ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ាដូណា ប្រកាន់ជំហរមិនទទួលយក ក្រោយហ្វៃ សំអាង បំភ្លឺ

បើទោះលោកហ្វៃ សំអាងចេញមុខបកស្រាយពាក់ព័ន្ធនឹងប្រតិកម្មរបស់លោកម៉ាដូណា ក៍ តារាកំប្លែងលោកម៉ាដូណានៅតែប្រកាសថាខ្លួនមិនអាចទទួលយក។ អ៊ីចឹងហើយទើបគេឃើញផលិតករល្បីឈ្មោះ និងតារាកំប្លែងល្បីឈ្មោះរូបនេះមិនទាន់អាចបញ្ចប់ទស្សនៈខ្វែងគ្នានៅឡើយ

ភ្លាមៗបន្ទាប់ពីលោកហ្វៃ សំអាង ចេញមុខបកស្រាយរឿង ម៉ាដូណា មិនសុខចិត្តព្រោះមិនបានពានប្រជាប្រិយភាពប្រចាំកម្មវិធី Apsara Award លោកម៉ាដូណាបានបញ្ចេញវីដេអូឃ្លីបទី២មួយភ្លែតថាអ្វីដែលលោកប្រតិកម្មគឺមិនមែនចង់បានតែពានប្រជាប្រិយភាពនោះទេ តែក៏ហួសចិត្តរឿងថាហេតុអ្វីក៏លោកមិនបានទទួលពានសម្ដែងបានល្អគ្រប់ទម្រង់ ឬពានSuper Star ដូចតារាសិល្បៈជាសិស្សប្អូនក្នុងកម្មវិធីប្រកួតប្រជែងនោះផងដែរ។ នេះជាការផ្លាស់ប្ដូរលឿនស្លេវ ខណៈដែលលោកក៏បានថ្លែងប្រាប់Post News ថា បើទោះជាក្នុងវីដេអូឃ្លីបលើកទី១របស់លោកនិយាយតែរឿងមិនបានពានប្រជាប្រិយភាព តែលោកក៏រិះគន់រឿងខ្លួនមិនពាន Super Star ពីក្នុងកម្មវិធីនោះផងដែរ។ លោកនៅតែអះអាងថាតារាសិល្បៈដែលបានពាន២-៣ គឺភាគច្រើនសម្ដែងមិនត្រូវ និងគ្មានការគោរពពេលវេលាជាប់លាប់ដែលសមនឹងទទួលពានគោរពពេលវេលានោះឡើយ។ អ្វីដែលលោកអះអាង គឺកម្មវិធី Apsara Award នៅតែចាត់ទុកថាអយុត្តិធម៍ ដោយសារលោកបានទទួលទេពានសម្ដែងមនោសញ្ចេតនា និងកំប្លែងបានល្អ ដែលលោកយល់ថាជាការចាញ់ប្រៀបតារាផ្សេងទៀត ដែលបានពានល្អៗ និងភាគច្រើនបានពានលើសពី១នោះ។

លោកហ្វៃ សំអាង អ្នករៀបចំកម្មវិធីApsara Award បានសម្ដែងអារម្មណ៍ហួសចិត្ត បន្ទាប់ពីលោកម៉ាដូណា បាននិយាយក្ដែងៗថាលោកមិនចង់បានពានSuper Star ពីក្នុងកម្មវិធីនោះ តែពានដែលលោកយល់ថាខ្លួនសមនឹងបានគឺពានប្រជាប្រិយ តែឥឡូវបែរជាមកក្រឡាស់ថា បើមិនបានពានប្រជាប្រិយភាព ហេតុអ្វីពានក៏មិនបានពានSuper Star ដូចគេ។ លោកថាលោកម៉ាដូណា កាន់តែបញ្ចេញប្រតិកម្មកាន់តែខុសពិបាកទទួលយក ហើយក៏កាន់តែធ្វើឲ្យលោកយល់ថានឹងធ្វើឲ្យគណកម្មការ តារាសិល្បៈដែលចូលប្រកួត និងមហាជនហួសចិត្ត។ លោកថាពានរង្វាន់ប្រជាប្រិយភាព អត់មានគណកម្មណាម្នាក់ណាមានសិទ្ធិសម្រេចនោះទេ គឺផ្អែកលើសំឡេងសារផ្ញើទៅកាន់ក្រុមហ៊ុន Metphone ទាំងអស់ ហើយបើកុំតែខ្លាចតារាមួយចំនួនបាក់មុខព្រោះទទួលបានសារគាំទ្រតិចតួច កុំឲ្យលោកនឹងយកតារាងមកបង្ហាញជាសាធារណៈ។

ដោយឡែកចំពោះពានសម្ដែងបានល្អលើគ្រប់ទម្រង់សិល្បៈ លោកហ្វៃ សំអាង បន្តថាលោកម៉ាដូណា កាន់តែមិនអាចទទួលបានទៀតហើយ ដោយសារតែលោកម៉ាដូណាសម្ដែងមិនបាននូវអ្វីដែលវិញ្ញសារបានផ្ដល់ឲ្យនោះទេ ។ លោកបានសួរបញ្រាសមកវិញថា តើលោកម៉ាដូណាអាចសម្ដែងជាតួប្រុសចរឹកប្រុស និងរឹងមាំបានល្អទេក្នុងពេលប្រកួតប្រជែង ដែលបានធ្វើឡើងនៅApsara Award នោះ។ ក្នុងនោះវិញ្ញាសារតម្រូវឲ្យលោកសម្ដែងជាតួប្រុសចរឹតកាច និងជាតួប្រុសចរឹកសុភាព ក៏លោកសម្ដែងសើចៗកំប្លែងមិនចំកំប្លែង កាចមិនចំកាចផងដែរ។ លោកថាគ្រប់ពានទាំងអស់មិនមែនលោក ឬក្រុមការងារជាអ្នកសម្រេចនោះទេ តែជាការប្រជុំសម្រេចដោយគណកម្មការដែលមានច្រើននាក់។ លោកនិយាយថា«ពីមុនគាត់ថាគាត់ថាគាត់ហួសចិត្តដែលគាត់អត់បានពានប្រជាប្រិយភាព តែដល់ពេលគេបកស្រាយថាពាននោះវាអាស្រ័យលើការបោះឆ្នោតរបស់ទស្សនិកជន ឥលូវគាត់មកក្រឡាស់គាត់ខឹងរឿងមិនបានពានSuper Star ចឹងបើគាត់ជ្រុលក្រឡាស់យកចឹង ខ្ញុំចង់សួរថាវិញ្ញសារដែលគណកម្មការឲ្យគាត់សម្ដែងចរឹកប្រុសតើគាត់សម្ដែងយ៉ាងមិច គាត់សើចៗរហូត ហើយតើឲ្យគណកម្មការឲ្យពាននឹងទៅគាត់មិច!»។ លោកថារាល់តារាទាំងអស់ដែលទទួលបានពាននីមួយៗ គឺសុទ្ធតែមានគណកម្មការចាក់មើលឃ្លីបការសម្ដែងសារចុះសារឡើង ហើយមានការប្រឹក្សាគ្នាយ៉ាងម៉ត់ចត់ដោយមិនមែនជាការសម្រេចរបស់លោកនោះទេ។

លោកថាបើម៉ាដូណានៅតែមិនទទួល គឺលោកនឹងឲ្យក្រុមការងារបង្ហោះវីដេអូឃ្លីបមួយចំនួនដែលបញ្ជាក់ពីការខ្វះចន្លោះរបស់លោកម៉ាដូណាក្នុងពេលសម្ដែងជាសាធារណៈ ដើម្បីឲ្យច្បាស់ថាតើម៉ាដូណាសមទទួលបានពានជាតារាសម្ដែងល្អគ្រប់ទម្រង់ឬយ៉ាងណា? លោកនិយាយថា«គាត់ថាតួបានពានSuper Star មួយចំនួនសម្ដែងខុសច្រើន ខ្ញុំទទួលស្គាល់ថាគាត់សម្ដែងខុសមែនពេលហ្វឹកហាត់ តែពេលឡើងឆាកគាត់ធ្វើត្រូវហើយស្របតាមវិញ្ញាសារចឹងរឿងអីគាត់មិនសម ចុះគាត់តែគាត់សម្ដែងវិញ្ញសារជាតួចរឹកប្រុសបានល្អឬទេ ចំណុចហ្នឹងហើយដែលពួកខ្ញុំមិនហ៊ានឲ្យពានគាត់Super Star ព្រោះខ្លាចមហាជនគេរិះគន់កម្មវិធី តែគាត់បែរជាមិនទទួលស្គាល់សមត្ថភាពរបស់ខ្លួនទៅវិញ!»

លោកហ្វៃ សំអាង បន្តថាអ្វីដែលលោកម៉ាដូណា បន្តប្រតិកម្មគឺជារឿងមិនទទួលស្គាល់ការពិត និងជាការវាយប្រហារទាំងស្រុងទៅលើសមត្ថភាពរបស់អ្នកសិល្បៈដែលបានចូលរួមប្រកួតប្រជែង ដោយលោកកាន់តែហួសចិត្តបន្ថែមទៀតនៅពេលឮថាតារាសិល្បៈភាគច្រើនដែលទទួលបានពានគោរពពេលវេលាបានល្អ ដែលផ្ដល់រង្វាន់ និងទទួលស្គាល់ដោយក្រុមហ៊ុននាឡិកាដៃអូមហាមានដែលមានយ័ន្ត៥ជួរដ៏ល្បីនៅទីផ្សារអាស៊ី គឺជាតារាគ្មានការគោរពពេលវេលាពិតប្រាកដ៕


មតិយោបល់