ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ដាប់ម្ដាយ ឃុយ ម៉ីហៀង រៀបរាប់ កាន់តែអាសូរ!

ក្រោយពីកុមារី ឃុយ ម៉ីហៀង បានបង្ហាញខ្លួនក្នុងវគ្គ The Blind Audition ក្នុងការប្រឡងThe Voice Kids Cambodia បេក្ខភាពមកពីខេត្តកំពង់ស្ពឺរូបនេះបានទទួលនូវការចាប់អារម្មណ៍លើសមត្ថភាពសំឡេង និងភាពកម្សត់យ៉ាងខ្លាំង ដោយសារតែនាងមានម្ដាយជាអ្នកលក់ចេកចៀន ដែលមានជីវភាពលំបាកយ៉ាងខ្លាំង ជាពិសេសគឺរកលុយសឹងមិនគ្រប់ៗពេលហង្សមាសតម្រូវឲ្យឡើងមកប្រឡងចម្រៀងក្នុងវគ្គជម្រុះម្ដងៗបើទោះជាវគ្គទាំងនោះត្រូវបានប្រឡងរួចហើយ តែហង្សមាសមិនទាន់ចាក់ផ្សាយ និងសុំឲ្យលាក់លទ្ធផល។

ក្នុងជំនួបដោយផ្ទាល់ជាមួយអ្នកសារព័ត៌មានយើង អ្នកស្រី ស៊ាន លេងទ្រាន់ ម្ដាយរបស់ ឃុយ ម៉ីហៀង បានទាំងអះអាងថាអ្នកស្រីនឹងឈប់លក់ចេកចៀន និងនំក្រូចដែលជាអាជីពពិបាក រកចំណូលនោះ ប្រសិនបើកូនស្រីរបស់អ្នកស្រីប្រឡងជាប់ក្នុងកម្មវិធី The Voice Kids ហើយទទួលបានប្រាក់ខ្លះៗអាចឲ្យអ្នកស្រីលើកខោអាវពីភ្នំពេញយកទៅលក់នៅខេត្តកំពង់ស្ពឺបាន។

អ្នកស្រីបានថ្លែងពីការលំបាកក្នុងពេលទទួលបានជំនួយឧបត្ថម្ភចំនួន២០០ដុល្លារពីលោក ហេង ពេជ្រ និងអ្នកស្រីស៊ិនឌី រស់នៅសហរដ្ឋអាមេរិកតាមរយៈគ្រួសារតារាកម្ពុជាកាលពីពេលថ្មីៗថា អ្នកស្រីបានក្លាយជាស្រ្តីមេម៉ាយប្ដីស្លាប់ចោលតាំងពីឃុយ ម៉ីហៀង នៅតូចម្លេះ ទើបអ្នកស្រី និងកូនៗត្រូវរស់យ៉ាងវេទនា ដោយបងៗរបស់ម៉ីហៀងក៏ត្រូវឈប់រៀនរត់ទៅធ្វើការរោងចក្រដើម្បីជួយដល់គ្រួសារ ហើយអ្នកស្រីក៏ពឹងតែលើមុខរបរលក់ចេកចៀន និងលក់នំក្រូចក្នុងភូមិរាល់ថ្ងៃ ដែលក្នុងថ្ងៃខ្លះក៏ទទួលបានផលចំណេញ៥ពាន់រៀល ថ្ងៃខ្លះក៏បានមួយម៉ឺនរៀល ហើយថ្ងៃខ្លះក៏បានត្រឹមរួចដើម។

អ្នកស្រីថាការសម្រេចចិត្តជូនកូនស្រីមកប្រឡង The Voice Kids ចាប់តាំងពីវគ្គជម្រុះ រហូតបានចូលកញ្ចក់ទូរទស្សន៍ គឺត្រូវចំណាយលុយមួយជើងច្រើនណាស់ ដែលថវិកាទាំងនេះ ភាគច្រើនត្រូវខ្ចីលុយអ្នកស្រុកដើម្បីបានធ្វើសោហ៊ុយមកភ្នំពេញ។ សូម្បីតែបងៗមុីហៀង ដែលតែងសុំច្បាប់ជូនមុីហៀងមកប្រឡងក្នុងពេលអ្នកស្រីត្រូវលក់ចេកចៀនសន្សំសោហ៑ុយ ប៉ុណ្ណឹងក៏ត្រូវគេបញ្ឈប់ការងារម្ដងៗផងដែរ។

យ៉ាងណាមិញ អ្នកស្រីថាក្រោយពីមានការអាណិតអាសូរជាហូរហែរគឺអ្នកស្រីបានទទួលជំនួយគួរសមសម្រាប់ដោះស្រាយជីវភាពជាពិសេសក្នុងពេលរវល់ជូនកូនមកប្រឡងហើយលែងបានលក់ដូរជាប់លាប់។ជាពិសេសជាមួយនឹងផ្ដល់ជំនួយពីសប្បុរសជនដែលបានអាណិតដល់កូនស្រីរបស់អ្នកស្រីដែលប្រឹងតស៊ូមកប្រឡងតាំងពីបានបង្ហាញខ្លួនលើទូរទស្សន៍។ អ្នកស្រីមិនទាន់ដឹងថាតើកូនស្រីរបស់ខ្លួនគឺ ឃុយ ម៉ីហៀង នឹងបន្តជាប់ដល់វគ្គណាមួយរបស់កម្មវិធី The Voice Kids នោះទេ ប៉ុន្តែបើក្រោយចប់ការប្រឡងអ្នកស្រីអាចទទួលបានថវិកាខ្លះគឺអ្នកស្រីនឹងយកធ្វើដើមលើកសម្លៀកបំពាក់ពីភ្នំពេញទៅលក់នៅកំពង់ស្ពឺវិញ ដើម្បីជំនួសឲ្យមុខរបរចៀនចេក ដែលត្រូវនៅនឹងភ្លើងរាល់ថ្ងៃ។

អ្នកស្រីមិនហ៊ានរំពឹងថាកូនស្រីនឹងឈ្នះពានពីការប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកនេះទេ ដោយគ្រាន់តែអ្នកស្រីបញ្ជាក់ដោយមោទនភាពថាបើកូនស្រីបានក្លាយជាតារាចម្រៀងនៅក្រោយបញ្ចប់ការប្រឡងគឺអ្នកស្រីនឹងលើកខោអាវទៅលក់នៅខេត្តកំពង់ស្ពឺ ហើយនឹងឆ្លៀតពេលដើរតាមកូនស្រីខ្លះៗបើនាងមានគេទាក់ទងឲ្យដើរច្រៀងតាមកម្មវិធីណាមួយ។ អ្នកស្រីថាក្នុងពេលមកកាន់ភ្នំពេញម្ដងៗអ្នកស្រីត្រូវចំណាយមិនក្រោម២០ម៉ឺននោះទេ ដោយការចំណាយកន្លងមកគឺអ្នកស្រីក៏ទទួលបានការផ្ដល់កន្លែងស្នាក់នៅ និងបាយទឹកពីសំណាក់ប្អូនប្រុសដែលជួលផ្ទះគេរស់នៅភ្នំពេញនោះផង៕

មតិយោបល់