មីយ៉ាន់ម៉ាៈ ទីភ្នាក់ងារព័ត៌មានក្នុងប្រទេស នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា សាកសពមនុស្ស ២៦ នាក់បន្ថែមទៀត ត្រូវបានរកឃើញ កាលពីថ្ងៃអាទិត្យ ក្រោយពីហេតុការណ៍ ធ្លាក់យន្តហោះយោធាមីយ៉ាន់ម៉ា ដែលមកទល់ពេលនេះ បាននាំមកនូវចំនួនសរុបនៃសាកសពជនរងគ្រោះកើនឡើងដល់ ៥៩ នាក់ហើយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ១២ ខែមិថុនា ឆ្នាំ២០១៧។
មេបញ្ជាការប៉ូលិស បាននិយាយថា «ក្នុងចំណោមសាកសពទាំង ៥៩ នាក់ រួមមានបុរស ២៦ នាក់, ស្ត្រី ២៣ នាក់ , កុមារ ០៩ នាក់ និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។
ដោយសារលក្ខខណ្ឌអាកាសធាតុល្អប្រសើរ កាលពីថ្ងៃអាទិត្យ បានបង្កដល់ភាពងាយស្រួល សម្រាប់ក្រុមជួយសង្គ្រោះ ក្នុងកិច្ចបន្តស្វែងរក នៅឯឆ្នេរសមុទ្រភាគខាងត្បូងប្រទេស។ នៅក្នុងប្រតិបត្តិការនេះ គេឃើញមានវត្តមាន នាវាកងទ័ពជើងទឹកចំនួន ០៩ គ្រឿង, យន្តហោះ ០៥ គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ០២ គ្រឿងនៃកងទ័ពអាកាស ព្រមទាំងនាវាជាច្រើនទៀត ក្នុងតំបន់ផងដែរ ។
សម្រាប់សាកសពដែលទើបរកឃើញទាំងនោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យយោធា នៅតំបន់ Dawei ដើម្បីពិនិត្យ និងធ្វើកោសល្យវិច្ច័យ។
សូមជំរាបថា យន្តហោះដែលធ្លាក់នោះ ប្រភេទដឹកជញ្ជូនធុន Y-8-200F ផលិតឡើងនៅប្រទេសចិន បានបាត់ពីរ៉ាដា អំទ្បុងពេលហោះហើរ នៅរយ:កម្ពស់៥,៤៨៥ ម៉ែត្រ លើផ្ទៃសមុទ្រ Andaman ស្ថិតនៅចម្ងាយប្រហែលជា៧០គីឡូម៉ែត្រ ភាគខាងលិចក្រុង Dawei បន្ទាប់ពីធ្វើហោះចេញពីទីក្រុង Myeik ឆ្ពោះទៅកាន់ទីក្រុងរ៉ង់ហ្គូន។
គួរបញ្ជាក់ដែរថា មកទល់ពេលនេះ ខាងអាជ្ញាធរប៉ូលិស នៅមិនទាន់អាចបង្ហាញភស្តុតាងច្បាស់លាស់ទេថា ការធ្លាក់នៃយន្តហោះនេះ បណ្ដាលមកពីមូលហេតុអ្វីនោះ ដោយវាកំពុងស្ថិតក្រោមការស៊ើបអង្កេត៕
មតិយោបល់