ព័ត៌មានសិល្បៈ និងកម្សាន្ត

តម្លៃខ្លួន ឆឹម សក្កដា ឡើងកប់មិនធម្មតា ក្រោយឡើងកូដ

ក្នុងចំណោមតារាជំនាន់ក្រោយដែលបានរះឡើងនៅក្នុងវិស័យភាពយន្តមានការអះអាងថាលោក ឆឹម សក្កដា ដែលជាគូស្នេហ៍របស់អ្នកនាងពេជ្រ សោភា ឡើងថ្លៃមួយគួរឲ្យជឿក្នុងការសម្ដែងមួយរឿង។ ផលិតករជាច្រើនដែលបានទាក់ទងតារារូបនេះឲ្យថតកុនសុទ្ធតែអះអាងថាលោកស៊ីថ្លៃមិនចាញ់តារាជើងចាស់រួមមានលោក អ៊ុន សុធា ខណៈដែលតម្លៃដែលលោកបានកំណត់នោះ ក៏មិនខ្វះផលិតករដណ្ដើមគ្នាយកទៅថតទៅទៀត។

ប្រភពពីផលិតករនៅក្នុងផលិតកម្ម Red Picture បានអះអាងថាតម្លៃខ្លួនរបស់លោកឆឹម សក្កដា មិនដូចតារាសម្ដែងដែលមានឈ្មោះបោះសំឡេងស្រករលោកនោះទេ ដោយសារតែលោកក្រោយពេលឡើងកូដក៏បានប្រកាសតម្លៃថតរឿងតែម្ដង ដោយមិនចេះតែទទួលថតដូចមុន។ ជាក់ស្ដែងក្នុងរឿងដែលផលិតកម្មមួយនេះបានហៅឲ្យសម្ដែងគឺលោកទទួលបានរហូតដល់រង្វង់៤ពាន់ដុល្លារក្នុងពេលដែលលោកក៏មិនមែនជាតួឯកនោះផង។ ផលិតករដដែលនោះទម្លាយថា បើទោះជាលោកឆឹម សក្កដា ដំឡើងតម្លៃខ្លួនបែបនេះ តែក្រុមហ៊ុនរបស់លោកនៅតែទទួលយកដដែលដោយសារតែតម្លៃខ្លួននោះគឺផលិតកម្មមិនចាត់ទុកថាខ្ពស់ហួសហេតុ និងម្យ៉ាងមកពីបណ្ដាស្ថានីយទូរទស្សន៍ដែលតម្រូវឲ្យផលិតកម្ម Red Picture ផលិតឲ្យក៏ត្រូវការតួរបស់តារារូបនេះខានមិនបាន។

អ្នកទម្លាយតម្លៃខ្លួនតារាប្រចាំក្នុងផលិតកម្មនោះនិយាយថា«ក្នុងចំណោមតួក្មេងសាក្រោយ សក្កដា គាត់ស៊ីថ្លៃជាងគេចង់ប្រហាក់ប្រហែលនឹងលោក អ៊ុន សុធា អីហើយ ប៉ុន្តែយើងពេញចិត្តយកគាត់ដោយសារតែគាត់ការងារច្បាស់លាស់»។

ប្រភពពីផលិតករហង្សមាសមួយទៀតបានអះអាងថា ក្នុងចំណោមតារាទាំងអស់ដែលមានឈ្មោះថតរឿង«កូនពស់កេងកង»របស់ទូរទស្សន៍ហង្សមាស គឺលោក ឆឹម សក្កដា ទារបានតម្លៃខ្លួនពីការសម្ដែងរឿងនោះបានខ្ពស់ជាងគេ ដោយមានការអះអាងថាមួយចប់រឿងដែលលោកត្រូវសម្ដែងគឺរហូតដល់ខ្ទង់ច្រើនពាន់ដុល្លារ។

តម្លៃនោះត្រូវបានបង្ហើបថាខ្ពស់ជាងតម្លៃខ្លួនរបស់តួឯកទៅទៀត ខណៈដែលនេះជាទីផ្សារមួយដែលខាងផលិតករបង្ហើបថាជាតម្លៃមួយកប់សម្រាប់តារាស្រុកខ្មែរ។
ឆ្លើយតបនឹងការលើកឡើងខាងលើលោកឆឹម សក្កដា បានបដិសេធបញ្ជាក់ពីតម្លៃខ្លួនដែលលោកថតឲ្យផលិតកម្ម Red Picture និងថតឲ្យហង្សមាស ដោយគ្រាន់តែអះអាងថាតម្លៃខ្លួនរបស់លោកក្នុងមួយរឿងគឺពិតជាស្ថិតក្នុងរង្វង់ពី៣៥០០ដុល្លារ ទៅ៤០០០ដុល្លារក្នុងមួយរឿងប្រាកដមែន។ លោកថាតម្លៃខ្លួនដែលបានកំណត់នេះ គឺដើម្បីអាចឲ្យលោកទទួលបានសមស្របក្រោយពេលឡើងកូដផង និងដើម្បីឲ្យស្មើនឹងតារាល្បីៗឯទៀតផងដែលតារាទាំងនោះក៏សុទ្ធតែមានតម្លៃមិនក្រោមហ្នឹង។

លោកនិយាយថា«ជាទូទៅខ្ញុំថតមួយរឿងត្រឹម៣០ភាគជាងអីទាល់តែ៤ពាន់បានថត តែតម្លៃហ្នឹងអត់ថ្លៃទេ ព្រោះតែតារាសម្ដែងក្រោយខ្ញុំខ្លះគេទារបានប៉ុណ្ណឹងអីដែរហ្នឹង!»។ យ៉ាងណាមិញ តម្លៃខ្លួនជាក់ស្ដែងក៏ស្ថិតលើការចចារផងដែរ ជាពិសេសសម្រាប់ផលិតករដែលមានប្រវត្តិជ្រោមជ្រែងឲ្យលោកមានឈ្មោះបោះសំឡេង៕

មតិយោបល់