ព័ត៌មានកីឡា

ប្រធានក្លិប Atletico Madrid ដាក់គោលដៅនាំយក Diego Costa ត្រឡប់មកវិញ

លោក Enrique Cerezo ប្រធានក្លិប Atletico Madrid បានដាក់គោលដៅយ៉ាងច្បាស់ ក្នុងការនាំយកខ្សែប្រយុទ្ធ Diego Costa ត្រឡប់មកវិញ មុនបញ្ចប់ការទីផ្សារដោះដូរកីឡាករនេះ។

បន្ទាប់ពីមានការយល់ព្រមរវាងក្លិបទាំង២ គឺ Chelsea និង Atletico Madrid រួចមក លោក Enrique Cerezo បានត្រៀមលក្ខណះរួចជាស្រេច ក្នុងការនាំយក Diego Costa ត្រឡប់មកវិញ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយពីប្រភព Telegram បានឲ្យដឹងថា លោក Enrique Cerezo នឹងនាំយក Costa ក្នុងលក្ខខ័ណ្ឌខ្ចីជើង នៅមុនរដូវក្តៅនេះ ដើម្បីទិញយកផ្តាច់ នៅខែមករាខាងមុខនេះ។ ហេតុផល ដែលនាំឲ្យក្រុម Atletico Madrid ខ្ចីជើងមុនទិញបែបនេះ គឺមិនខុសពីក្រុម Paris Saint Germain ដែលខ្ចីជើង Mbappe មុនទិញនៅរដូវកាលក្រោយដូចគ្នា ព្រោះថា ដោយសារក្លិបទាំង២ ជាប់បម្រាមមិនអាចទិញកីឡាករបាន។

ហេតុនេះហើយ ដើម្បីនាំយកកីឡាករចំណូលថ្មីបាន គឺមានតែការខ្ចីជើងប៉ុណ្ណោះ ទើបជាលក្ខខ័ណ្ឌ ប្រសើរបំផុត។ ម្យ៉ាងវិញទៀតនោះ សម្រាប់ Atletico Madrid គឺអាចទទួលយក Diego Costa បាន ១០០% ទៅហើយ ព្រោះថា ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ បានបដិសេធ មិនបន្តលេងឲ្យក្រុមតោខៀវ Chelsea រួចទៅហើយ។ ជាងនេះទៅទៀត Costa ក៍បានបដិសេធ មិនផ្លាស់ទៅក្រុមផ្សេង ដោយសារតែរូបគេ ចង់ត្រឡប់ទៅកាន់ក្លិបចាស់ របស់គេ Atletico Madrid វិញ។

ដូច្នេះហើយ តាមរយៈលក្ខខ័ណ្ឌខ្ចីជើងនេះ ច្បាស់ណាស់ថា ក្រុម Atletico Madrid នឹងទទួលបាន ខ្សែប្រយុទ្ធអេស្ប៉ាញ Diego Costa វិញជាក់ជាមិនខាន។

មតិយោបល់