ម៉ាទ្បេស៊ីៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃអាទិត្យ បាននិយាយថា លោកគីម ជុងណាម បានស្លាប់ក្នុងរយៈពេល ២០ នាទី បន្ទាប់ការវាយប្រហារ ដោយបានទទួលរងនូវការឈឺចាប់ខ្លាំង មុននិងសរីរាង្គនៃរាងកាយទាំងមូលរបស់គាត់ឈប់ដំណើរការ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងសន្និសីទមួយ កាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក S Subramaniam បានប្រាប់អ្នកកាសែតថា តាមរយៈការធ្វើកោសល្យវិច័យ បូករួមនឹងរបាយការណ៍របស់ប៉ូលិស បានបង្ហាញថា
បងប្រុសម្តាយទីទៃរបស់ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្លាប់ ដោយពុលសារធាតុគីមី មហាពុលបំផុតឈ្មោះ VX ដែលជាពពួកអាវុធគីមីមួយដ៏សាហាវ។ អាវុធគីមួយនេះ មានកម្លាំងពុលខ្លាំង គ្មានប្រៀបឡើយ ខ្លាំងលើអាវុធគីមី ដែលរបបដឹកនាំស៊ីរីធ្លាប់ប្រើកាលពីឆ្នាំ២០១៣ទៅទៀត។
តាមរយៈវីដេអូ CCTV បានបង្ហាញពីសកម្មភាពធ្វើឃាតស្ត្រីពីរនាក់ ដែលឃើញពួកគេបានយករបស់អ្វីមួយ រុញចូលទៅលើមុខរបស់លោក គីម។ ក្នុងឈុតក្រោយមកទៀត លោកគីម បានស្នើសុំការជួយ ពីមន្រ្តីព្រលានយន្តហោះ ដើម្បីទៅពេទ្យ ហើយគាត់បានត្រដុសភ្នែក និងជំពប់ជើងដួល ពេលដែលគាត់ចូលគ្លីនិកព្រលានយន្តហោះ។
លោក Subramaniam បាននិយាយថា « លោក គីម បានដួលសន្លប់ នៅក្នុងគ្លីនិក និងបានស្លាប់នៅក្នុងរថយន្តសង្គ្រោះបន្ទាន់ផងដែរ »។
លោក បានបន្ថែមទៀតថា « គិតចាប់ពីពេលវេលានៃការចាប់ផ្តើម ការវាយប្រហារនោះ គាត់បានស្លាប់ក្នុងរយៈពេលចន្លោះពី ១៥ ទៅ ២០ នាទីប៉ុណ្ណោះ»៕
មតិយោបល់