង់ការ៉ា បាននិយាយថា ខ្លួនបានវាយបកទៅលើគោលដៅយោធាស៊ីរី បន្ទាប់ពីទាហានពួកគេយ៉ាងតិច ៥ នាក់ និងជនស៊ីវិល ៣ នាក់ ត្រូវបានសម្លាប់ ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងតំបន់ Idlib ជាទីតាំងក្នុងប្រទេស ដែលហែកហួរដោយសង្គ្រាម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រសួងការពារជាតិតួកគី បាននិយាយកាលពីថ្ងៃច័ន្ទថា កងទ័ពរបស់ខ្លួនចំនួន ៧ នាក់ បានរងរបួសផងដែរ បន្ទាប់ពីការបាញ់ផ្លោង របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ក្នុងបន្ទាយដែលកាន់កាប់ ដោយក្រុមឧទ្ទាមចុងក្រោយ នៅក្នុងប្រទេសស៊ីរី។

ដោយក្រសួង បានបញ្ជាក់បន្ថែមថា យោធាពួកគេ ដែលត្រូវបានបញ្ជូនទៅតំបន់នោះ សម្រាប់ជាកម្លាំងជំនួយ បានរងការវាយប្រហារ បើទោះបីជាមានការជូនដំណឹងទុកជាមុន ក្រោយមានកិច្ចសម្របសម្រួលជាមួយគ្នាក៏ដោយ។

យ៉ាងណាមិញភាគីខាងរុស្ស៊ី ដែលជាប្រទេសគាំទ្រដ៏សំខាន់ របស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ បាននិយាយកាលពីថ្ងៃច័ន្ទថា ទាហានតួកគី ត្រូវបានបាញ់សម្លាប់ទាំងយប់ ដោយសារពុំមានការជូនដំណឹង អំពីសកម្មភាពរបស់ពួកគេ៕

មតិយោបល់