ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ដាប់សម្ដី ពេជ្រ សោភា ក្រោយ G-Devid ជះកំហឹង!!!

បើទោះជាលោកG-Devid បានចោទអ្នកវាយប្រហារខ្លួនថាអាចជាបក្សពួករបស់អ្នកធ្លាប់មានគុណរបស់លោក គឺរួមមានអ្នកនាងពេជ្រ សោភា និងចង់សំដៅថាអ្នកនាងពេជ្រ សោភា ដែលលោកចាត់ទុកថាជាគូជម្លោះម្នាក់ក៍ទំនងជាបាននិយាយអ្វីប៉ះពាល់ដល់ខ្លួនទើបបានជាមានម្ចាស់គណនីមួយបានបង្ហោះវាយប្រហារចំពោះលោក ក៍អ្នកនាងពេជ្រ សោភា ដែលត្រូវលោកលើកឈ្មោះក្នុងការបញ្ចេញកំហឹង បានអះអាងថាអ្នកនាងមិនបានស្គាល់ម្ចាស់គណនីដែលបានបង្ហោះវាយប្រហារលោកងួន ចាន់ដេវីដ នោះឡើយ។

អ្នកនាងបានប្រាប់ Post Komsan ថា អ្នកនាងមិនដឹងរឿងគេថាអោយលោកជីដេវីដនោះទេ ដោយអ្នកនាងបានចាត់ទុកថាប្រសិនជាលោកG-Devid ចង់ចោទប្រកាន់ចំពោះខ្លួនបែបនោះ ក៍ជារឿងភាន់ច្រឡំ ដោយអ្នកនាងអះអាងថាមិនធ្លាប់បាននិយាយអ្វីប៉ះពាល់ដល់លោក និងថាអ្នកនាងក៍អត់ដែលស្គាល់ម្ចាស់គណនីដែលបានសរសេរធ្វើអោយប៉ះពាល់ដល់លោកដេវីដនោះដែរ។

អ្នកនាងនិយាយថាតាំងពីមានរឿងបែកបាក់ជាមួយលោកG-Devid អ្នកនាងមិនដែលលើកឡើងណាមួយពាក់ព័ន្ធនឹងលោកG-Devidទេ ហើយអ្នកនាងក៏មិនអាចហាមមាត់របស់អ្នកមនុស្សមួយចំនួនដែលសរសេររិះគន់ចំពោះអ្នកណាបានដែរ។

អ្នកនាងនិយាយថាអ្នកនាងមិនមានពេលទំនេរទៅបញ្ជាអ្នកណា ឬទៅកំណត់អោយអ្នកណាវាយប្រហារអ្នកនេះឬអ្នកនោះឡើយ ដោយអ្នកនាងស្នើអោយលោកG-Devid ប្រសិនបើបានទទួលការវាយប្រហារណាមួយគឺលើកឡើងពាក់ព័ន្ធត្រឹមតែបុគ្គលដែលធ្វើអោយលោកប៉ះពាល់បានហើយ គឺកុំរាលដាលដល់អ្នកនាងដែលមិនបានដឹងរឿង។

អ្នកនាងថាលោកG-Devid មានទំនាស់ជាមួយអ្នកផ្សេងតែបានទាញអ្នកនាងអោយពាក់ព័ន្ធ ដោយក្នុងសម្ដីរបស់លោកគឺជះកំហឹងដាក់អ្នកដែលលោកលើកឡើងផង។ អ្នកនាងបញ្ជាក់បែបប្រយោលថា ខ្លួនមិនមែនជាអ្នកនៅពីក្រោយការបង្ហោះរបស់ម្ចាស់គណនីណាមួយនោះទេបូករួមទាំងអ្នកវាយប្រហារលោកG-Devidចុងក្រោយផង តែអ្នកនាងក៏មិនភ្ញាក់ផ្អើលនោះដែរ ប្រសិនបើលោកG-Devid យល់ថា អោយតែមានអ្នកណានិយាយអ្វីមិនល្អពីលោក គឺលោកម៉ៃថាអ្នកនោះនិយាយតាមការទម្លាយរបស់អ្នកនាងម្នាក់ដែរ ឬថាអ្នកនោះជាអ្នកពាក់ព័ន្ធអ្នកនាងម្នាក់ដែរ ក្នុងពេលដែលអ្នកនាងមិនទាំងស្គាល់ថាអ្នកបង្ហោះនោះជាហ្វេនគាំទ្ររបស់អ្នកណាផង។

អ្នកនាងបញ្ជាក់ថាខ្លួនមិនដឹងជុំវិញបញ្ហាដែលបានកើតឡើងចំពោះG-Devidនោះទេ ហើយអ្នកនាងក៏គ្មានការតបតចំពោះលោកG-Devidនោះដែរ បើទោះជាលោកបានយកឈ្មោះអ្នកនាងទៅពាក់ព័ន្ធ ក្នុងវីដេអូផ្សាយផ្ទាល់លើផេក ក្នុងន័យវាយប្រហារចំពោះអ្នកនាងមួយរូបដែរទាំងអ្នកនាងមិនបានដឹង៕

មតិយោបល់