មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងពេលដែលលោក រចនា ដួង ហៅបារាំង ដែលត្រូវគេស្គាល់ថាជាអ្នកដឹកនាំរឿងល្បីឈ្មោះនៅក្នុងពិភពសិល្បៈនិងជាតួអង្គកក្នុងចម្រៀង «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» របស់តារាចម្រៀង សេន សាយចៃ នៅផលិតកម្មថោន ស្រាប់តែត្រូវស្រ្តីវ័យកណ្ដាលម្នាក់រស់នៅប្រទេសអូស្រ្តាលីទម្លាយសារយ៉ាងវែងអន្លាយថាលោកជាមនុស្សបោកប្រាស់ ដោយបានបោកលុយរបស់អ្នកស្រីមិនតិចជាង៥ម៉ឺនដុល្លារអូស្រ្តាលី ប្រហាក់ប្រហែលនឹងជាង៤ម៉ឺនដុល្លារ។
មកទល់ពេលនេះ ការទម្លាយរបស់ស្រ្តីអូស្រ្តាលី ដែលអមដោយភស្ដុតាងបញ្ជាក់ខ្លះៗ បានក្លាយជារឿងរសើបយ៉ាងខ្លាំង ក្នុងពេលដែលលោកបារាំង ត្រូវគេស្គាល់ថាជាផលិតករល្បីឈ្មោះយ៉ាងខ្លាំងនៅក្នុងពិភពភាពយន្ត។
យោងតាមគណនីផ្លូវការដែលមានឈ្មោះថា Reaksmey Doung ដែលអះអាងថាជាគូបញ្ចាំចិត្តរបស់លោកបានសរសេរបង្ហោះថា «តើបងប្អូនប្រិយមិត្តនៅចាំតួអង្គពុកខ្ញុំជាប៉ូលិសចរាចរណ៍បានឬទេ???? នៅឆ្នាំ២០១៥ ខ្ញុំ និងបុរសម្នាក់នេះចាប់ផ្ដើមមានទំនាក់ទំនងស្នេហា លោកបានធ្វើឲ្យខ្ញុំជឿជាក់ រហូតដល់ខ្ញុំចុះទៅជួបគាត់ចំនួន៣លើក យើងបានសាងអនុស្សាវរីយ៍ជាច្រើនជាមួយគ្នានោះដែរ។ ខ្ញុំបានជួបតែរឿងសោកសៅ ហើយគាត់បានធ្វើឲ្យខ្ញុំមានការមិនទុកចិត្តចំពោះគាត់ជាច្រើនលើក។ តែគាត់តែងតែថាខ្ញុំគិតច្រើនពេក ឬខ្ញុំប្រច័ណ្ឌជ្រុល។ ដូចជាពេលគាត់បានថតជាមួយស្រីដែលខ្ញុំបានភ្ជាប់ជាមួយនៅពេលនេះជាដើម តើបងប្អូនយល់ថាយ៉ាងណា??? នេះមិនមែនតែជារូបដំបូងទេដែលខ្ញុំបានឃើញ តែរាល់លើកខ្ញុំសួរនាំ គាត់តែងតែថា គាត់ជាអ្នកដឹកនាំ ប្អូនៗថតថើបវាជារឿងធម្មតា ខ្ញុំក៏ចាប់ផ្ដើមកាត់ចិត្តព្រោះមិនចង់មានរឿង។ ទោះពីមុនខ្ញុំរករឿងគាត់ដោយការលែងទុកចិត្តព្រោះតែទង្វើររបស់គាត់ដែលធ្វើដាក់ខ្ញុំរាប់មិនអស់ ទីបំផុតខ្ញុំកែខ្លួនម្ដងបន្តិចៗ ដើម្បីឲ្យគាត់ឃើញថាខ្ញុំពិតជាអាណិតចង់ជួយគាត់ឲ្យដល់ត្រើយ។ ខ្ញុំបានតាំងចិត្តថា ទុកដូចជាជួយសង្គ្រោះមនុស្សម្នាក់ ទោះដឹងពីធាតុពិតនឹងភាពថោកទាបរបស់គាត់មានទាំងប៉ុន្មាន ក៏ខ្ញុំនៅទទួល។ តែចំពោះគាត់មិនដែលកែនៅទង្វើរដែលខ្ញុំមិនពេញចិត្តបានសូម្បីតែមួយ។ រយៈពេលនេះគឺជិត២ឆ្នាំហើយ ក្នុងរយៈពេលជិត២ឆ្នាំនេះគឺខ្ញុំបានចំណាយលុយខ្ទង់៥ម៉ឺនអូស្ដ្រាលី ក្នុងការឡើងចុះហើយចំណាយទិញរបស់ជូនគាត់ និងចំណាយផ្សេងៗ។ ខ្ញុំចង់ដឹងថា បើលោកមិនពេញចិត្តខ្ញុំ ហេតុអីក៏ទទួលយករបស់ពីខ្ញុំ? ហេតុអីក៏ខ្ញុំចុះទៅលោកមិនបដិសេធ? បើលោកមិនចង់បោកខ្ញុំទេ? ឬបើខ្ញុំមិនល្អទេ ហេតុអីមិនដោះលែងខ្ញុំ? ហេតុអីមិនឈប់ទាក់ទងខ្ញុំនៅពេលដែលយើងមានរឿង? ម្ដេចនៅតែបន្ដមិនព្រមបញ្ចប់?? នៅទីបំផុត នៅពេលដែលខ្ញុំព្រមកែលែងរករឿងសួរនាំលោកទៀត ហើយសុំឱកាសឲ្យយើងបន្ដទំនាក់ទំនងក្រែងបានល្អប្រសើរ តែលោកបែរជាបដិសេធខ្ញុំ!!!! ហើយមកចោទថាចាញ់ល្បិចខ្ញុំ។ តើខ្ញុំចាញ់ល្បិចលោក ឬក៏លោកចាញ់ល្បិចខ្ញុំ? លោកលេងខ្ញុំទាំងឈាមត្រជាក់ណាស់ លោកមានរឿងជំពាក់លុយគេ ជំពាក់តួរទាំងប៉ុន្មាន ខ្ញុំជួយចេញមុខរកផ្លូវដោះស្រាយ ទីបំផុតលោកដៀលខ្ញុំថាសំរាម។ លោកបានជំពាក់លុយអ្នកដែលខ្ញុំស្គាល់ គេត្រូវការឲ្យលោកសងគេវិញ សូមលោកលើកទូរសព្ទគេហើយសងលុយគេវិញផង ពេលនេះយើងអស់ទំនាក់ទំនងនឹងគ្នាហើយ ខ្ញុំសុំដកថយមិនដឹងលឺរឿងហ្នឹងទៀតទេ។ នៅទីបញ្ចប់ខ្ញុំសូមផ្ដែផ្ដាំទៅបងប្អូនកូនក្មួយទាំងឡាយកុំឲ្យចាញ់បោកបុរសម្នាក់នេះ កុំបណ្ដោយខ្លួនរហូតដល់មានកូន ឬកុំសូវស្និទ្ធស្នាលក្នុងការថតរូបជាមួយគាត់ពេក ព្រោះសម្ដីគាត់មើលងាយស្រីៗណាស់ ដូចជារូបថតដែលប្អូនស្រីម្នាក់ចាប់គាត់ថើបនេះ គាត់ថាស្រីហ្នឹងស្រវឹងស្រាខ្លាំងចាប់គាត់ថើបទេ ហើយគ្រាន់តែជាចុងភៅក្នុងក្រុមការងារថតតែប៉ុណ្ណោះ។ តើរូបថតទាំងនេះ គ្រាន់តែជាចុងភៅឬ? សូមបងប្អូនជួយ share ដើម្បីជាគំរូហើយប្រយ័ត្នកុំឲ្យលិចលង់ដូចខ្ញុំ។ ខ្ញុំបង្ហោះរឿងនេះ គឺគ្រាន់ជាសារដាស់តឿនទេ»។
អ្នកស្រី រស្មី បានអះអាងថាបន្ថែមថា ហេតុផលដែលនាំឲ្យអ្នកស្រីបានស្គាល់លោក រចនា ដួង ហៅបារាំង គឺដោយសារតែក្នុងពេលមានការណែនាំ លោកបារាំង ក៏បានប្រកាសថានឹងទទួលយកអ្នកស្រីបើទោះជាអ្នកស្រីគឺជាស្រ្តីមេម៉ាយ និងមិនមែនជានារីក្មេងវ័យ។ ប៉ុន្តែចុងក្រោយគឺអ្នកស្រីបានត្រឹមតែ ខាតបង់លុយ និងទទួលនូវការឈឺចាប់ប៉ុណ្ណោះ ដោយសារតែលោកយកចិត្តទុកដាក់តែពេលពឹងពាក់ ហើយមុនពេលឈានដល់ការបង្ហោះសារជាសាធារណៈក៏បានដៀលអ្នកស្រីថាសំរាម។ ម្ចាស់ហាងធំដុំនៅប្រទេសអូស្រ្តាលីមួយនេះ ប្រកាសថាបន្តទម្លាយរឿងពាក់ព័ន្ធនឹងរឿងលុយកាក់ និងរឿងបោកប្រាស់អ្នកស្រីច្រើនទៀតប្រសិនបើលោករចនា ដួង ប្រកែក។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់អ្នកស្រី លោករចនា ដួង ហៅបារាំង នៅមិនទាន់សុំការបំភ្លឺនៅឡើយទេ៕
មតិយោបល់