ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ឌីណា បំភ្លឺជម្លោះជាមួយ ឈិន សុធារី

មុននេះបន្តិចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងឈិន សុធារី ចេញមុខប្រកាសថា តារាសម្ដែងថ្មោងថ្មីនាងលី ឌីណា ហៅយូណា បានអ្នកពាក់ព័ន្ធជាមួយលោកសុវណ្ណ មករា ហើយបង្កអោយទំនាក់ទំនងរវាងអ្នកនាង និងស្វាមី ប្រេះស្រាំ។ ភ្លាមៗបន្ទាប់ពីផ្ទុះព័ត៌មានដ៏រសើប តារាស្រីលី ឌីណា មិនធ្វើការបកស្រាយនោះទេ ទើបតែក្នុងពេលនេះដែលនាងចេញមុខជម្រះពីជម្លោះ។

ឌី លីណា និយាយថាអ្វីដែលឈិន សុធារី ប្រកាសឡើងមានការប៉ះពាល់ចំពោះមុខមាត់ និងកិត្តិយសរបស់ខ្លួនយ៉ាងខ្លាំង ប៉ុន្តែមកពីនាងមិនមានឱកាសបកស្រាយទើបបណ្ដោយអោយព័ត៌មាន ដែលបានផ្ទុះឡើងសាយភាយ។ តារាដែលស្រុកកំណើត នៅបន្ទាយមានជ័យរូបនេះ បញ្ជាក់ថារវាងនាង និងលោកសុវណ្ណ មករា គ្រាន់តែទាក់ទងគ្នា ក្នុងពេលដែលនាងទទួលថតរឿងភាគ អោយលោកសុវណ្ណ មករា ប៉ុណ្ណោះ ប៉ុន្តែមកពី ឈិន សុធារី ប្រច័ណ្ឌពេកទើបបណ្ដាលអោយយល់ច្រលំ។ នាងថាជម្លោះបានកើតមានឡើងក្នុងពេលឈិន សុធារី ទូរស័ព្ទមកស្ដីថាអោយខ្លួន ក្រោយពេលបាត់ប្ដី ហើយនាងដែលមិនដឹងរឿងលោកសុវណ្ណ មករា ទៅណាក៏បានតបត។ នាងសារភាពថាមុនពេលកើតមានជម្លោះ រវាងនាង និងលោកសុវណ្ណ មករា ឧស្សាហ៍មានកម្មវិធីទៅណាមកណាជាមួយ ប៉ុន្តែមិនមែនទៅម្នាក់ឯងទេ គឺទៅជារបៀបការងារ ប៉ុន្តែមកពីអ្នកនាងឈិន សុធារី យល់ច្រលំទើបបណ្ដាលអោយមានការចោទប្រកាន់មួយឡើយ។ នាងនិយាយថា «ខ្ញុំគោរពលោកសុវណ្ណ មករា ដូចមេម្នាក់ចឹង ព្រោះគាត់ជាហៅខ្ញុំថតកុន (ថៅកែកុន) ខ្ញុំដឹងថាមុនពេលច្រលំហ្នឹង បងមករាគាត់ឧស្សាហ៍ពិភាក្សារឿងអត់សប្បាយចិត្តជាមួយខ្ញុំ ហើយខ្ញុំក៏ផ្ដល់យោបល់អោយគាត់ ក្នុងនាមគោរពគាត់ គឺអត់មានដល់ថ្នាក់ពាក់ព័ន្ធគ្នាលើសនឹងទេ!»។ នាងថាខ្លួនមានអ្នកស្រឡាញ់រួចហើយ ដោយបុរសជាសង្សារនោះ ក៏ជាមនុស្សតែម្នាក់ដែលនាងស្រឡាញ់មិនតិចជាងច្រើនឆ្នាំនោះដែរ ដោយមិនមានហេតុផលណាមួយ ដែលសុខចិត្តទៅស្រឡាញ់លោកសុវណ្ណ មករា ដែលមានទាំងភរិយានោះទេ។ នាងនិយាយថា«តំាងពីមានរឿងហ្នឹងមក ខ្ញុំនិងសង្សារខ្ញុំមើលមុខគ្នាលែងចំហើយ! គាត់គិតថាអ្វីដែលបងឈិន សុធារី គាត់លើកឡើងហ្នឹងជាការពិត តែខ្ញុំចង់ប្រាប់ថារវាងខ្ញុំ និងបងមករា គឺ មេ និងកូនចៅសុទ្ធសាធ!»។

តារាសម្ដែងឌី លីណា បញ្ជាក់ថាសង្សារ របស់នាងគឺជាមន្ត្រីនៅក្នុងក្រសួងមួយ ហើយបើនិយាយពីភាពកក់ក្ដៅក៏បុរសម្នាក់ នោះបានផ្ដល់អោយនាងច្រើនដែរ គឺមិនអាចដល់ថ្នាក់ជំរុញអោយនាងទៅចាប់លោក សុវណ្ណ មករា ដែលមានទាំងប្រពន្ធ និងមានទាំងកូននោះទេ។ យ៉ាងណាមិញ នាងថាមកទល់ពេលនេះ រវាងនាង និងឈិន សុធារី បានសម្រុះសម្រួលគ្នាហើយ បន្ទាប់ពី ឈិន សុធារី បើកឱកាសអោយនាង និងលោកសុវណ្ណ មករា ធ្វើការពន្យល់ព្រមគ្នា ហើយលោកសុវណ្ណ មករា ក៏សន្យាឈប់ដើរចោលផ្ទះ ដើម្បីកុំអោយឈិន សុធារី បន្តយល់ច្រលំ។ នាងនិយាយថា«ខ្ញុំអត់ដឹងថាមិច ប៉ុន្តែអោយតែបាត់បងមករា គាត់(ឈិន សុធារី) ខលក៏ឡូឡាដាក់ខ្ញុំរហូត ទាំងខ្ញុំអត់បានដឹង តែខ្ញុំអត់ខឹងនឹងគាត់ទេ ព្រោះធ្វើមិចគាត់ស្រឡាញ់ប្ដីពេក តែខ្ញុំក៏អរគុណគាត់ដែរដែលក្រោយពេលខ្ញុំបកស្រាយ គាត់យល់ហើយគាត់ឈប់ទាំងចោទមកលើខ្ញុំ និងបងមករា!»។ នាងថាជម្លោះជាមួយនឹងឈិន សុធារី ត្រូវបានបញ្ចប់ហើយ ប៉ុន្តែអ្វីដែលនាងនៅខ្វល់គឺរឿងសង្សារជាមន្ត្រីរាជការ របស់នាងមិនទាន់ជឿថាអ្វីដែលបានកើតឡើង ជារឿងយល់ច្រលំ។

មិនខុសគ្នាដែរ ឈិន សុធារី បានអះអាងថា រវាងអ្នកនាង និងតារាសម្ដែងឌី លីណា ពិតជាបានបញ្ចប់មែន បន្ទាប់ពីនាង និងលោកសុវណ្ណ មករា បកស្រាយ ហើយសន្យាមិនធ្វើអោយអ្នកនាង មានការយល់ច្រលំណាមួយ។ អ្នកនាក៏បានប្រកាសថានឹងរាប់អានកញ្ញា ឌី លីណា ធ្វើជាប្អូនធម៌ម្នាក់ បន្ទាប់ពីបានជម្រះមន្ទិលរាងខ្លួន អោយអ្នកនាងអស់មន្ទិលនោះផងដែរ។

គួរបញ្ជាក់ថាឌី លីណា គឺជាតារសម្ដែងដែលមានស្នាដៃជាច្រើនដូចជារឿង «កូនស្រីអ្នកនេសាទ» រឿង«ឋានសួគ៌វណ្ណៈ» របស់ប៉ុស្ដិ៍លេខ៥ រឿង«សម្បត្តិបុរស» រឿង«បញ្ចប់ស្នេហ៍ត្រឹមអូន» និងរឿងមួយចំនួនទៀត។ ប៉ុន្តែតារាស្រីវ័យ២៥ឆ្នាំរូបនេះ បែរជាត្រូវគេស្គាល់ក្រោមព័ត៌មានផ្ទុះជម្លោះស្នេហ៍ជាមួយនឹងឈិន សុធារីទៅវិញ។ យ៉ាងណាមិញ នាងក៏បានលាងចម្រះចំពោះអ្វីដែលបានកើតឡើងផងដែរ ខណៈដែលឈិន សុធារី ក៏បញ្ជាក់ស្របគ្នា៕

មតិយោបល់