ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង«វិកលចរឹត» ដាក់បញ្ចាំង៣ខេត្តជាថ្មី

យោងតាមផេករបស់ផលិតកម្មមាតុចក្រ ខ្សែរឿង«វិកលចរឹត»ដែលធ្លាប់កញ្ជ្រោលអារម្មណ៍មហាជនមួយខ្យល់មុន សម្រេចដាក់បញ្ចាំងជាថ្មីវិញហើយដោយការត្រលប់មកលើកនេះ គឺសម្រាប់តែខេត្តបីប៉ុណ្ណោះ។

អ្វីដែលគេកត់សម្គាល់គឺម្ចាស់ផលិតកម្មដែលត្រូវគេស្គាល់ថាមានតែកង់កីឡាធ្វើដំណើរនោះ បានទាំងជិះកង់ដើរចែកខិតប័ណ្ណដោយខ្លួនឯងផង ដោយលោកប្រកាសថាព្រោះតែគ្មានលុយកាក់ជួលឡាន ឬក្រុមការងារអោយឃោសនា។

លោក ហ៊ុយ យ៉ាឡេង ផលិតកររឿង«វិកលចរឹត»បានអះអាងថាបើទោះជារឿងមួយនេះត្រូវបានមហាជនជួយទៅទិញសំបុត្រមើលយ៉ាងភ្លូកទឹកភ្លូកដីនាពេលដាក់បញ្ចាំង តែលោកទទួលបានតែដើមដែលខ្ចីគេផលិតតែប៉ុណ្ណោះ ដោយសារតែប៉ុន្មានថ្ងៃដំបូងអត់មានទស្សនា ហើយដល់ពេលគេផ្អើលចំពេលរោងកុនបន្ថយម៉ោងបញ្ចាំងព្រោះតែមានរឿងបរទេសល្អៗ និងរឿង«កំណត់ហេតុនាងនាថ»ដែលផ្ទុះបុកគ្នាបាត់ទៅហើយ។

លោកថាក្រោយការរួចដើម ខ្លួនទទួលបានតែជាង៣ពាន់ម្នាក់ជាមួយនឹងក្រុមផលិតប៉ុណ្ណោះ តែលោកចាត់ទុកថាជោគជ័យ។ លោកបានសម្រេចចិត្តដាក់បញ្ចាំងរឿងនេះជាថ្មីចាប់ពីថ្ងៃទី១១ កុម្ភៈតទៅ ដោយនៅខេត្តបាត់ដំបងបញ្ចាំងពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ កុម្ភៈ ខេត្តកំពង់ចាមពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ នៅរោងKL3D និងខេត្តបន្ទាយមានជ័យនឹងចាក់បន្តពីថ្ងៃទី២៤ ដល់ទី២៨កុម្ភ:។

យ៉ាងណាមិញ លោកថាមិនមានទំនុកចិត្តសម្រាប់ការចំណេញច្រើននោះទេ ដោយសារតែពេលកន្លងមកលោកធ្លាប់យករឿងរបស់លោកដែលបានផលិតដូចជារឿង«អាកុកអាច្រវ៉ា» និងរឿង«អាព្រឿងងាប់ហើយ» ទៅបញ្ចាំងទាំង៣ខេត្តនោះផងដែរ តែមួយខេត្តខាតពីជាងមួយពាន់ ទៅជាង៣ពាន់ដុល្លារដោយសារតែការចាត់ចែងផ្សព្វផ្សាយជាទ្រង់ទ្រាយសមរម្យ។

អ៊ីចឹងទើបការដាក់បញ្ចាំងរឿង«វិកលចរឹត»លើកនេះ លោកសម្រេចជិះកង់ចែកខិតប័ណ្ណដោយខ្លួនឯង ដោយលោកបញ្ជាក់ថាបើសិនជាខ្វះការគាំទ្រក៏បង់ត្រឹមតែកម្លាំង។ លោកថារឿងនេះបើកឆាកនៅខេត្តបាត់ដំបង ដោយលោករំពឹងនឹងទាក់ទាញយុវវ័យច្រើនចាប់ពីព្រឹកថ្ងៃទី១១ កុម្ភៈ ដោយសារតែត្រូវចំចំណាយបុណ្យនៃក្ដីស្រឡាញ់៕





មតិយោបល់