អាមេរិកៈ អភិបាលក្រុងញូវយ៉ក លោក Andrew Cuomo បានប្រកាសថា លោកនឹងចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិមួយ ដែលផ្តល់អំណាចដល់រដ្ឋ ក្នុងការរឹបអូសឧបករណ៍ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត ដែលមិនបានប្រើប្រាស់ពីមន្ទីរពេទ្យឯកជន និងកន្លែងផ្តល់សេវាថែទាំសុខភាពដទៃទៀត ដើម្បីចែកចាយសម្ភារៈទាំងនេះ ទៅកាន់ទីតាំងដែលមានតម្រូវការចាំបាច់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។
ក្នុងអំឡុងសន្និសីទកាសែតប្រចាំថ្ងៃរបស់ខ្លួន នៅទីក្រុង Albany នៃរដ្ឋញូវយ៉ក កាលពីថ្ងៃសុក្រលោក Cuomo បាននិយាយថា លោក នឹងប្រើប្រាស់កងទ័ពឆ្មាំជាតិ ប្រសិនបើចាំបាច់ ដើម្បីប្រមូលឧបករណ៍ទាំងនោះ យកវាទៅចែកចាយ តាមទីតាំងដែលកំពុងផ្ទុះការរាតត្បាត នៃជំងឺឆ្លងកូវីដ១៩ ជាក់ស្ដែងដូចជាទីក្រុងញូវយ៉ក និងកោះ Long ជាដើម។
ក្នុងនោះលោក បានមានប្រសាសន៍ថា « គ្រប់បណ្ដាមន្ទីរពេទ្យឯកជន និងកន្លែងផ្ដល់សេវាសុខភាពទាំងនោះ នឹងទទួលបានម៉ាស៊ីនខ្យល់ របស់ពួកគេមកវិញ ឬពួកគេ នឹងត្រូវទទួលបានការផ្តល់សំណង សម្រាប់បំពង់ខ្យល់របស់ពួកគេ បន្ទាប់ពីត្រូវបានរឹបអូសដោយរដ្ឋ ដូច្នេះពួកគេ អាចទិញបំពង់ខ្យល់ថ្មីវិញបាន។
យ៉ាងណាមិញ លោកក៏បានបញ្ជាក់ថែមទៀតថា ឥទ្បូវនេះ លោកមិនអាចធ្វើអ្វីលើសពីនេះបានទេ ប៉ុន្តែលោកក៏នឹងមិននៅស្ងៀម ខណៈដែលមនុស្សស្លាប់ជិតដល់ ៣,០០០ នាក់ហើយ នៅក្នុងរដ្ឋ ស្របពេលអ្នកឆ្លងវីរុសកូរ៉ូណាជាច្រើននាក់ទៀត កំពុងត្រូវការជួយសង្គ្រោះ អាស្រ័យហេតុនេះ យើងមានម៉ាស៊ីនខ្យល់រាប់រយ នៅក្នុងរដ្ឋរបស់យើង នៅតាមកន្លែងផ្សេងៗទៀត ដែលចាំបាច់ត្រូវដកហូត យកពីពួកគេទៅជួយដល់ទីតាំងរងផលប៉ះពាល់៕
មតិយោបល់