យ៉ាងហោចអ្នកទស្សនាដល់ខ្ទង់ពាន់នាក់ ត្រូវគេឃើញប្រមូលផ្ដុំគ្នាយ៉ាងណែនតាន់តាប់នៅក្នុងវិទ្យាល័យហ៊ុនសែនសេរីភាពស្ថិតក្នុងកណ្ដាលក្រុងតាខ្មៅ នៅក្នុងព្រឹត្តិការណ៍តន្ត្រីលើកំរាលព្រំក្រហម ដែលត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍លើកទី២របស់គ្រួសារតារាកម្ពុជា បន្ទាប់ពីបានធ្វើឡើងនៅសាកលវិទ្យាល័យន័រតុនកាលពីឆ្នាំមុន។ នេះជាព្រឹត្តិការណ៍ច្រៀងរាំ និងដើរកាត់កំរាលព្រំ រួមជាមួយក្រុមដំបូលតែ១ ដើម្បីរ៉ៃអង្គាសថវិកាជួយដល់គន្ធបុប្ផា និងកុមារកំព្រាមួយក្រុម។
ស្ថាបនិកគ្រួសារតារាកម្ពុជា បានបង្ហាញពីការរំភើបចិត្តដែលព្រឹត្តិការណ៍ដើរលើកំរាលព្រំ និងច្រៀងរាំមួយនេះ ទទួលបានជោគជ័យហួសពីការស្មាន ដោយសារតែមានវត្តមានតារាល្បីៗរបស់ក្រុមចូលរួមយ៉ាងច្រើនកុះករ ហើយច្រៀងរាំដោយគ្មានការរើសអើង បើទោះមិនទទួលបានប្រាក់កម្រៃ។ យ៉ាងណាមិញ លោកបានបង្ហាញអារម្មណ៍ខកចិត្តដោយសារតែអ្នកទស្សនាមានសភាពកកក្ដាំងខ្លាំងពេក ដែលមិនអាចអោយតារាសិល្បៈដែលមានគម្រោងច្រៀងរាំនៅលើកំរាលព្រំ។ លោកថានេះជាព្រឹត្តិការណ៍កំរាលព្រំរបស់គ្រួសារតារាកម្ពុជា ដែលតាមគម្រោងគឺនឹងធ្វើជាទ្រង់ទ្រាយតូច និងជាត្រង់ទ្រាយធំយ៉ាងហោចមួយលើក ដើម្បីរំលេចសកម្មភាពក្រុម និងដើម្បីជួយរៃអង្គាសថវិកាជួយដល់សង្គម។ យ៉ាងណាមិញ លោកថាក្រុមដំបូលតែមួយ ដែលជាម្ចាស់កម្មវិធី នៅមិនទាន់ផ្ដល់ដំណឹងពីចំនួនថវិកាដែលបានទទួលពីការប្រគំតន្ត្រីនេះនៅឡើយទេ។ លោកថាថវិកាដែលបានពីការផ្ញើកង់ផ្ញើម៉ូតូ ពីការលក់ដូរទំនិញរបស់ក្មេងៗនៅក្នុងសាលា មិនត្រូវបានយកមកចំណាយនៅក្នុងកម្មវិធីទាំងអស់។ ក្នុងនោះគ្រួសារតារាកម្ពុជាមិនមែនផ្គត់ផ្គង់តែលើផ្ដល់តារាសិល្បៈអោយចូលរួមប៉ុណ្ណោះទេ ប៉ុន្តែក៏បានរាប់រងរឿងឆាកតន្ត្រី និងការចាត់ចែងនៅក្នុងកម្មវិធីទាំងមូល តាមរយៈការឧបត្ថម្ភពីដៃគូផ្សេងៗ។
តារាសិល្បៈដែលបានចូលរួមដើរកាត់កំរាលព្រំកហម និងច្រៀងរាំនាថ្ងៃនោះ រួមមានកញ្ញាទេព បូព្រឹក្ស កញ្ញាផន លីដា អ្នកនាងស៊ុន ណារីម៉ូនីកា កញ្ញាស្រីពៅមុខឈើ នាយព្រែក កញ្ញាពេជ្រ អាវីហ្សា លោកចន អេឡិចហ្សូរ៉ា និងតារាចាស់ថ្មីសរុបជាង៤០រូបមកពីគ្រួសារតារាកម្ពុជា ៕
https://www.youtube.com/watch?v=BNT657h1nzo&feature=youtu.be
មតិយោបល់