ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រាសាទ ដាវីន ស៊ិចស៊ីម៉ាទំហឹង!

ខុសពីអតីតកាលដែលមានទម្លាប់ស្រគត់ស្រគំ តារាម៉ូដែល និងជាអតីតតារាសម្ដែងដែលធ្លាប់ពើបប្រទះនឹងរឿងរ៉ាវត្រូវគេយកគ្រាប់បែកទៅបង្កៃដល់មុខផ្ទះរហូតគេចទៅដល់អូស្រ្តាលី នោះ កាន់តែស៊ិចស៊ីប្លែក។ នៅលើហ្វេសប៊ុក នាងត្រូវគេឃើញបញ្ចេញសាច់ដើមទ្រូង ក្បាលពោះ និងរន្ធផ្សិតធ្វើអោយអ្នកតាមដាននៅលើហ្វេសប៊ុកហៀរទឹកមាត់ស្ទើររាល់ថ្ងៃ ដោយមិនខ្លាចក្រសែភ្នែករិះគន់ពីក្រុមអភិរក្សប្រពៃណីមួយចំនួននោះឡើយ។

ក្នុងពេលបង្ហាញខ្លួននៅស្រុកកំណើត ប្រាសាទ ដាវីន បានអះអាងថានាងមិនយល់ថាការថតបង្ហោះរូបភាពស៊ិចស៊ីគឺជាការប៉ះពាល់ក្នុងពេលដែលនាងបានក្លាយជាពលរដ្ឋម្នាក់នៅអូស្រ្តាលីនោះទេ ផ្ទុយទៅវិញអ្នកនាងថានោះគឺជាស្ទីលដែលនាងសប្បាយចិត្ត និងមិនមែនហួសហេតុ។ នាងថាមានរូបរាងស្អាតត្រូវតែបញ្ចេញ ជាពិសេសដើម្បីបង្ហាញពីលទ្ធផលក្រោយពេលថែរាង និងហាត់ប្រាណជាប់លាប់។ ប្រាសាទ ដាវីន ត្រូវគេឃើញបង្ហាញខ្លួនញឹកញាប់នៅក្នុងប្រទេសថៃនាពេលចុងក្រោយ ដោយនាងបញ្ជាក់ថាគឺជាគម្រោងដើរកម្សាន្តរបស់នាង ជាពិសេសក្រោយពេលឡើងមកលេងស្រុកកំណើតម្ដងៗ។ អ្នកនាងត្រូវគេព្រលយថាមានស្វាមីនៅប្រទេសអូស្រ្តាលី និងមានកូន១រួចហើយ ប៉ុន្តែក្នុងពេលបង្ហាញខ្លួននៅកម្ពុជា អ្នកនាងបានបដិសេធបញ្ជាក់ប្រាប់។ យ៉ាងណាមិញ អ្នកនាងនៅតែអះអាងថាខ្លួននៅទទួលការងារថតម៉ូដ និងសម្ដែងម្ដងម្កាលទាំងនៅអូស្រ្តាលី និងមកម្ដងៗនៅកម្ពុជា ទើបនាងយល់ថាការថតបង្ហាញរូបរាងស៊ិចស៊ីៗម៉ាកប់ៗរបស់ខ្លួននាពេលចុងក្រោយ គឺជារឿងទាក់ទាញកុំអោយមហាជនភ្លេចមុខច្រើនជាង។

ការបង្ហោះរូបភាពស៊ិចស៊ីច្រើនសន្លឹករបស់នាងស្ទើររាល់ថ្ងៃនៅលើហ្វេសប៊ុក ធ្វើអោយមានការរិះគន់ថានាងទទួលយកវប្បធម៌បរទេសមកសាបព្រួស ដែលផ្ទុយពីតារាខ្មែរផ្សេងទៀត ដែលទម្លាប់ស្លៀកហូលផាមួង បង្ហាញពីអត្តសញ្ញាណរបស់ខ្លួននៅលើហ្វេសប៊ុក។ ប៉ុន្តែអ្នកនាងក៏ត្រូវបានគេសរសើរថានៅក្មេងបានយូរ និងមានរូបរាងស្អាតមិនចាញ់កាលមិនទាន់បាត់មុខនៅអូស្រ្តាលីនោះដែរ៕

មតិយោបល់