ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្រីស្អាត ប៊េប៊ី ប្រកាសចូលធ្វើប៉ូលិស!!

ក្នុងពិធីខួបគម្រប់៣ឆ្នាំរបស់ខ្មោចឪពុកកាលពីថ្ងៃទី២៦ តុលា នៅម្ដុំរង្វង់មូលចោមចៅ តារាសម្ដែង និងជាពិធីការិនីកញ្ញា ប៊េបី បានអះអាងថាក្រោយពីនាងរៀនចប់មហាវិទ្យាល័យ នាងនឹងប្រឡងចូលធ្វើប៉ូលិសស្រីឲ្យខានតែបានដោយសារតែ នោះគឺជាក្ដីស្រម៉ៃរបស់នាង និងម្យ៉ាងដោយសារតែនាងក៏មានសាច់ញាតិធ្វើការផ្នែកនោះដែលអាចចង្អុល និងបង្ហាញផ្លូវនាងបាន។ យ៉ាងណាមិញ នាងថាបើទោះជាបានតំណែងប៉ូលិសស្រី ក៏មិនចោលសិល្បៈនោះដែរ ដោយសារតែសិល្បៈគឺជាការប៉ងប្រាថ្នារបស់ខ្មោចឪពុក ហើយអាជីពធ្វើប៉ូលិស គឺជាការចង់បានរបស់នាងតាំងពីតូច។

កញ្ញា ប៊េប៊ី និយាយថាមុនពេលឪពុករបស់នាងដាច់សរសៃឈាមហើយទទួលមរណភាពកាលពី៣ឆ្នាំមុន លោកគឺជាមនុស្សតែម្នាក់ដែលបាននាំផ្លូវឲ្យនាងបានក្លាយជាតារាសិល្បៈ ដោយសារតែលោកគឺជាមិត្តភក្តិជិតស្និទ្ធរបស់ឪពុកម្ដាយ លោកតា វ៉ិចទ័រ ហើយបានស្នើសុំឲ្យលោកតាវ៉ិចទ័រជួយយកនាងចូលសម្ដែងក្នុងក្រុម ដោយលោកតាក៏បានជ្រើសនាងឲ្យសម្ដែងក្នុងឈុតខ្លី និងបានលើកនាងឲ្យធ្វើជាពិធីការិនីផង ទើបនាងមានមុខមានមាត់រហូតមកទល់បច្ចុប្បន្ន ដោយបានទាំងត្រូវទូរទស្សន៍ CTN និង My TV ផលិតកម្មវិធីឲ្យចេញមុខជាហូរហែរ។

នាងថាឪពុកនាងរមែងជម្រុញឲ្យនាងបានក្លាយជាតារាសិល្បៈទាំងលំបាកនៅក្នុងដំណាក់កាលមុនទទួលមរណភាព ប៉ុន្តែពេលដែលនាងប្រឹងប្រែងតស៊ូតាមអ្វីដែលលោកណែនាំរហូតបានសម្រេចលោកបែរជាមានជំងឺដាច់សរសៃឈាមស្លាប់តែមួយប៉ព្រិចភ្នែក ដោយសូម្បីតែនាង និងម្ដាយដោយផ្ទាល់ក៏ត្រៀមចិត្តមិនទាន់ព្រោះតែលោកអត់មានអាការៈធ្ងន់ធ្ងរណាមុនទាល់តែសោះ។

បន្តបន្ទាប់មកម្ដាយរបស់នាងក៏ជាអ្នកជម្រុញឲ្យនាងទទួលបានជោគជ័យនៅក្នុងវិថីសិល្បៈផងដែរ ទើបនាងកាន់តែមានកម្លាំងចិត្តហើយបានវិវត្តន៍ខ្លួនក្លាយជាតារាសម្ដែង ពិធីការិនី និងជាតារាចម្រៀងផងរហូតមានទីផ្សារអត់ពេលសម្រាក។
យ៉ាងណាមិញនាងថាអាជីពសិល្បៈបើទោះជាជោគជ័យតែនាងនៅតែសម្លឹងចង់ក្លាយជាមន្ត្រីរាជការមួយទៀតឲ្យខានតែបាន ដោយសារតែនាងស្រឡាញ់អាជីពប៉ូលិសស្រីតាំងពីធំដឹងក្ដីមកម្ល៉េះ។

ប៊េប៊ីនិយាយថានាងបន់តែឲ្យបានរៀនចប់មហាវិទ្យាល័យប៉ុណ្ណោះ គឺនាងនឹងប្រឡងធ្វើប៉ូលិសនៅក្រសួងមហាផ្ទៃ ហើយដោយសារតែនាងក៏មានបងប្អូនសុទ្ធតែធ្វើការនោះច្រើន ទើបនាងជឿថាឱកាសរបស់នាងគឺមិនពិបាកនោះទេ នៅពេលនាងគិតថាគ្រប់គ្រាន់សម្រាប់ការចង់បានតំណែងជាមន្ត្រីប៉ូលិស។ នាងថាខ្លួនអត់ប្រកាន់នោះទេ គឺទោះជាបានធ្វើជាប៉ូលិសចរាចរណ៍ដែលឈរបញ្ជាចរាចរណ៍តាមដងផ្លូវ ក៏នាងសប្បាយចិត្តនោះដែរ ដោយសារតែនោះគឺក្ដីស្រម៉ៃដែលនាងចង់បាន។

នាងប្រកាសថាមិនខ្មាស់នោះទេ បើក្នុងពេលខាងមុខនាងកាន់តែល្បី ហើយស្រាប់តែទៅឈរបញ្ជាចរាចរណ៍។ នាងនិយាយថាឲ្យតែចំការងារដែលពេញចិត្ត គឺទោះជាត្រូវបិទម៉ាស ឬមិនបិទម៉ាសឈរបញ្ជាចរាចរណ៍នៅតាមផ្លូវក៏នាងពេញចិត្តដែរ ឲ្យតែបានបំពេញការងារជាប៉ូលិសស្រី ដែលនាងចង់បាន៕

មតិយោបល់