ព័ត៌មានសិល្បៈ និងកម្សាន្ត

ចិន ប្រកាសយករឿង«វិកលចរឹត» ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ត

យោងតាមការបញ្ជាក់របស់លោក ហ៊ុយ យ៉ាឡេង ផលិតកររឿង«វិកលចរឹត» បានអះអាងថា ក្រោយការចាក់ផ្សាយជាសាធារណៈនៅក្នុងព្រឹត្តិការណ៍ស្របចិនកាលពីថ្ងៃទី១៩ ធ្នូ គឺរឿងរបស់លោកត្រូវបានផលិតករចិនប្រកាសសហការ និងទទួលយក។ យ៉ាងណាមិញ មិនទាន់ដឹងថាគេចាប់ដៃក្នុងនាមទិញយក ហើយទិញក្នុងតម្លៃប៉ុន្មាននៅឡើយទេ។

លោកហ៊ុយ យ៉ាឡេង បានថ្លែងប្រាប់ពីខេត្តណានជីង ក្នុងប្រទេសចិនថា លោកមានមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីរឿង«វិកលចរឹត»ត្រូវបានផលិតកររបស់ចិន ទាក់ទងដោយផ្ទាល់ក្នុងជំនួបឯកជនជាមួយលោកកាលពីល្ងាចថ្ងៃទី១៩ ធ្នូ ដើម្បីសុំយករឿងមួយនេះចាក់ផ្សាយជាសាធារណៈនៅលើកញ្ចក់ទូរទស្សន៍ចិន នៅតាមសាលារៀន និងនៅក្នុងមន្ទីរវប្បធម៌របស់ខេត្តណានជីង ដើម្បីឲ្យពលរដ្ឋចិនទស្សនា។

លោកថាផលិតករចិនបានជជែកជាមួយលោកពាក់ព័ន្ធនឹងបញ្ហានេះរួចហើយ ដោយក្រៅពីស្នើសុំរឿងនេះ ក៍មានគម្រោងចាប់ដៃផលិតរឿងជាមួយលោកនៅក្នុងប្រទេសចិន និងនៅប្រទេសកម្ពុជានោះផង។ លោកថាខ្សែរឿង«វិកលចរឹត»មិនបានទទួលពានរង្វាន់ណាមួយនោះទេ ដោយសារតែព្រឹត្តិការណ៍នោះ គេឲ្យត្រឹមតែពានគ្រប់ប្រទេសដែលបានបញ្ជូនរឿងមកបង្ហាញ ហើយរឿងនីមួយៗមិនមានការផ្ដល់រង្វាន់ដាច់ដោយឡែកបន្ថែម។ យ៉ាងណាមិញ លោកថាអះអាងខ្លួនបានទទួលជោគជ័យហើយ ដោយសារតែភាគីចិនដែលទាក់ទងផ្ទាល់ជាមួយលោកបានប្រកាសយករឿង«វិកលចរឹត»ទៅផ្សព្វផ្សាយជាសាធារណៈនៅខេត្តណានជីងរបស់ប្រទេសចិន ដោយអះអាងថារឿងនេះ នឹងយកទៅផ្សាយដើម្បីក្នុងន័យអប់រំ និងសិក្សាពីទម្រង់រស់នៅរបស់មនុស្សវិកលចរឹត។ មកទល់ពេលនេះលោកថាតម្លៃទិញដូរមិនត្រូវបាននិយាយគ្នានៅឡើយទេ ប៉ុន្តែលោកថាមិនមានបញ្ហារឿងមិនត្រូវរ៉ូវគ្នានោះទេ ដោយសារតែលោកបានត្រៀមរួចជាស្រេចថាទោះចិនមិនឲ្យលុយក៏នឹងប្រគល់ឲ្យ ឲ្យតែផលិតករចិនធានាយករឿងរបស់លោកទៅផ្សាយជាសាធារណៈដូចការចចារ។

បន្ថែមពីលើនោះ លោកក៍បានទទួលភ្លើងខៀវពីខាងផលិតករចិន ថៃ និងឡាវផងដែរ ក្នុងការចាប់ដៃផលិតរឿងនៅពេលខាងមុខជាមួយគ្នា បន្ទាប់ពីរឿង«វិកលចរឹត»ត្រូវបានផលិតករបរទេសពេញចិត្តនៅពេលចាក់ផ្សាយក្នុងព្រឹត្តិការណ៍មហោស្រពចិនដែលបានធ្វើឡើងមួយអាទិត្យចាប់ពីថ្ងៃទី១៨ ធ្នូ។ លោកថារឿងនេះនាំឲ្យលោកជោគជ័យ ហើយលោកក៏សប្បាយចិត្តផងដែរ ដែលនៅប្រទេសកម្ពុជាឯណេះវិញ ក៏រឿង«វិកលចរឹត»បន្តដាក់បញ្ចាំងហើយមានអ្នកទស្សនាច្រើននៅឡើយនៅតាមរោង។ លោកទទូចឲ្យបន្តទិញសំបុត្រទស្សនា ដ្បិតថាខ្សែរឿងមួយនេះនឹងទម្លាក់ពីរោងក្នុងប៉ុន្មានថ្ងៃទៀត។

លោកហ៊ុយ យ៉ាឡេង បញ្ជាក់ថាក្រោយការចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា ផលិតករថៃ និងឡាវ ធានាយករឿងរបស់លោកទៅបញ្ចាំងក្នុងរោងភាពយន្តទំនើបនៅក្នុងប្រទេសទាំងពីរទើបលោកយល់ថានោះជាជំហានជោគជ័យ បន្ទាប់ពីចិនក៏យល់ព្រមយករឿងរបស់លោកទៅផ្សាយជាសាធារណៈដូចគ្នា បើទោះមិនទាន់ច្បាស់ថានឹងបានលុយ ឬយ៉ាងណា។ លោកថានឹងចាំមើលជំហររបស់ផលិតចិន ប៉ុន្តែបើគេថាបើលក់គឺមិនយក នោះលោកនឹងឲ្យមិនគិតថ្លៃ៕

មតិយោបល់