ស៊ីរីៈ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានបង្ហាញការត្រៀមខ្លួនរួចជាស្រេច ដើម្បីសងសឹក បន្ទាប់ពីទាហានរបស់ខ្លួន ត្រូវបានសម្លាប់នៅខេត្ត Idlib ដោយការវាយប្រហាររបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputniks ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។
ទីភ្នាក់ងារសារព័ត៌មាន Ikhbariya បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពពីយោធាថា អគ្គសេនាធិការកងទ័ពស៊ីរី បាននិយាយថា ខ្លួនបានផ្តល់ឱកាសជាលើកចុងក្រោយមួយ ដល់ក្រុមសកម្មប្រយុទ្ធ ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្ត Idlib ដើម្បីឲ្យពួកគេ ព្រមទម្លាក់អាវុធចុះចាញ់ ដោយបន្ថែមថា កងទ័ពស៊ីរីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ក្រាបការឈ្លានពានរបស់ទាហានតួគី នៅក្នុងខេត្តនេះ។
ប្រភពដដែល បានបញ្ជាក់ទៀតថា កម្លាំងប្រដាប់អាវុធស៊ីរី មិនត្រឹមទុកឱកាសចុងក្រោយ ដល់ពួកសកម្មប្រយុទ្ធប៉ុណ្ណោះទេ តែក៏ចង់ជួយសង្គ្រោះជីវិតជនស៊ីវិល ដែលកំពុងជាប់ឃាំង ដោយការឡោមព័ទ្ធនៅទីនោះផងដែរ។
ជាពិសេសអង្គភាពពួកគេ (ក្រុមសកម្មប្រយុទ្ធ) ដែលកំពុងប្រតិបត្តិការ នៅតំបន់ជម្លោះខាងលើ ត្រូវបានគេអនុញ្ញាតឱ្យសម្រេចចិត្តភ្លាមៗ ដោយមិនចាំបាត់ពឹងផ្អែកលើការគាំទ្រ របស់ទាហានតួកគីនោះទេ គ្រាន់តែព្រមចុះចាញ់ រួចប្រគល់អាវុធរបស់ពួកគេប៉ុណ្ណោះ៕
មតិយោបល់