កាលពីថ្ងៃ២២ មករា ផលិតកម្មមាតុចក្រភាពយន្តបានបើកសម្ពោធរឿងថ្មី គឺរឿង«ធ្មប់»ឡើងផ្អើលតារាសិល្បៈ និងស្រទាប់មហាជន នៅផ្សារទំនើបអ៊ីអន។ ក្នុងពិធីនោះផលិតករ និងតួសម្ដែង មិនត្រឹមតែរំលេចអោយអ្នកជំនាន់ក្រោយបានស្គាល់ពីអរិយធម៌ក្នុងសម័យលង្វែកប៉ុណ្ណោះ សិល្បៈបុរាណ២គឺល្ខោនស្បែកធំ និងសៀកខ្មែរបុរាណផងដែរ។
ក្នុងពិធីបើកសម្ពោធយ៉ាងគគ្រឹកគគ្រេងនោះ គេឃើញវត្តមានតារា និងផលិតករចូលរួមកុះករ ដោយអ្នកចូលរួមទាំងអស់ សុទ្ធតែបង្ហាញការចាប់អារម្មណ៍ចំពោះការបង្ហាញសិល្បៈសម័យលង្វែកតាមរយៈការតុបតែងខ្លួនរបស់ផលិតករ និងរបស់តួសម្ដែង និងការសម្ដែងរបស់សិល្បករបុរាណ២ទៀត ក្នុងពេលដតារាចម្រៀងកញ្ញា លាង សុផាឡែន ឡើងបកស្រាយបទដែលត្រូវដាក់បញ្ចូលក្នុងភាពយន្តផង។
លោកហ៊ុយ យ៉ាឡេង ផលិតកររឿង«ធ្មប់»បានអះអាងថា ភាពយន្តមួយនេះបានរំលេចទាំងស្រុងពីអរិយធម៌ក្នុងសម័យលង្វែកទាំងការស្លៀកពាក់ ទំនៀមទំលាប់ និងម៉ូដសក់តែម្ដង ដោយលោកច្រានចោលចំពោះការលើកឡើងថាភាពយន្តមួយនេះ បានចម្លងការស្លៀកពាក់ និងតុបតែងតាមថៃ។ មុនឈានដល់ការផលិត លោកថាខ្លួនមានការសិក្សាច្បាស់លាស់ដោយមានការឆ្លងយោបល់ពីនាយកដ្ឋានភាពយន្តផង ទើបលោកបញ្ជាក់ថាទាំងដេគ័រ និងការឆ្លុះបញ្ចាំងក្នុងរឿងគឺរបៀបខ្មែរទាំងអស់។ នៅក្នុងភាពយន្តមួយនេះ លោកថាមានការឆ្លុះបញ្ចាំងពីសិល្បៈល្ខោនស្បែកធំ និងសៀកខ្មែរក្នុងសម័យបុរាណផង ទើបលោកបានរំលេចសិល្បៈមួយនេះ ក្នុងពិធីសម្ពោធមុនកាត់ខ្សែបូរ ដើម្បីអោយអ្នកគាំទ្រដឹងថាភាពយន្តរឿង«ធ្មប់»ក្រៅពីបង្ហាញពីជំនឿធ្មប់ក្នុងសម័យបុរាណ ដែលបង្កប់ដោយឈុតភ័យរន្ធត់ ក៏មិនភ្លេចឆ្លុះបញ្ចាំងពីវប្បធម៌អរិយធម៌ក្នុងសម័យលង្វែករបស់ខ្មែរផងដែរ។ ភាពយន្តនេះត្រូវបានប្រកាសថានឹងលក់សំបុត្រផ្លូវការគ្រប់រោងចាប់ពីថ្ងៃទី២៥ មករា តទៅ ដោយរំពឹងថានឹងជោគជ័យក្នុងស្រទាប់អ្នកគាំទ្រ។
ចង់ដឹងថាទិដ្ឋភាពសម្ពោធរឿង«ធ្មប់» បានរំលេចសិល្បៈល្ខោនស្បែកធំ និង សៀកបុរាណខ្មែរ ប្លែកភ្នែកយ៉ាងណាសូមអញ្ជើញទស្សនា៖
https://youtu.be/JpnsJYzy5Ds
មតិយោបល់