ព័ត៌មានសិល្បៈ និងកម្សាន្ត

កូននាយក្រឹម ទម្លាយរឿងឪពុក បោះបង់ផ្ទះ ផ្ដាច់ទាំងហិរញ្ញវត្ថុទាំងស្រុង ក្រោយជ្រើសយកនាងលាភ

មកទល់ពេលនេះរវាងនាយក្រឹម និងភរិយាដើម នៅមិនទាន់មានការប្ដឹងផ្ដល់គ្នា ឬលែងលះគ្នានោះទេ ហើយបើទោះជាភរិយាដើមរបស់លោកធ្លាប់បានប្រតិកម្មដោយគ្រោងដាក់បណ្ដឹងប្ដឹងលោកជាមួយនាងលាភ ឬនាងព្រលិត ធ្វើឲ្យលោកខ្មាស់មហាជន ដើម្បីឲ្យលោករត់ទៅរកប្រពន្ធដើម និងកូនៗវិញ ក៏បានសម្រេចបន្ធូរដៃដើម្បីមុខមាត់នាយក្រឹមនោះដែរ។

យ៉ាងណាមិញ លទ្ធផលចុងក្រោយមានការបញ្ជាក់ថា នាយក្រឹមមិនបានស្រណោះអាណិតដល់ភរិយាកម្សត់ និងកូនៗដើមនោះទេ ផ្ទុយទៅវិញនៅពីក្រោយសំណើរដែលលោកសុំឲ្យភរិយាឈប់ប្ដឹង កុំឲ្យលោកជាប់ពីបទខុសច្បាប់ឯកព័ន្ធភាពនោះ គឺលោកបែរជាឈប់ចូលផ្ទះជួបមុខប្រពន្ធកូន ហើយឈានដល់ការឈប់ផ្ដល់ហិរញ្ញវត្ថុចំពោះកូនប្រពន្ធតែម្ដង។

លោក អ៊ូ ដានីញែលរ័ត្នមុន្នី កូនប្រុសរបស់នាយក្រឹម បានផ្ដល់សម្ភាសន៍ប្រាប់ Post News ក៏ដូចជា Post Komsan ថា នាយក្រឹមបានចុះចេញពីផ្ទះឈប់គិតគូដល់ម្ដាយរបស់លោកដែលជាភរិយាដើមច្រើនខែមកហើយ ពោលគឺតាំងពីមុននាងលាភទើបតែមានបានពរពោះនោះម្ល៉េះ។ លោកថានាយក្រឹម កាន់តែឈប់ជាន់ផ្ទះចាស់ក្រោយពេលរឿងរ៉ាវបែកធ្លាយ ដោយលោកបានចេញទៅទៅរស់នៅពេញសិទ្ធិជាមួយនាងលាភនៅក្នុងបុរីប៉េងហួតព្រែកលាភ ហើយអត់ដែលរវីរវល់ពីរឿងហិរញ្ញវត្ថុក្នុងផ្ទះដូចមុនយូរហើយ ទើបធ្វើឲ្យម្ដាយរបស់លោក និងរូបលោកផ្ទាល់ឆ្អែតចិត្ត។

លោកថាបន្តម្ដាយរបស់លោកបានសម្រេចចិត្តដាក់បណ្ដឹងមួយប្រាវមុនដោយប្រកាសថា ចង់ប្ដឹងនាងលាភពីបទលួចប្ដី គឺគ្រាន់តែចង់ឲ្យនាយក្រឹមភ្ញាក់ខ្លួន ហើយទទួលស្គាល់កូនៗ និងភរិយាដើមវិញប៉ុណ្ណោះ ប៉ុន្តែក្រោយពីមានរឿងនោះ គឺនាយក្រឹមបានផ្ដល់បទសម្ភាសន៍ថាលោកនៅតែជាឪពុកល្អ និងជាស្វាមីល្អសម្រាប់កូនៗ និងភរិយាដើម ប៉ុន្តែការពិតគឺសូម្បីតែផ្ទះក៏មិនដែលអើត ហើយបើនិយាយពីលុកកាក់វិញ គឺបិទជិតឈឹងតែម្ដង ដោយមិនដែលផ្ដល់ម្ដាយរបស់លោក និងរូបលោកដែលជាកូនៗទៀតទេ។លោកថា ពួកលោករាល់ថ្ងៃមិនខុសពីកូនអត់ឪពុកនោះទេ ដោយសារទាំងម្ដាយ និងទាំងកូនៗទាំងអស់ សុទ្ធតែត្រូវរកលុកមកផ្ទប់គ្រួសារទាំងការហូបចុក និងការចំណាយផ្សេងៗ ចាប់តាំងពីនាយក្រឹមបោះបង់ និងផ្ដាច់ហិរញ្ញវត្ថុ។

លោក ដានីញ៉ែលរ័ត្នមុន្នី និយាយ «គាត់(នាយក្រឹម)រាល់ថ្ងៃ ទុកខ្ញុំដូចសំរាមអ៉ីចឹង កាលមុនទាន់ចុះចោលផ្ទះ ឲ្យតែនិយាយអីប៉ះពាល់ដល់ប្រពន្ធក្រោយគាត់នឹងតិច គឺឈប់ឲ្យលុយឲ្យកាក់ខ្ញុំ ហើយមិនឲ្យខ្ញុំនិយាយម៉េចបើគាត់ធ្វើអ៉ីចឹង! ហើយឥឡូវមិនត្រឹមតែឈប់គិតគូខ្ញុំទេ គឺម៉ាក់ខ្ញុំ បងៗខ្ញុំ គាត់ឈប់រវល់ហ្មង និយាយរួមគឺគាត់ឈប់រវល់ក្នុងផ្ទះតែម្ដង ទើបម៉ាក់ខ្ញុំ និងពួកខ្ញុំត្រូវរកលុយមកផ្គត់ផ្គង់ខ្លួនឯងយ៉ាងលំបាករាល់ថ្ងៃ!»។ លោកថារាល់ថ្ងៃលោកមានជំងឺរបេង និងមានខ្ទុះក្នុងខួរឆ្អឹង តែនាយក្រឹមជាឪពុកបានបោះបង់លោក ដោយឈប់ទទួលខុសត្រូវលើជំងឺរបស់លោកយូរហើយ ដោយលោករាល់ថ្ងៃពឹងតែលើថវិកាដែលមានសប្បុរសជនជិតឆ្ងាយបានជួយប៉ុណ្ណោះ។

លោកថាឆ្អែតចិត្ត ដោយសារមុននេះបន្តិចលោកបានស្នើសុំលុយឪពុក២ពាន់ដុល្លារទៅមើលខ្លួន តែនាយក្រឹមប្រាប់ថាអត់មាន តែនាយក្រឹមបែរជាមានរហូតដល់៥ពាន់ដុល្លារឲ្យនាងលាភបង្កើតកូន។ លោកថាកន្លងមក នាយក្រឹមក៏មានទំនាក់ទំនងជាមួយនារីសិល្ប:មុនៗ ធ្វើឲ្យម្ដាយរបស់លោក និងលោកជាកូនៗរងទុក្ខវេទនាផងដែរ ប៉ុន្តែមិនខ្លាំងដូចបានទាក់ទងជាមួយនាងលាភនោះទេ ទើបលោកប្រកាសថាពិតជារឿងឆ្អែតចិត្តខ្លាំងណាស់ដែលនាយក្រឹមបានសម្រេចបោះបង់ភរិយាដើម និងកូនដើម ដោយក្រៅពីចុះចោលផ្ទះ ក៏ផ្ដាច់ទាំងហិរញ្ញវត្ថុទាំងស្រុងមកទល់នឹងពេលនេះ។

ឆ្លើយតបនឹងការទម្លាយនេះ នាយក្រឹមមិនទាន់សុំការបញ្ជាក់បានទេ ប៉ុន្តែក្នុងពេលសម្ភាសន៍មុនៗលោកថាបើទោះជាលោកបានជ្រុលជ្រួសជាមួយនាងលាភរហូតមានកូនភ្លោះ២មកទល់ពេលនេះ គឺលោកមិនដែលបោះបង់ប្រពន្ធ និងកូនដើមនោះទេគឺនៅតែទទួលខុសត្រូវជាស្វាមី និងជាឪពុកដដែល បើទោះជាការលើកឡើងនេះត្រូវបាន លោកដានីញ៉ែល ជាកូនប្រាប់ថាជាភូតកុហក៕

មតិយោបល់