បើទោះជាបានត្រឡប់មកកាន់អាជីពពិធីការិនីជាថ្មី ក៏តារាសម្ដែងអ្នកនាងលី ម៉ារីណា បានបដិសេធមិនទទួលថតរឿងនោះទេ ដោយសារតែអ្នកនាងក៏មានជំនួញផង និងត្រូវមើលថែកូនប្រុសផង។ ប៉ុន្តែមុននេះបន្តិចអ្នកនាងបានទទួលថតរឿងភាគធំមួយយ៉ាងរំភើយដោយអ្នកនាងប្រាប់ថាដោយសារតែខ្សែភាពយន្តនោះជាស្នាដៃមួយថ្មីរបស់លោកហ្វៃ សំអាង និងជារឿងដែលនិយាយពីអម្បូរពស់ទើបអ្នកនាងសម្រេចចិត្តទទួលថត ដោយខាងស្វាមីក៏មិនជំទាស់ផង។
អ្នកនាងលី ម៉ារីណា និយាយថា ការពិតអ្នកនាងមិនអាចទទួលថតកុនក្នុងរយៈពេលច្រើនៗថ្ងៃដូចពេលមិនទាន់មានស្វាមីនោះទេ ដោយសារតែអ្នកនាងក៏មានកិច្ចការច្រើនដែលត្រូវបំពេញទាំងផ្នែកមេផ្ទះ និងមុខជំនួញ។ អ្នកនាងទើបតែដាច់ចិត្តទទួលថតរឿងដំបូងក្រោយពេលបង្ហាញមុខជាថ្មីប៉ុណ្ណោះ បន្ទាប់ពីបានដឹងថាភាពយន្តដែលអ្នកនាងទទួលថតនោះគឺជារឿងដែលមានតារាជើងចាស់ និងជើងថ្មីយ៉ាងច្រើនកុះករចង់សម្ដែង។ អ្នកនាងថាក្នុងចំណោមភាពយន្តទាំងអស់ដែលបានទាក់ទង អ្នកនាងបានតាំងចិត្តសុំប្ដីឲ្យបានសម្ដែងភ្លាមៗ នៅពេលលោកហ្វៃ សំអាង ដែលជាអ្នកដឹកនាំដោយផ្ទាល់ទាក់ទងឲ្យអ្នកនាងសម្ដែងក្នុងរឿង«កូនពស់កេងកង»។ អ្នកនាងថាក្នុងរឿងនេះ ខ្លួនបានតំណែងជាតួអង្គធំ ហើយដោយសារតែរឿងទាំងមូលនិយាយពីពស់កេងកង និងជាប្រភេទរឿងបុរាណនោះផង ទើបអ្នកនាងទទួលថត ដោយសុខចិត្តទាំងទម្លាក់ចោលនូវការងារដែលមានចំពោះមុខ។
អ្នកនាងថាក្នុងរឿងភាគ«កូនពស់កេងកង»នឹងតម្រូវឲ្យអ្នកនាងចំណាយពេលច្រើនខែដើម្បីចេញថត ហើយបណ្ដាលមកពីអ្នកនាងមានជំនឿចិត្តថានឹងទទួលជោគជ័យ ទើបអ្នកនាងទទួលថត។ យ៉ាងណាមិញ អ្នកនាងថាខ្លួននឹងអាចពិចារណាទទួលថតភាពយន្តបន្តបន្ទាប់ទៀត ប្រសិនបើភាពយន្តនោះមានចំណុចទាក់ទាញដូចគ្នានឹងរឿង«កូនពស់កេងកង»។
យោងតាមការប្រកាសរបស់លោកហ្វៃ សំអាង ភាពយន្តរឿង«កូនពស់កេងកង» នឹងត្រូវបានយកច្នៃជាភាពយន្តភាគដោយក្រៅពីរំលេចសត្វពស់កេងកងតាមលំនាំរឿងបុរាណ ក៏មានរំលេចតួថ្មីគឺតួពស់វែក និងបំបែកសាច់រឿងឲ្យមានរសជាតិថ្មីច្រើនផង ដោយភាពយន្តនេះគឺលោកហ្វៃ សំអាង នឹងដំណើរការចេញថតចាប់ពីអំឡុងខែកក្កដាតទៅ និងគ្រោងដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស។ បើទោះជាដំណើរការចេញថតរឿងនេះ មានល្បឿនយឺតជាងទូរទស្សន៍PNN ដែលប្រកាសដាក់បញ្ចាំងរឿងភាគ«ពស់កេងកង»ដែរ តែលោកហ្វៃ សំអាង នៅតែអះអាងថាមានរសជាតិប្លែកខុសពីទម្រង់រឿង«ពស់កេងកង»ដែលបានផលិតជាភាគរួចហើយនោះ ទើបភាពយន្តថ្មីរបស់លោកនៅតែមានការចាប់អារម្មណ៍ខ្លាំង៕
មតិយោបល់