ស្របពេលដែលខ្សែភាពយន្ត «អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ» ប្រកាសថតជាផ្លូវការនោះ ចាងហ្វាងវ័យក្មេងផលិតកម្ម BKS លោក ឈុន សុវណ្ណភក្តី បានបាត់កាបូបលុយ កាលពីរាត្រីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីចេញហូបអាហារនៅកោះពេជ្រ។
លោក ឈុន សុវណ្ណភក្តី បានថ្លែងប្រាប់តាមរយៈទូរស័ព្ទឲ្យដឹងថា មុនដំបូងលោកបានទៅហូបអាហារនៅកោះពេជ្រ ជាមួយម្ចាស់ស្ពន់ស័រ (Sponsor) ដោយនិយាយត្រូវរ៉ូវគ្នាហើយ លោកក៏បានចេញពីកោះពេជ្រប្រហែលម៉ោង១០ ប៉ុន្តែមិនដឹងថា កាបូបលុយរបស់លោក បានជ្រុះបាត់ពីពេលណានោះទេ ដោយក្នុងនោះមានទឹកប្រាក់ចំនួន ៨០០ ដុល្លារអាម៉េរិក។
ចាងហ្វាងផលិតកម្មខាងលើបានបន្តថា ក្នុងកាបូបនោះ ក្រៅពីលុយនៅមាន ពែកមីឡាន កាតធានាគារ អត្តសញ្ញាណបណ្ណ ហើយក្រោយបាត់មានបុរសម្នាក់បានរើសបាន ហើយយករបស់របរលោក ទៅបញ្ចាំ តែសំណាងល្អហើយ ដែលខាងអ្នកបញ្ចាំនោះ បានស្គាល់ និងបានខលឲ្យលោកយកកាបូបវិញ តែលុយត្រូវបានបុរសនោះ យកទៅបាត់។ លោក បានចាត់ទុកការបាត់ថវិកា នេះជាការរំដោះគ្រោះ អ្វីដែលសំខាន់មិនបានត់បង់ឯកសារក្នុងកាបូប។
ដោយឡែកលោក ឈុន ឡាត់ ដែលត្រូវជាឪពុកលោក ភក្តី បានអះអាងថា លោកមិនបានស្តីបន្ទោសលើកូននោះទេ ព្រោះគាត់ធំហើយ មានតែការលើកទឹកចិត្ត ឲ្យថវិកាបន្ថែម ដើម្បីឲ្យគាត់មានស្មារតី ផលិតខ្សែភាពយន្តមួយនេះឡើង ឲ្យជោគជ័យ ដើម្បីវាយលុកទីផ្សារភាពយន្តខាងមុខ ។
បញ្ជាក់ផងដែរថា ខ្សែភាពយន្ត «អាស្ទើរទឹក ប៉ះខ្មោចបែកស្លុយ» នេះមានតារាល្បីចូលរួមថត ក្នុងនោះមាន នាយគ្រឿន នាយចឺម នាងខ្ញុង កញ្ញា ពៅ លីដា និង តារាប្រុសស្រី ល្បីៗ ជាច្រើនទៀត ដែលចាយទុន ជាង ៦ម៉ឺនដុល្លារអាម៉េរិក៕
មតិយោបល់