បន្ទាប់ពីបាត់មុខក្នុងវិថីសិល្បៈជិត ៤ឆ្នាំ Vj Hana បានប្រកាសចូលប្រឡូក្នុងវិថីសិល្បៈវិញ យ៉ាងតក់ក្រហល់បំផុត បន្ទាប់ពីត្រូវបានគេអញ្ជើញឲ្យថតស្ពត និងសំអាងការជាច្រើននោះ ។
តារាស្រីមកពីខេត្តក្រចេះរូបនេះ កន្លងមកធ្លាប់បានបង្ហាញវត្តមានថតស្ពតខោអាវ ស្ពតសំអាងការ និង ទឹកត្រី ជាដើម ហើយក៏ត្រូវបានគេអញ្ជើញឲ្យថតការសម្តែងកាយវិការខារ៉ាអូខេផងដែរ។
Vj Hana បានប្រាប់ Post News ឲ្យដឹងថា ការប្រកាសចូលវិថីសិល្បៈយ៉ាងតក់ក្រហល់នេះ ក៏ព្រោះតែមានអ្នកហៅថតស្ពត ច្រើនពេក រួមទាំងការថតស្ពតសំអាងការ ផលិតផល ការដើរម៉ូត ជាពិសេសការថតកាយវិការខារ៉ាអូខេតែម្តង ដែលជាហេតុផលមួយមិនដាច់ចិត្តពីវិថីសិល្បៈ ក៏វិលវិញ ក្នុងន័យចូលបម្រើអារម្មណ៍ទស្សនិកជន និងចូលរួមលើកស្ទួយវិថីសិល្បៈ ។
តារាស្រីមានសាច់សដូចបណ្តូលចេករូបនេះ បានបន្តថា នាងក៏ត្រូវបានផលិតកម្មក្នុងស្រុកមួយអញ្ជើញថត កាយវិការខារ៉ាអូខេ នៅមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ ប៉ុន្តែដោយជាប់ដៃថតស្ពតក្នុងស្រុកនោះ ក៏សូមធ្វើការលុបចោលនូវគម្រោងចេញថតនោះតែម្តងទៅ ។ ទោះបីជាយ៉ាងណា Vj Hana ថានឹងទទួលរាល់ការហៅថតរបស់ផលិតកម្មផ្សេងៗ បើសិនជាហៅនាងថត ដោយមិនប្រកាន់តំណែងតួនោះទេ។
នាងបានបន្ថែមទៀតថា នៅខែកុម្ភៈខាងមុខនេះ នាងក៏ត្រូវស៊ីញ៉េកុងត្រា ជាមួយក្រុមហ៊ុនមួយនៅក្រៅប្រទេស ដើម្បីធ្វើការដើរម៉ូតតាមបណ្តាលខេត្តផ្សេងៗ ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ តែនាងសូមលាក់ឈ្មោះសិនថា ព្រឹត្តិការណ៍នោះ ជាព្រឹត្តិការណ៍អ្វីនោះ ៕
មតិយោបល់