ព័ត៌មានសិល្បៈ និងកម្សាន្ត

រន្ធត់ចិត្ត ពេលទស្សនាវីដេអូ ញឹម សួនសោភាទេពី ប្រកាសជាប់យប់មិញ

មិនខុសពីសប្ដាហ៍មុន សម្រាប់ការប្រកួត Cambodian Idol រដូវកាលទី៣នៅសប្ដាហ៍ទី៤ កាលពីយប់ថ្ងៃទី២ មីនា បេក្ខនារី ដែលមានប្រជាប្រិយភាពតាំងពីដើមទី កញ្ញា ញឹម សួន សោភាទេពី នៅតែស្ថិតក្នុងលេខរៀង២នាក់ចុងក្រោយ ក្នុងវគ្គប្រកាសលទ្ធផល។

យ៉ាងណាមិញ នាងនៅតែបានឆ្លងផុតជាថ្មី ខណៈដែលអ្នកទស្សនា ក៏បានដឹងថានាងនឹងជាប់១០០ភាគរយក្រោយបេក្ខនារីទី៩ បញ្ចប់ការច្រៀង ដោយសារតែកាលពីយប់មិញ គេដឹងគ្រប់គ្នាថា ភាពខ្វះខាតក្នុងការបកស្រាយបទចម្រៀង របស់ បេក្ខនារី ដា សុម៉ាវត្តី នឹងមិនអាចអោយញឹម សួនសោភាទេពី ធ្លាក់ចេញពីការប្រកួត។

ការប្រកួតដែលទើបបញ្ចប់យ៉ាងក្ដៅៗនោះ ទាំងសាមីខ្លួន និងអ្នកគាំទ្រសុទ្ធតែក្ដុកក្ដួលជាថ្មី តែបើធៀបនឹងសប្ដាហ៍ទី៣ ដែលនាងស្ថិតនៅ២រូបចុងក្រោយដូចគ្នា គឺមិនសូវមានអ្នកប្រហោងពោះនោះទេ ព្រោះតែ ដា សុម៉ាវត្តី ដែលឈររង់ចាំការប្រកាសដូចគ្នាជាមួយនាង ត្រូវគេដឹងថាមិនអាចទៅរួច ព្រោះតែបកស្រាយបទចម្រៀងប្រពៃណីខ្វះខាតខ្លាំង។ នេះជាសប្ដាហ៍ទី២ហើយ ដែលបេក្ខនារីមកពីរាជធានីភ្នំពេញរូបនេះ រន្ធត់ចិត្តម្ដងទៀតក្នុងពេលដែលនាងបានជាប់ឆ្លងទៅវគ្គ Live Show ក្នុងសប្ដាហ៍ទី៥ ក៍ទិដ្ឋភាពដែលនាងបានជួបកាលពីយប់មិញ គឺជារឿងដ៏រន្ធត់រហូតដល់នាងបង្ហូរទឹកភ្នែក សូម្បីតែពេលប្រកាសលទ្ធផលថាជាប់ទៅហើយ បើទោះជាអ្នកទស្សនា យល់ថាមិនតានតឹងដូចសប្ដាហ៍ទី៣។

ក្នុងសប្ដាហ៍ទី៤នេះ នាងត្រូវគេដាក់វិញ្ញាសារអោយច្រៀងបទប្រពៃណីខ្មែរ ហើយបើទោះជាបទចម្រៀងនោះ គឺជាប្រភេទបទពិបាកច្រៀង ក៏នាងនៅតែធ្វើបានល្អ មិនខុសគ្នាពីបេក្ខនារីដែលមានប្រជាប្រិយភាពផ្សេងទៀតក្នុងក្រុម។

នាងត្រូវបានគណកម្មការទាំង៤សរសើរថាបន់បែនសំឡេងបានល្អ តែបានបន្លឺថា នាងខ្វះបច្ចេកទេសអឺន និង ការទប់លំនឹងសំឡេងនៅចុងៗកន្ទុយៗផងដែរ ទើបធ្វើអោយបទចម្រៀងនោះ នៅមិនទាន់ល្អខ្លាំង។ ញឹម សួនសោភាទេពី ត្រូវអ្នកគាំទ្រ ទះដៃហ៑ោកញ្ជ្រៀវយ៉ាងខ្លាំង បន្ទាប់ពីប្រកាសថាជាប់ ដែលលទ្ធផលនេះ ស្មើនឹងការមិនធ្វើអោយចង់ឃើញនាងមានឱកាសទៅកាន់វគ្គបន្ត។

យ៉ាងណាមិញ នាងនឹងកាន់តែតានតឹង ក្នុងចំណោមបេក្ខជនបេក្ខនារីដែលនៅសល់ទាំង៨ ក្នុងពេលដែលអ្នកគាំទ្រ ដ្បិតថាបានធូរចិត្តក្រោយនាងត្រូវប្រកាសថាបានជាប់ក្នុងសប្ដាហ៍ទី៤លើកនេះម្ដងទៀត ក៏នៅតែសម្ដែងការបារម្ភសម្រាប់ការប្រឡងនៅសប្ដាហ៍ទី៥បន្តទៀត។ ប៉ុន្តែគេជឿថា នាងនឹងធ្វើបានកាន់តែល្អសម្រាប់វិញ្ញាសារដែលដាក់អោយ ដោយសារ ញឹម សួនសោភាទេពី គឺជាបេក្ខនារីដែលមានគ្រឹះសិល្បៈខាងផ្នែកចម្រៀង និង របាំបុរាណក្នុងសាលាវិចិត្រសិល្បៈតាំងពីក្មេង ហើយនាងក៏អាចបកស្រាយបទប្រភេទរ៉ក់ និងបទសម័យៗបានពិរោះ កម្ររកបាន៕

https://youtu.be/qR-TeN6YztA

https://youtu.be/paFqHuM6F1Y

មតិយោបល់