យោងតាមការបញ្ជាក់ដោយផ្ទាល់ តារាចម្រៀងលោក ណាំ ប៑ុណ្ណារ័ត្ន និងផលិតករល្បីឈ្មោះ ផលិតកម្មថោន លោក ឃុន ធារិទ្ធិ ហៅ Rith Omega ដែលត្រូវគេស្គាល់ខ្លាំងតាមរយៈការដឹកបទ «មេឃកំពុងភ្លៀងហើយ» របស់ហាក់រីខត សម្ងំបើកអាជីវកម្មយីហោ Chop Cha (ឆបហ៍ឆា) ដូចគ្នាតែម្ដង ដោយអ្នកទាំងពីរក៏មានគម្រោងដំណើរការហាងក្នុងពេលប្រហាក់ប្រហែលគ្នាផងដែរ។ អ្នកទាំងពីរបានទាំងអះអាងថានឹងបន្តបើកសាខាសម្រាប់អាជីវកម្មនេះ ដោយបានចាត់ទុកថានេះគឺជាហាងទី១ដែលមិនមែនជាទីបញ្ចប់នោះផង។
ថ្លែងក្នុងពិធីសម្ពោធហាង Chop Cha Cafe នៅកែងស្ដុបវិទ្យាល័យព្រះស៊ីសុវត្ថិ នៅកៀកផ្លូវនរោត្តម កែងផ្លូវ១៨៤ កាលពីល្ងាចថ្ងៃទី២៥ សីហា តារាចម្រៀង ណាំ ប៑ុណ្ណារ័ត្ន បានអះអាងថាលោកបានសម្រេចចិត្តកែច្នៃផ្ទះរបស់ខ្លួននៅម្ដុំទួលសង្កែបើកជាហាងតែបៃតងយីហោ Chop Cha ដែលជាប្រេនល្បីមកពីប្រទេសថៃប្រមាណជាមួយរយៈមកហើយ ដោយការចំណាយទាំងស្រុងអស់ប្រមាណជាជាង១ម៉ឺនដុល្លារហើយ ដោយមិនទាន់បញ្ចូលការបំពាក់ម៉ាស៊ីន និងឧបករណ៍នៅក្នុងហាងនៅឡើយ។
អាជីវកម្មនេះលោកថាជាការទិញម៉ាកយីហោពីក្រុមផ្ដាច់មុខរបស់ប្រទេសថៃ ដោយលោកប្រាកដចិត្តថានឹងមានដំណើរការរីកចម្រើន ដោយមិនពិបាកនោះផង ក្នុងពេលដែលលោកមានមិត្តភក្ដិ២ទី៣នាក់មកហើយដែលបើកហាងនេះហើយជោគជ័យ។ លោកថាអាជីវកម្មតែបៃតង និងកាហ្វេ Chop Cha ងាយស្រួលរកលុយ ហើយបើតាមការប៉ាន់ស្មានគឺមិនហួសពីជាង១០ថ្ងៃទៀតទេ អាជីវកម្មរបស់លោកនឹងបើកដំណើរការ។
លោកមានគម្រោងពង្រីកសាខាថ្មីសម្រាប់Chop Cha ដែលខ្លួនទិញសិទ្ធិដំណើរការនោះផង ប្រសិនបើហាងទី១របស់ខ្លួនរឹងមាំបានបន្តិច។ អ៉ីចឹងហើយទើបលោកប្រកាសថា រយាលពីសិល្បៈមួយរយៈ ដោយសារតែលោករវល់នឹងការងារអាជីវកម្មមួយនេះ។
មិនខុសគ្នាដែរ លោក Rith Omega ក៏បានបញ្ជាក់ដែរថា អាជីវកម្មតែបៃតងយីហោ Chop Cha របស់ខ្លួនក៏នឹងដំណើរការនៅរង្វង់មិនលើសពីជាង១០ថ្ងៃទៀតដូចគ្នាផងដែរ ដោយការសាងសង់ និងដេគ័រគឺលោកបានចំណាយអស់ប្រមាណជា២ម៉ឺនដុល្លារហើយ។
លោកគ្រោងចំណាយដើមទុនប្រមាណជា៣ម៉ឺនដុល្លារ ដើម្បីធ្វើឲ្យអាជីវកម្មរបស់ខ្លួនមានស្ដង់ដារប្រកួតប្រជែង។ យ៉ាងណាមិញ អាជីវកម្មរបស់លោកដែលគ្រោងបើកក្នុងអំឡុងថ្ងៃមិនសូវខុសគ្នានឹងលោក ណាំ ប៑ុណ្ណារ័ត្ន នោះ មិនស្ថិតនៅរាជធានីភ្នំពេញនោះទេ គឺលោកសម្រេចបើកនៅកណ្ដាលទីរួមខេត្តបាត់ដំបង ដើម្បីកុំឲ្យពិបាកប្រកួតប្រជែងជាមួយអាជីវកម្ម Chop Cha ដែលមានច្រើនកន្លែងស្រាប់នៅតំបន់ភ្នំពេញ។
លោក សួម សាវី ហៅដេត នាយកក្រុមហ៊ុន Chop Cha បានអះអាងថា យីហោ Chop Cha គឺភេសជ្ជៈល្បីឈ្មោះប្រចាំនៅក្នុងប្រទេសថៃ ដោយក្រៅពីនៅកម្ពុជាក៏បានដំណើការនៅប្រទេសឡាវ និងភូមាផងដែរ។ លោកថានៅក្នុងពិភពសិល្បៈមិនមែនមានតែលោក ណាំ ប៑ុណ្ណារ័ត្ន និងលោក Rith Omega នោះទេដែលចាប់អារម្មណ៍លើអាជីវកម្មនេះ គឺតារា និងផលិតករមួយចំនួនទៀតក៏គ្រោងបើកដំណើរការអាជីវកម្មនេះដែរ។ រាប់ទាំងហាងរបស់លោក ណាំ ប៑ុណ្ណារ័ត្ន និងលោក Rith Omega លោកអះអាងថានៅក្នុងប្រទេសកម្ពុជាមានហាងយីហោ Chop Cha ប្រមាណជាង២០ទីតាំងហើយនៅភ្នំពេញ និងខេត្តសំខាន់មួយចំនួនចាប់តាំងពីយីហោនេះចូលកម្ពុជាជិតមួយឆ្នាំចុងក្រោយ។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍របស់លោក Rith Omega ពាក់ព័ន្ធនឹងអាជីវកម្មនេះ ៖
https://youtu.be/XMlsnyayUIY
មតិយោបល់