ក្នុងកិច្ចសម្ភាសន៍បន្តផ្ទាល់របស់កម្មវិធី Komsan Talkshow កាលពីយប់ថ្ងៃទី២៦ តុលា អតីតបេក្ខភាព The Voice Kids Cambodia បានអះអាងថាប្អូនស្រីចង់រៀនអង់គ្លេសខ្លាំងណាស់ ប៉ុន្តែមកពីឪពុកម្ដាយរបស់នាងមិនសូវមានលុយមានកាក់ ទើបធ្វើឲ្យនាងផ្អាករៀនមួយរយៈ។ នាងបានអះអាងថា នៅក្នុងគ្រួសារមានតែឪពុករបស់នាងម្នាក់ប៉ុណ្ណោះជាអ្នករកចំណូល ហើយដោយសារនាងក៏មិនចង់បន្ថែមបន្ទុកដល់អ្នកមានគុណក៏សម្រចចិត្តផ្អាកពីការរៀនផ្នែកភាសា។
អ៊ុក សុវណ្ណារី និយាយថានាងផ្អាករៀនភាសាអង់គ្លេសមួយរយៈមកហើយ ដោយសារតែលោកប៉ាគ្រាន់តែជាមន្ត្រីនគរបាលមានប្រាក់ខែរដ្ឋ ហើយមិនគ្រប់នឹងការផ្គត់ផ្គង់លើជីវភាពផង ទើបនាងសម្រេចចិត្តនៅរៀនតែសាលារដ្ឋ។ នាងថាផ្ទះនាងរស់នៅរាល់ថ្ងៃគឺជាផ្ទះជីតាបង្កើតខាងឪពុក ដោយគ្រួសាររបស់នាងអត់ទាន់មានផ្ទះជាកម្មសិទ្ធិរបស់ខ្លួននោះទេ អ៉ីចឹងហើយដែលរុញឲ្យនាងត្រូវតែបន្តបង្ហាញខ្លួនក្នុងកម្មវិធីប្រឡងចម្រៀងដើម្បីបានប្រាក់រង្វាន់មួយចំណែក និងបានក្លាយជាតារាចម្រៀងក្នុងពេលខាងមុខគ្រាន់រកលុយមកផ្គត់ផ្គង់ការសិក្សា។
នាងថាខ្លួននឹងតស៊ូឲ្យបានក្លាយជាតារាចម្រៀងក្នុងពេលខាងមុខ ប៉ុន្តែនាងក៏មិនចោលនូវការសិក្សានោះដែរ គឺនឹងបន្តឈោងចាប់ទាំងពីរទាំងការសិក្សា និងសិល្បៈ។ នាងបង្ហាញនូវមោទនភាពដែលក្រោយការធ្លាក់ពីកម្មវិធី The Voice Kids តែមានអ្នកស្គាល់នាងច្រើន បើទោះជាក្នុងពេលនេះនាងមិនទាន់បានក្លាយជាតារាចម្រៀងម្នាក់នៅឡើយ។
នាងមិនទាន់សម្លឹងឃើញផលិតកម្មណាមួយដើម្បីចូលច្រៀងនោះទេ ប៉ុន្តែនាងនឹងទទួលចូលច្រៀងបើមានការទាក់ទងណាមួយ ហើយមានលក្ខខណ្ឌសមស្របបន្ទាប់ពីកុងត្រារបស់នាងជាមួយនឹងកម្មវិធីរបស់ហង្សមាសត្រូវបានបញ្ចប់។
នាងថាខ្លួននឹងពិបាកដើរចូលផលិតកម្មណាមួយ នៅអំឡុងឆ្នាំក្រោយ ប៉ុន្តែបើទោះជាមានការខ្វះខាតក្នុងការផ្គត់ផ្គង់របស់ឪពុក និងម្ដាយដូចរាល់ថ្ងៃ ក៏ម្ដាយរបស់នាងមិនអោយនាងទទួលច្រៀងតាមហាងពេលយប់នោះដែរ៕
https://www.youtube.com/watch?v=g8MCSKI9LnI&list=PLuK3TNx1Lqv3BVpTHdnk2h9PJCWD80ZbD
មតិយោបល់