ព័ត៌មានជាតិ

លួចបានសម្រេច តែភ្លេចខ្លួន ម្ចាស់គេប្រទះឃើញ ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ជាខ្ទើយរត់តុនៅភោជនីយដ្ឋានធីតាព្រិល ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ដាក់ខ្នោះ ក្រោយពេលដែលជនសង្ស័យម្នាក់នេះ ធ្វើសកម្មភាពចោរលួចយកអាយផេតបានសម្រេចមួយគ្រឿងពីបុគ្គលិកបំរើរួមការងារជាមួយគ្នា ហើយនៅពេលជនរងគ្រោះឃើញជនសង្ស័យនៅតាមផ្សារទើបចាប់ប្រគល់ជូនប៉ូលិសតែម្តង។

​ប្រភព​ឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២​ធ្វើការឃាត់ខ្លួនកាលពី​វេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៤ មិថុនា ២០១៦ នៅផ្សារទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្រោយពីលួច អាយផេត ប្រព្រឹត្តនៅចំណុច ភោជនីយដ្ឋានធីតាព្រិល ដែលមានទីតាំងនៅដីឡូត៍លេខ៤០ ផ្លូវលេខ៥៨៨ ក្រុមទី៥០ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ មិថុនា ២០១៦ វេលាម៉ោងប្រហែល ២១និង០០នាទី។

​ប្រភព​បន្តថា ជនសង្ស័យឈ្មោះ ខន សាំម៉ូអែល ហៅ អាខ្ទើយ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុនៅ ភោជនីយដ្ឋានធីតាព្រិល មានទីលំនៅដើម និងស្រុក កំណើតភូមិគង់រាជ ឃុំគង់រាជ ស្រុកល្វាឯម ខេត្តកណ្តាល ស្នាក់បណ្តោះអាសន្នក្នុងភោជនីយដ្ឋានធីតាព្រិល។ ចំណែកជនរងគ្រោះឈ្មោះ នួន ស្រីកែវ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយដ្ឋានធីតាព្រិល ស្នាក់នៅក្នុងភោជនីយដ្ឋានធីតាព្រិល ផ្លូវ លេខ៥៨៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

​ក្រោយ​ធ្វើការសួរនាំ ទើប​ដឹងថា សម្ភារបាត់បង់ មានអាយផេតមីនី៤ មួយគ្រឿង ពណ៌មាស។

​មន្ត្រីប៉ូលិសខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី១២ មិថុនា ២០១៦ វេលា ម៉ោងប្រហែល ២១និង០០នាទី ជនរងគ្រោះបានទុកអាយផេតនៅលើពូកក្នុងបន្ទប់ដេក ពេលនោះជន សង្ស័យបានដើរមកនិយាយទូរស័ព្ទ ក៏បានឃើញ អាយផេត របស់ជនរងគ្រោះ ក៏បានធ្វើសកម្មភាពលួចយក អាយផេតនោះ ហើយបានសុំថៅកែចេញមុនម៉ោង រួច គេចខ្លួនបាត់ ។ លុះនៅថ្ងៃទី១៤ មិថុនា ២០១៦ វេលាម៉ោងប្រហែល ១៧និង០០នាទី ជនរងគ្រោះបានប្រទះ ឃើញជនសង្ស័យនៅផ្សារទួលគោក ក៏បានធ្វើការ ឃាត់ខ្លួននាំមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋ បាលបឹងកក់ទី២ តែម្តង។

​បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់