(ប្រេស៊ីល)៖ កងទ័ពជើងទឹករបស់ប្រទេសប្រេស៊ីល និង សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅក្នុងទីក្រុង រីយ៉ូ ឌឺ ហ្សេណេរ៉ូ ដើម្បីត្រៀមការពារសន្តិសុខ ដល់ការប្រកួតកីឡាអូឡាំពិក ចាប់ពីខែសីហាឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦។
ការធ្វើសមយុទ្ធខាងលើនេះ បានចាប់ផ្តើមឡើងនៅច្រកសមុទ្រ Guanabara ដោយក្នុងនោះមានការ ហាត់សមពីរបៀបសង្គ្រោះនាវាដែលត្រូវប្លន់ដោយពួកភេរវករ ព្រមទាំងការប្រើប្រាស់ទូកសង្គ្រោះ និង ឧទ្ធម្ភាគចក្រហោះបំពេញប្រតិបត្តិការ ចេញពីនាវាចម្បាំងផងដែរ។ វាត្រូវបានប្រព្រឹត្តទៅ នៅក្បែរ តំបន់ដែលត្រៀមធ្វើការប្រកួតកីឡាអូឡាំពិកនោះតែម្តង។
គួរបញ្ជាក់ថា អំពើភេរវកម្មនៅតំបន់អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា និង អាស៊ី ភាគច្រើនបានកើតឡើងនៅ កន្លែងដែលមានមនុស្សម្នាកកកុញ ជាពិសេសគឺការប្រកួតកីឡា នៅកីឡាដ្ឋានធំៗនោះតែម្តង។ ការវាយប្រហារនៅទីក្រុងប៉ារីសនៅឆ្នាំ ២០១៥ និង ការវាយប្រហារនៅបែលហ្ស៊ិក កាលពីពេលថ្មីៗនេះ គឺជាមេរៀនដ៏ជូរចត់បំផុត ដែលប្រទេសប្រេស៊ីលមិនអាចមើលរំលង៕
ព័ត៌មានអន្តរជាតិ
មតិយោបល់