យោងតាមការប្រកាសឲ្យដឹងក្រោយពីសម្រេចចិត្តទទួលយកស្វាមីក្មេងមករួមរស់ជាថ្មី អ្នកនាងស្វែង សុជាតា បញ្ជាក់ថាអ្នកនាង និងប្ដីក្មេងចង់មានមង្គលការមួយ បើទោះជាបានរួមរស់ជាមួយគ្នា និងមានកូនប្រុសម្នាក់ជាចំណងដៃទៅហើយ។
យ៉ាងណាមិញ អ្នកនាងបញ្ជាក់ថាលទ្ធភាពដែលអាចទៅរួចមិនដឹងពេលណានោះទេ បើក្នុងមួយខែអ្នកនាង និងស្វាមីត្រូវចំណាយលុយបង់ថ្លៃផ្ទះបង់រំលោះរហូតដល់មួយខែជិត១០០០ដុល្លារ ដែលធ្វើឲ្យអ្នកនាងទ័លច្រកម្ដងៗ។
អ្នកនាងថាធៀបនឹងតារាល្បីនៅក្នុងពិភពសិល្បៈ អ្នកនាងចាត់ទុកថាខ្លួនឯងនៅក្រ និងមានជីវភាពលំបាកលំបិននៅឡើយ ក្នុងពេលដែលបានផ្ទះនៅតែត្រូវរកលុយបង់រហូតដល់ថ្នាក់លែងមានលុយកាក់ចាយវាយ និងត្រូវលើកដាក់លុយកាក់ពីនេះទៅនោះដោយគ្មានលស់ពេល។ អ្នកនាងថាអត់ដឹងថាស្ថានភាពលំបាករបស់ខ្លួននឹងបន្តអូសបន្លាយដល់ពេលណានោះទេ បើការសម្ដែងដែលអាចឲ្យអ្នកនាងទទួលចំណូលក៏មិនទៀងដូចមុន ហើយតម្រូវការលើការបង់ផ្ទះ គឺបន្ទុកដែលធ្វើឲ្យអ្នកនាង និងស្វាមីត្រូវតែសម្រេចចិត្តចាប់ដៃគ្នាវិញដើម្បីរកលុយ។ អ្នកនាងសម្រេចចិត្តលក់ទ្រព្យរបស់សំខាន់ៗមិនតិចនោះទេក្នុងពេលចំណូលធ្លាក់ចុះ ចាប់តាំងពីបានក្លាយជាម្ចាស់ផ្ទះល្វែងនៅក្នុងបុរីប៉េងហួតផ្លូវជាសុផារ៉ា។ អ្នកនាងប្រកាសថាខ្លួនចង់រៀបការដើម្បីឲ្យមានសិរីសួស្ដីផង និងដើម្បីឲ្យពេញមុខមាត់ក្រោយពេលរួមរស់ជាមួយគ្នាផង ប៉ុន្តែអ្នកនាងមិនដឹងថាដោះស្រាយរបៀបណានោះទេ ក្នុងពេលចំណូលជួនបានត្រឹមតែបង់ផ្ទះ ជួនក៏មិនគ្រាន់ ហើយប៉ះពាល់ដល់ការផ្គត់ផ្គង់ចំពោះកូនៗជាអន្លើ។ អ្នកនាងទទូចឲ្យបណ្ដាផលិតករដែលអ្នកនាងថតកុនឲ្យផ្ដល់ប្រាក់កម្រៃឲ្យអ្នកនាងទៀតទាត់ ដោយសារតែភាពយឺតយ៉ាវបានធ្វើឲ្យអ្នកនាងខាតបង់ក្នុងការបង់ការប្រាក់នៅពេលត្រូវបង់ដល់បុរី ឬដោយសារតែហេតុផលខ្ចីលុយពីអ្នកចងការប្រាក់ទៅបង្វឹល។អ្នកនាងនៅតែប្រកាន់ជំហររៀបការ ដោយសារតែនោះគឺក្ដីសុបិន្តដែលអ្នកនាងចង់បានបើទោះជាអ្នកនាងមានវ័យជ្រេ ហើយស្វាមីដែលអ្នកនាងចង់សំពះផ្ទឹមនោះ គឺស្វាមីដែលអ្នកនាងរួមរស់ជាមួយច្រើនឆ្នាំទៅហើយ។
ជាមួយគ្នានោះ លោកថោង សុខុម ដែលទើបវិលវិញក្រោយការសុំទោស និងឲ្យឪពុកម្ដាយមកស្នើសុំផង បានអះអាងថាមិនដឹងថាគម្រោងរៀបការដែលលោក ក៏ដូចជាភរិយាចង់បាននឹងកើតឡើងឬមិនកើតនោះទេ ក្នុងពេលបន្ទុកលើផ្ទះគឺជាកង្វល់ជារឿងរាល់ថ្ងៃ៕
មតិយោបល់