ព័ត៌មានអន្តរជាតិ

ចំណាប់ខ្មាំងដែលក្រុមសកម្មប្រយុទ្ធអ៊ីស្លាមចាប់ នៅទីក្រុងហ្វីលីពីន ត្រូវបង្ខំធ្វើអ្នកប្រយុទ្ធ, ចោរប្លន់ និង ក្លាយជាទាសករផ្លូវភេទ

ហ្វីលីពីន: កងទ័ពរដ្ឋាភិបាល នៅថ្ងៃអង្គារបាននិយាយថា ជនស៊ីវិលដែលត្រូវចាប់ ជាចំណាប់ខ្មាំង ដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅទីក្រុងភាគខាងត្បូងប្រទេសហ្វីលីពីន ត្រូវបានគេបង្ខំឲ្យធ្វើជាចោរប្លន់តាមផ្ទះសម្បែង រួមទាំងយកអាវុធទៅប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល ព្រមទាំងធ្វើជាទាសករផ្លូវភេទ សម្រាប់ពួកឧទ្ទាមថែមទៀតផង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។

ប្រភពពីអ្នកស្រុក ០៧ នាក់រស់នៅទីក្រុងម៉ារ៉ាវី ដែលបានរត់គេចខ្លួន ឬត្រូវបានជួយសង្គ្រោះដោយពួកយោធា បាននិយាយថា ចំណាប់ខ្មាំងមួយចំនួន ត្រូវបានគេបង្ខំឲ្យធ្វើជាសមាជិករដ្ឋអ៊ីស្លាម ព្រមទាំងបញ្ជាឲ្យយកយុទ្ធជនរងរបួសរបស់ពួកគេទៅវិហារអ៊ីស្លាម និងអ្នកខ្លះទៀតត្រូវរៀបការ ជាមួយពួកសកម្មប្រយុទ្ធក្រុម Maute ដែលស្មោះត្រង់នឹងរដ្ឋអ៊ីស្លាម។

អ្នកនាំពាក្យយោធាលោក Jo-Ar Herrera បានប្រាប់សន្និសីទព័ត៌មានមួយថា «នេះគឺជាអ្វីដែលកំពុងតែកើតមានឡើង នៅខាងក្នុងទីក្រុងម៉ារ៉ាវី ជាមួយនឹងភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់ថា ពួកក្រុមនោះអាក្រក់ខ្លាំងបំផុត» ។

សូមជំរាបថា សាកសពមនុស្សជាច្រើន ត្រូវបានគេទុកចោលនៅតាមដងផ្លូវអស់រយ:ពេលជាច្រើនសប្តាហ៍ ហើយជនស៊ីវិលជាច្រើនផងដែរ ត្រូវបានរងទុក្ខដោយសារការវាយប្រហារ តាមអាកាសជាមួយនឹងការទម្លាក់គ្រាប់បែក រួមទាំងការបាញ់កាំភ្លើងធំរបស់រដ្ឋាភិបាល ដែលផ្នែកមួយដើម្បីបោសសម្អាតពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅក្នុងទីក្រុង៕

មតិយោបល់