ព័ត៌មានសិល្បៈ និងកម្សាន្ត

អត់ទិញវីឡា! នាយចឺម សុខចិត្តយកលុយ៥ម៉ឺនដុល្លារ ទៅសង់ផ្ទះថ្មឲ្យម្ដាយ

ក្នុងពិធីខួបកំណើតរបស់នាយចឺម កាលពីពេលកន្លងទៅ លោកបានប្រកាសថានឹងប្រមូលលុយដែលខ្លួនសន្សំបានយកទៅទិញវីឡាបង់រំលោះមួយកន្លែងក្នុងអំឡុងឆ្នាំ២០១៧នេះ ដោយលោកបញ្ជាក់ថាប្រមូលត្រឹមតែ៥ម៉ឺនដុល្លារឬច្រើនជាងនេះ ទៅឲ្យម្ចាស់បុរី គឺលោកនឹងអាចខំច្រៀងរកលុយមកបង់ជាប្រចាំខែបាន។

ប៉ុន្តែក្នុងពេលដំណឹងទិញវិឡា មិនឃើញកើតមាន ស្រាប់តែលេចដំណឹងថាលោកបានប្រមូលលុយកាក់ដែលបានគ្រោងទុកប្រើទៅបង់ដំណាក់កាលដំបូងសម្រាប់ទិញវីឡានោះ ទៅសង់ផ្ទះថ្មយ៉ាងស្កឹមស្កៃឲ្យឪពុកម្ដាយរបស់លោកនៅស្រុកបាត់ទៅហើយ។

លោក ឈុន សុវណ្ណភក្ដី អ្នកចាត់ការទូទៅប្រចាំផលិតកម្ម BKS ដែលត្រូវគេស្គាល់ថាជាបងប្អូនធម៌បេះមិនដាច់់របស់នាយចឺម បានអះអាងថា នាយចឺមមិនបានទិញវីឡាតាមការគ្រោងទុកនោះទេ បន្ទាប់ពីលោកបានផ្ដល់ផ្ទះសំបែងឲ្យនាយចឺមមករស់នៅជាមួយនៅបុរីវិមានភ្នំពេញ ដែលធ្វើឲ្យនាយចឺមមិនពិបាករឿងផ្ទះសំបែងដូចមុន។ លោកថានាយចឺម ក្រោយពីបានរស់នៅផ្ទះលោក បានប្រមូលលុយកាក់ដែលគ្រោងនឹងទិញវីឡាយកទៅសង់ផ្ទះឲ្យម្ដាយនៅស្រុកនៅខេត្តកំពង់ស្ពឺ ភ្លាម ដោយក្នុងពេលនេះ ផ្ទះដែលនាយចឺម ចំណាយលុយសាងសង់ដំណើរបានច្រើនភាគរយហើយ។

លោកថានាយចឺម គ្រោងចំណាយយ៉ាងតិច៥ម៉ឺនដុល្លារ សម្រាប់សំណង់ផ្ទះថ្មឲ្យម្ដាយឪពុកសម្រាប់រស់នៅនោះ ដោយលោកដែលជាបងប្អូនក្រៅផ្ទៃម្នាក់ក៏បានត្រៀមលុយនឹងជួយនាយចឺមផងដែរ ដើម្បីឲ្យផ្ទះដែលនាយចឺមប្រាថ្នា សាងសង់ឲ្យហើយ កុំឲ្យខ្វះលុយកណ្ដាលទី។ ក្នុងនោះលោកក៏បានផ្គត់ផ្គង់នាយចឺម ជាសម្ភាៈសំណង់ និងគ្រឿងសង្ហារឹមផងដែរ តាមរយៈដែលលោកទទួលថតស្ពត ឬផលិតវីដេអូឲ្យក្រុមហ៊ុនតូចធំ ហើយសម្រេចចិត្តបញ្ចុះតម្លៃដោយសុំឲ្យក្រុមហ៊ុនទាំងនោះផ្ដល់ជាងចង្កៀង ឬជាសម្ភារៈផ្សេងៗដែលអាចប្រើក្នុងគម្រោងសំណង់ជំនួសវិញ។

លោកថាផ្ទះដែលនាយចឺមសាងសង់នឹងរួចរាល់ក្នុងពេលឆាប់ៗ អ៉ីចឹងហើយទើបនាយចឺមសម្រេចចិត្តទទួលច្រៀងទាំងថ្ងៃទាំងយប់ដើម្បីរកលុយទៅសង់ផ្ទះនៅស្រុកនោះ ដោយលោកគ្រោងសង់ឲ្យស្អាត និងសង់តែម្ដងឲ្យរួចតែម្ដង។ លោកបានកោតសរសើរចំពោះតារាកំប្លែង និងជាតារាចម្រៀងរូបនេះ ទើបលោកសម្រេចចិត្តរាប់ជាបងប្អូន ហើយបានទាំងជួយលុយកាក់នោះផងដោយលោកប្រកាសថាលោកត្រៀមលុយមិនតិចជាង៣០ភាគរយ ដែលនាយចឺមចំណាយនោះទេ ក្នុងគម្រោងសាងសង់ផ្ទះនោះ ដើម្បីកុំឲ្យនាយចឺមធ្ងន់បន្ទុកតែម្ដង។

យ៉ាងណាមិញ លោកបដិសេធថាហេតុផលដែលលោកស្រឡាញ់ និងចូលចិត្តនាយចឺមដល់ថ្នាក់ឲ្យរស់នៅផ្ទះជាមួយ និងជួយលុយកាក់នោះ គឺមិនមែនដោយសារតែលោក និងនាយចឺម មានទំនាក់ទំនងមិនប្រក្រតីនឹងគ្នានោះទេ។ លោកថារវាងលោក និងនាយចឺម គឺរាប់អានគ្នាសុទ្ធសាធ ហើយលោកបានទាំងចាត់ទុកថានាយចឺមជាបងប្អូនភ្លោះរបស់ខ្លួននោះផង ដោយសារតែក្រោយស្គាល់គ្នាគឺទាំងចរិត និងភាពស្មោះត្រង់គឺសឹងតែដូចគ្នាបេះបិទ។

ជាមួយនឹងដំណឹងមិនទិញវីឡា ហើយយកលុយទៅសង់ផ្ទះឲ្យម្ដាយនេះហើយ ដែលម្នាក់ៗសរសើរថា នាយចឺម គឺជាតារាវ័យក្មេងដែលចេះគិតវែងឆ្ងាយ ខណៈដែលតារាវ័យក្មេងរូបនេះក៏កាន់តែមានសន្ទុះក្នុងពិភពចម្រៀងក្រោយពីចូលសាន់ដេ ដោយអាចនឹងក្លាយជាគ្រាប់ពេជ្ររបស់សាន់ដេនោះផង បន្ទាប់ពីលោកខេមរៈ សិរីមន្តដើរចេញ។
នាយចឺមត្រូវបានទម្លាយថាបានឡើងតម្លៃខ្លួនក្នុងកម្មវិធីប្រគំតន្ត្រីខេត្តក្រុង និងជាតារាមួយរូបដែលរកចំណូលឲ្យសាន់ដេបានច្រើនជាងគេនោះផង ទើបច្បាស់ណាស់ថា ប្រជាប្រិយភាពរបស់តារារូបនេះនឹងស្ទុះឡើងកូដរឹតតែខ្លាំងក្នុងពេលដ៏ខ្លី៕

មតិយោបល់