យោងតាមការប្រកាសក្រុមហ៊ុនពូព្រហ្ម ដែលជាក្រុមហ៊ុនចែកចាយភាពយន្តក្នុងស្រុកល្បីឈ្មោះ បានអះអាងថា ក្រុមហ៊ុននឹងធ្វើការប្ដឹងចំពោះអ្នកទម្លាយ ឬយករឿង«សង្សារខ្ញុំក្រមុំកូនមួយ»ទៅបង្ហោះជាសាធារណៈដោយមិនមានការអនុញ្ញាតិ។ លោកព្រមានអោយដករឿងនោះជាបន្ទាន់ ដោយបានប្រកាសផ្ដល់រង្វាន់ដល់អ្នករាយការណ៍ជុំវិញម្ចាស់ផេកដែលបានយករឿងមួយនេះទៅប្រើជាសាធារណៈនោះផង។
លោក ស៊ុ ស៊ីថែន ម្ចាស់ក្រុមហ៊ុនពូព្រហ្ម បានអះអាងថាភាពយន្តខ្នាតធំរឿង«សង្សារខ្ញុំក្រមុំកូនមួយ»គឺមានតែក្រុមហ៊ុនរបស់លោកប៉ុណ្ណោះដែលបានទទួលសិទ្ធិផ្ដាច់មុខក្នុងការចែកចាយ មិនថាក្នុងការដាក់បញ្ចាំងនៅរោងកុន និងលើប្រព័ន្ធអ៊ីនធឺណិត។ ប៉ុន្តែក្នុងប៉ុន្មានថ្ងៃចុងក្រោយលោកថាមានផេកមួយចំនួនបានយកសាច់រឿងនោះទៅបង្ហោះនៅលើផេករបស់ពួកគេដោយគ្មានការអនុញ្ញាតិ ដែលលោកប្រកាសថាបើមិនដកភាពយន្តនោះចេញ ឬមិនសុំការអនុញ្ញាតិណាមួយទេគឺនឹងប្ដឹងតាមច្បាប់។ លោកថាលោកបានផ្ដល់សិទ្ធិអោយតែក្រុមហ៊ុន២ប៉ុណ្ណោះគឺក្រុមហ៊ុន Jaikon TV និងក្រុមហ៊ុន Soyo មានសិទ្ធិដាក់បង្ហោះរឿងនោះលើផេករបស់ខ្លួន ប៉ុន្តែសម្រាប់បណ្ដាផេកដែលបានបង្ហោះរឿងនោះផ្សេងទៀតគឺខុសច្បាប់ទាំងអស់។ លោកទទូចអោយអ្នកដឹងពីផេកដែលបានបង្ហោះភាពយន្តរឿង«សង្សារខ្ញុំក្រមុំកូនមួយ»រាយការណ៍ជូនក្រុមហ៊ុន ដោយក្រុមហ៊ុនក្រៅពីបិទអត្តសញ្ញាណអោយក៏នឹងផ្ដល់រង្វាន់ផងដែរ។
យ៉ាងណាមិញលោកថាម្ចាស់ផេកដែលបានយករឿងមួយនោះទៅបង្ហោះកន្លងមក គឺមិនមែនដើម្បីផលប្រយោជន៍ណាមួយនោះទេគឺគ្រាន់តែចង់ទាក់ទាញអោយគេLike ផេកច្រើន ងាយស្រួលផ្សព្វផ្សាយព័ត៌មានលក់ផលិតផលប៉ុណ្ណោះ។ លោកថាក្រុមហ៊ុននឹងមានសិទ្ធិប្ដឹងគ្រប់បណ្ដាផេកទាំងនោះ ប្រសិនបើរកឃើញថានៅបន្តប្រើរឿង«សង្សារខ្ញុំក្រមុំកូនមួយ»ដោយមិនព្រមលុបចោល ឬបន្តបង្ហោះក្រោយៗ។ លោកថាកន្លងមកក្រុមហ៊ុនទទួលសិទ្ធិចែកចាយភាពយន្តមិនតិចនោះទេនៅក្នុងប្រទេសកម្ពុជាតែនេះជាករណីទី១ដែលរឿងរបស់លោកទទួលសិទ្ធិផ្ដាច់មុខត្រូវគេយកទៅប្រើដោយគ្មានការអនុញ្ញាតិ។
គួរបញ្ជាក់ថាមុននេះបន្តិចក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្លាប់បានព្រមានពីករណីនេះម្ដងហើយ បន្ទាប់ពីមានការលួចចម្លងស្នាដៃ និងប្រើភាពយន្តដោយមិនសុំការអនុញ្ញាតិរបស់ម្ចាស់ដើមនៅលើផេក ធ្វើអោយមានប្រតិកម្មពីម្ចាស់ដើម។ លោកថាពូព្រហ្មនឹងមានវិធានការតឹងរឹងលើករណីនេះ ដើម្បីកុំអោយម្ចាស់ផេកដែលបន្តលួចស្នាដៃជាកម្មសិទ្ធិបញ្ញារបស់លោក និងផលិតករដទៃបន្តធ្វើរឿងខុសច្បាប់។ ប៉ុន្តែលោកក៏នឹងមិនមានវិធានការណាមួយណាមួយនោះដែរ ប្រសិនបើម្ចាស់ផេកសុខចិត្តលុបវីដេអូចេញដោយគ្មានចម្រូងចម្រាស៕
មតិយោបល់