បរទេសៈ ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងប្រទេស កូរ៉េខាងជើង គឺមានចំនួន ៣,២៤លានគ្រឿង (៣លាន២សែន៤ម៉ឺនគ្រឿង) គិតត្រឹមខែកក្កដា ឆ្នាំ២០១៥។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក ដែលបង្ហាញដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក ឬ World Factbook។
យោងតាមសារព័ត៌មាន KoreaTimes បានចេញផ្សាយដោយផ្អែកតាមវិទ្យុសំឡេងសហរដ្ឋអាម៉េរិក (VOA)ថា ទូរស័ព្ទចល័តនៅក្នុងប្រទេសកូរ៉េខាងជើង គឺប្រជាជន ១០០នាក់ មាន ១៣នាក់ មានទូរស័ព្ទប្រើ ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១៤២ ក្នុងចំណោមប្រទេស ២១៧ ដែលប្រើប្រាស់ទូរស័ព្ទ។ នេះបើតាមការស្ទាបស្ទង់របស់ factbook។
ចំណែកនៅប្រទេស កូរ៉េខាងត្បូងវិញ គឺស្ថិតនៅចំណាត់ថ្នាក់លេខ ២៧ នៅក្នុងពិភពលោក ដោយមានអ្នកប្រើប្រាស់ទូរស័ព្ទចល័តចំនួន ៥៨,៩៣លានគ្រឿង ហើយក្នុងចំណោមប្រជាជន ១២០នាក់ គឺ១០០នាក់ មានទូរស័ព្ទប្រើ គឺច្រើនជាងនៅកូរ៉េខាងជើង ២០ដង។
ជាមួយគ្នានោះដែរ ប្រជាជនកូរ៉េខាងជើងកើនឡើងដល់ប្រមាណ ២៥,១១លាននាក់ គិតត្រឹមខែកក្កដា ឆ្នាំ២០១៦ ដោយប្រជាជនដែលមានអាយុ ៦៥ឆ្នាំ ឬចាស់ជាងនេះ មានរហូតដល់ ៩,៧៤ភាគរយ នៃប្រជាជនទាំងអស់ ដែលនេះគឺបានបង្ហាញថា កូរ៉េខាងជើង គឺជាសង្គមវ័យចំណាស់មួយ។
ប្រជាជនកូរ៉េខាងជើងដែលមានអាយុ ៦៥ឆ្នាំ ឬច្រើនជាងនេះ មានប្រមាណ ៨៤០.០០០នាក់ជាបុរស និង១,៦លាននាក់ ជាស្រ្តី។ នេះបើយោងទៅតាម factbook។
ចំណែកផលិតផលក្នុងស្រុកសរុប ឬGDP របស់កូរ៉េខាងជើងវិញ សម្រាប់មនុស្សម្នាក់ដែលរស់នៅផ្ទះល្វែងគឺរកបាន ១.៨០០ដុល្លារអាម៉េរិក សម្រាប់រយៈពេល ៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២មក នៅពេលដែលលោកដឹកនាំ គីម ជុងអ៊ុន ឡើងកាន់អំណាច ដែល GDPនេះ គឺបង្ហាញថាគ្មានការកើនឡើង៕
មតិយោបល់