អ៊ីតាលីៈ តាមរបាយការណ៍ កាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា នៅក្នុងប្រទេសអ៊ីតាលី មានអ្នកស្លាប់ថ្មីចំនួន ៣៤៩ នាក់ ដោយសារវីរុសកូរ៉ូណា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប ចាប់តាំងពីខែមុន រហូតដល់ពេលនេះ គឺមានចំនួន ២,១៥៨ នាក់ហើយ ដោយវាជាតួលេខច្រើនបំផុត បន្ទាប់ពីប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ចំនួនអ្នកស្លាប់ផ្លូវការ ដោយសារជំងឺ COVID-១៩ បានកើនឡើងទ្វេដង ចាប់តាំងពីថ្ងៃព្រហស្បតិ៍ នៅពេលដែលចំនួនអ្នកស្លាប់កើនខ្ពស់បំផុត ជាលើកដំបូង នៅក្នុងប្រទេសនេះ បានឡើងដល់ ១,០០០ នាក់ និងមានការឆ្លងចំនួន ២៧,៩៨០ ករណី បើធៀបទៅនឹងកាលពីរយៈពេល ៤ ថ្ងៃមុន គឺត្រឹមចំនួន ១៥,១១៣ ករណីតែប៉ុណ្ណោះ។
ក្នុងចំណោមតំបន់ជាក់លាក់ ដែលមានជនរងគ្រោះ ស្លាប់ភាគច្រើនលើសលប់ ត្រូវបានគេកំណត់នៅភាគខាងជើង នៃប្រទេស ដែលវីរុសនេះ បានចាប់ផ្តើមរីករាលដាល នៅជុំវិញទីក្រុងជាច្រើន ជាក់ស្ដែងដូចជា ទីក្រុង Milan ជាដើម៕
មតិយោបល់