ទើបតែបានប្រកាសរកអ្នកស្រឡាញ់មិនទាន់បាត់ក្ដៅផង តារាសម្ដែងកញ្ញា ពីង រ៉ូហ្សា ឡើងកាលីបមកជិះ Lexus GS300 តម្លៃជាង៣ម៉ឺនដុល្លារ ខណៈដែលមានព័ត៌មានខ្សឹបខ្សៀវថា នាងទើបតែមានបុរសទ្រព្យស្ដុកជាប្ដីគេម្នាក់ស្រឡាញ់ពេញចិត្តទិញឲ្យ។ យ៉ាងណាមិញឆ្លើយតបនឹងព័ត៌មាននេះ កញ្ញាប្រកាថាជាលុយញើសឈាមសុទ្ធសាធ និងថាអ្នកចោទថានាងមានប្ដីគេស្រឡាញ់ ទើបមានលុយដូររថយន្ដនោះ គឺដោយសារតែការច្រណែន។
នាងនិយាយថា មុនដូររថតយន្តស៊េរីចុងក្រោយ គឺនាងមានរថយន្តឡិចស៊ីស៤៧០ជិះរួចទៅហើយ ដូច្នេះមិនមានហេតុផលណាមួយដែលនាងគ្រាន់តែប្ដូរពីឡិចស៊ីសចាស់ ហើយទិញរថយន្តថ្មីមិនបាននោះទេ។ ម្យ៉ាងការងារសិល្បៈរបស់នាងនាពេលចុងក្រោយក៏ឡើងទីផ្សារទាំងការសម្ដែង ពិធីការិនី និងថតស្ពតផង ទើបនាងយល់ថាអ្នកគិតថានាងទាល់តែមានអ្នកនេះទិញឲ្យអ្នកនោះទិញឲ្យ គឺជារឿងមិនអាចទទួលយកបាន។ នាងថាការពីរថយន្តចាស់មក រថយន្តថ្មីគឺដើម្បីយកហុងស៊ុយ ដោយសូម្បីតែការទិញចូលកាលពីថ្ងៃទី៤ ខែកក្កដា ក៏កញ្ញាប្រាប់ថា យកចូលផ្ទះឲ្យត្រូវហុងស៊ុយនោះដែរ។
ពីង រ៉ូហ្សា និយាយថានាងសម្រេចចិត្តប្ដូររថយន្តថ្មីជាដោយសារស្រឡាញ់ម៉ូដែលរថយន្តនោះជាយូរមកហើយ និងដោយសារសំអាងថាថវិកាដែលនាងសន្សំបាន ក៏គ្រប់ជាមួយនឹងការបន្ថែមលើការទិញរថយន្តនោះ។
រ៉ូហ្សា ទទួលស្គាល់ថាការប្ដូររថយន្តពី ពីLexus 470 មកជិះLexus GS300 ស៊េរីឆ្នាំ២០០៦ ពណ៌ស ដែលនាងបានទិញ ពិតជាធ្វើឲ្យមានការលេចឮនូវពាក្យចចាមអារ៉ាម ប៉ាតណាប៉ាតណី តែនាងយល់ថាក្នុងនាមជាតារាសិល្បៈ គឺនាងមិនខ្លាចនោះទេ ដោយសារតែនាងគ្រាន់តែថែមប្រមាណជា១ម៉ឺនដុល្លារ ពីរថយន្តចាស់ ដែលចំនួនទឹកប្រាក់មួយនេះ គឺនាងអាចស្រវេស្រវ៉ាបាន ដោយមិនចាំបាច់មានជំនួយពីបុរសណាម្នាក់ដូចការប៉ាន់ស្មាន។ ម្យ៉ាងមកពីនាងអត់មានអ្នកណានៅពីក្រោយនោះផង ទើបនាងយល់ថាចង់អ្នកណាលើកឡើងយ៉ាងម៉េច ក៏នាងមិនខ្វល់។ នាងថា នាងជិះ៤៧០ ជាង៣ឆ្នាំ មកហើយ ហើយស៊ីសាំង ច្រើនពេក ទើបសម្រេចលក់ចេញ និងប្រើGS300 វិញ ហើយមិនអាចគ្រាន់តែរង្វង់១ម៉ឺនដុល្លារ៣ឆ្នាំ ក៏ទាល់តែមានគេជួយនោះទេ។ នាងថាបើបុរសណាម្នាក់ជួយទិញឲ្យមែន នោះនាងនឹងជិះឲ្យឡូយជាងនេះ និងក៏មិនលក់រថយន្តចាស់ដែរ ដើម្បីទុកប្រើឆ្លាស់គ្នា។
គួរបញ្ជាក់ថា ពីង រ៉ូហ្សា ធ្លាប់ជិះនិងប្ដូររថយន្ត៥គ្រឿង មកហើយដូចជាម៉ាកCorolla Lexus RX300 camry បាឡែន Lexus 470 និងទើបប្ដូរមកជិះLexus GS300 ក្នុងពេលដែលទីផ្សារសិល្បៈរបស់ស្ទុះឡើងគួរឲ្យកត់សម្គាល់។ នាងក៏ទើបតែទទួលបានតំណែងក្នុងរឿងភាគ«កូនពស់កេងកង» របស់ហង្សមាសផងដែរ បន្ថែមពីលើភាពយន្តមួយចំនួនទៀត ដែលនាងសម្រុកថត និងខ្លះត្រៀមបញ្ចាំងលើកញ្ចក់ទូរទស្សន៍ និងរោងកុន៕
មតិយោបល់