ព័ត៌មានសិល្បៈ និងកម្សាន្ត

ពៅ លីដា បដិសេធមានហ៊ុនក្នុងភោជនីយដ្ឋានហេងហេង២

ក្នុងពិធីបើកសម្ពោធភោជនីយដ្ឋានហេងហេង២ នៅទល់មុខភោជនីដ្ឋានវីហ្វ្រេនបឹងត្របែក គេកត់សម្គាល់ថាមានតែតារាសម្ដែងកញ្ញា ពៅ លីដា ម្នាក់ប៉ុណ្ណោះដែលខ្នះខ្នែងខុសប្លែកពីតារាសិល្បៈផ្សេងទៀត ដែលបង្ហាញមុខជាភ្ញៀវកិត្តិយសនាយប់ថ្ងៃទី១២ កុម្ភៈ ។

ក្រៅពីប្រកូកប្រកាសអញ្ជើញតារាសិល្បៈ អោយចូលរួមធ្វើជាភ្ញៀវកិត្តិយស នាងក៏ត្រូវគេឃើញកាន់ក្បាលមេក្រូឡើង ឃោសនាពីសេវាកម្មដោយផ្ទាល់ និងប្រើប្រព័ន្ធហ្វេសប៊ុកផ្សព្វផ្សាយពីភោជនីយដ្ឋានថ្មីនេះដែរ ដោយសកម្មភាពរបស់នាងគឺមិនខុសពីអ្នកមាន ចំណែកទទួលផលប្រយោជន៍។ យ៉ាងណាមិញ នាងបែរជាអះអាងថាខ្លួន មិនមានហ៊ុនសូម្បីមួយ ចំណែកជាមួយហាងនេះ។

ពៅ លីដា បានថ្លែងក្នុងពិធីបើកសម្ពោធថា ដោយសារតែនាងគោរពស្រលាញ់រាប់អានជាមួយម្ចាស់ភោជនីយដ្ឋានហេងហេងរហូតដល់មានទំនាក់ទំនងមិនខុសពីមីង និងក្មួយ ទើបនាងសម្រេចចិត្តបង្ហាញខ្លួន ធ្វើជាភ្ញៀវកិត្តិយស ហើយថែមទាំងជួយផ្សព្វផ្សាយ ដើម្បីអោយភោជនីយដ្ឋានមួយនេះ ទទួលបានការចាប់អារម្មណ៍ក្រោយការបើកសម្ពោធ។ នាងថានេះជាភោជនីយដ្ឋានថ្មីរបស់ហេងហេង ដែលនាងស្ម័គ្រចិត្តឃោសនាអោយអស់ពីលទ្ធភាព ជាពិសេសសម្រាប់អ្នកមានចំណូលចិត្តលើសាច់អាំង និងអាហារសមុទ្រ។ តែនាងថាក្រៅពីមិនមានភាគរយ ក៏មិនទទួលបានផលប្រយោជន៍ណាមួយពីថៅកែហាងនោះដែរ។ នាងថារវាងខ្លួន និងម្ចាស់ហាងអាចហៅថាមានទំនាក់ទំនងជិតស្និទ្ធិ ប៉ុន្តែមិនមានទំនាក់ទំនងស៊ីជម្រៅណាមួយ លើសពីការរាប់អាននោះទេ ថ្វីដ្បិតថានាងចេញមុខចេញមាត់ឃោសនា អោយយ៉ាងពេញទំហឹង រហូតធ្វើអោយតារាសិល្បៈមួយចំនួន សង្ស័យពីទំនាក់ទំនងរបស់នាង ជាមួយគ្រួសាររបស់ថៅកែក៏ដោយ។ នាងថាភោជនីយដ្ឋានមិនមែនជាចំណូលចិត្តរបស់ខ្លួននោះទេ ទើបនាងមិនមានគម្រោងសុំអោយម្ចាស់ហាងមួយនេះ ជ្រោមជ្រែងអោយនាងមានភោជនីយដ្ឋាននាថ្ងៃអនាគត។

ក្នុងពិធីសម្ពោធហាងហេងហេង២ ដែលគេឃើញវត្តមានពៅ លីដា ចេញមុខយ៉ាងពេញទំហឹងនោះ មានការអញ្ជើញពីសំណាក់តារាសិល្បៈដូចជាលោក ម៉ៅ ហាជី លោកខេន វណ្ណាថាត និងលោកទេព រិទ្ធីនី ពិធីករប៉ុស្ដិ៍លេខ៣ លោកស្រេង ប៉េងទី លោកយូឌីស្កូ កញ្ញាសូ អែនណា តារាសម្ដែង និងតារាក្មេងៗជាច្រើនទៀត៕

មតិយោបល់