ចាត់ទុកថាជារឿងគួរអោយកោតសរសើរដែលតារាចម្រៀង និងជាតារាសម្ដែង លោក បញ្ញា សិទ្ធិ ត្រូវបានក្រុមការងារប្រទេសថៃតាមរយៈទូរទស្សន៍PNN ជ្រើសអោយក្លាយជាតារាប្រចាំកម្ពុជា ដើម្បីទៅរស់នៅ និងដើម្បីហ្វឹកហាត់ការសម្ដែងនៅប្រទេសថៃរហូតដល់រយៈពេល៥ឆ្នាំ។ ព័ត៌មានត្រូវបានទម្លាយចេញពីចង្កោមអ្នកសិល្បៈ និងបានទទួលស្គាល់ដោយសាមីខ្លួនផ្ទាល់។
ឆ្លើយតបនឹងទម្លាយចេញ លោកបញ្ញា សិទ្ធិ បានអះអាងថាលោកពិតជាត្រូវចាកចេញពីប្រទេសកម្ពុជានៅដើមខែមីនាខាងមុខនេះ ដើម្បីទៅរស់នៅប្រទេសថៃរយៈពេល៥ឆ្នាំមែន បន្ទាប់ពីខាងផលិតករថៃពេញចិត្តសមត្ថភាពរបស់លោក ហើយសម្រេចជ្រើសលោកយកទៅបង្វឹកនៅទៅនោះដើម្បីអោយអោយសម្ដែងកុនជាមួយតារាថៃ។ លោកថាផ្អែកតាមកុងត្រាភាគីថៃនឹងរ៉ាប់រងការរស់នៅរបស់លោកពេញរយៈពេលឆ្នាំ ដើម្បីអោយលោកហ្វឹកហាត់សម្ដែង និងចេញថតរឿងជាមួយតារាថៃ ក្នុងនាមជាតារាទៅពីប្រទេសកម្ពុជា។
លោកថានេះជាគម្រោងផលិតរឿងរួមគ្នា ដែលមានតារាខ្មែរ និងថៃសម្ដែងប៉ះគ្នា ដោយខាងផលិតករថៃតម្រូវអោយលោក និងតារា២រូបទៀតដែលម្នាក់ជាពិធីការិនីរបស់ PNN ទៅហ្វឹកហាត់ជំនាញអោយបានស្ទាត់សិន ទើបអោយសម្ដែងរឿងជាមួយថៃ។ លោកចាត់ទុកគឺជាមោទនភាពធំមួយ ដែលលោកទើបតែបានត្រលប់មកពីសម្ដែងនៅប្រទេសអូស្រ្តាលី ប៉ុន្តែបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាមិនបានមួយខ្យល់ផង ក៏ត្រូវផលិតករពេញចិត្តអោយចុះកុងត្រាទៅរស់នៅទីនោះ៥ឆ្នាំ ដើម្បីបង្វឹកជំនាញផង និងសម្ដែងរឿងជាមួយផលិតករថៃផង។
លោកសម្ដែងអារម្មណ៍សោកស្ដាយដែលត្រូវបាត់មុខពីប្រទេសកម្ពុជាក្នុងរយៈពេលយូរ ប៉ុន្តែលោកថាក្នុងរយៈពេលបាត់មុខនោះ ក៏នឹងរំលេចស្នាដៃធ្វើអោយអ្នកគាំទ្រកម្ពុជាមានការទទួលស្គាល់ ជាមួយនឹងឱកាសដ៏កម្រនេះដែរ។ លោកថាខ្លួនមានក្ដីស្រម៉ៃចង់សម្ដែងជាមួយតារាបរទេសយូរមកកហើយ ទើបចាត់ទុកថានេះជាសំណាងធំមួយដែលលោកត្រូវផលិតករថៃសំឡឹងឃើញ។
នៅថ្ងៃ២៥ កុម្ភៈ នេះ លោកត្រូវបានគេប្រកាសថានឹងសម្ដែងក្នុងវេទិកាប្រគំតន្ត្រីរបស់តារាថៃលោកជេម ជីរ៉ាយុ ដោយក្នុងពេលទៅដល់ប្រទេសថៃក៏មានគម្រោងសម្ដែងច្រៀងរាំ បន្ថែមពីលើការសម្ដែងភាពយន្តជាមួយតារាថៃផងដែរ។ យ៉ាងណាមិញ លោកថាខ្លួននឹងឡើងចុះប្រទេសកម្ពុជា នៅពេលសកម្មភាពហ្វឹកហាត់ និងការសម្ដែងជាមួយតារាថៃរយាលអាចដកខ្លួនបាន ដោយសារតែប្រទេសថៃ និងកម្ពុជាក៏មិនឆ្ងាយពីគ្នា។
គួរបញ្ជាក់ថា លោកបញ្ញា សិទ្ធិ ក៏មានក្រុមចម្រៀងផ្ទាល់ខ្លួនមួយផងដែរ ដោយលោកប្រកាសថាបើទោះជាលោកចាកចេញទៅថៃក៏ក្រុមចម្រៀងនោះតែដំណើរការ ដោយសារតែសមាជិកសុទ្ធតែមានសមត្ថភាពក្រោយការពង្រឹងរបស់លោករួចទៅហើយ៕
មតិយោបល់