ការប្រឡងជម្រុះយក១៥នាក់ ដើម្បីទៅដណ្ដើមមកុដនៅក្នុងប្រទេសកូរ៉េក្នុងព្រឹត្តិការណ៍ Queen Of Spa ដែលបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជាត្រូវបានបញ្ចប់ហើយ ដោយរង់ចាំតែថ្ងៃបញ្ជូនបេក្ខនារីទាំង១៥នាក់នោះ អោយទៅដណ្ដើមមកុដនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះ។ ជាមួយគម្រោងចេញប្រកួតកាន់តែកៀក តារាស្រីកញ្ញា ស៊ីស៊ី ដែលបានក្លាយជាបេក្ខនារីមួយរូបជាប់លេខ១មួយរូប បានបង្ហាញក្ដីរំពឹងយ៉ាងខ្លាំងថានាងនឹងអាចដណ្ដើមបានមកុដ ឬពានណាមួយក្រោយការបង្ហាញខ្លួននៅក្នុងកម្មវិធី ដោយសារតែកម្មវិធីប្រកួតនោះ ក៏ប្រកាសថានឹងមានពានច្រើនផ្ដល់ជូន បន្ថែមពីលើមកុដស្រីស្អាត។
កញ្ញា ស៊ីស៊ី និយាយថា ក្រោយការប្រកួតជម្រុះចំនួនជាង៤០រូបនាងបានប្រកួតជាប់ហើយដោយជាប់ក្នុងចំណោម១៥នាក់ ដែលត្រូវជ្រើសរើសអោយចេញប្រកួតនៅក្នុងប្រទេសកូរ៉េ នាពាក់ខែមេសា ខាងមុខនេះ។
គម្រោងនេះនាងថាជាការប្រកួតដែលប្រទេសកូរ៉េធ្វើជាម្ចាស់ប្រទេស ដោយនេះគឺជាលើកទី១ដែលកម្ពុជាចូលរួម តែជាលើកទី៣ដែលបានធ្វើឡើងជាលក្ខណៈអន្តជាតិ។ ក្នុងចំណោម១៥នាក់ដែលបានជាប់ជម្រុះចុងក្រោយកាលពីថ្ងៃទី៣ មីនា នោះក៏មានកញ្ញា ធី សុវណ្ណថា ដែលជាតារានយោបាយជាប់ម្នាក់ផងដែរ ខណៈដែលនាងក៏បង្ហាញថាខ្លួនអាចនឹងឈ្នះតំណែងណាមួយដូចគ្នា។ ស៊ីស៊ី និយាយថា ការប្រកួតមួយនេះមានការចូលរួមដោយ៨ប្រទេស ហើយសម្រាប់បេក្ខនារីពីកម្ពុជាគឺមានចំនួន១៥នាក់តែម្ដង ដោយក្នុងការប្រកួតនោះ គឺគេផ្ដោតជាសំខាន់ទៅលើរូបសម្រស់ និងដងខ្លួន ដោយមិនខ្វល់ថាបេក្ខនារីចូលប្រកួតបានទទួលការកែសម្ផស្ស ឬក៏អត់នោះទេ ជាពិសេសអ្នកកែសម្ផស្សហើយបានស្អាត គឺរឹតតែមានសង្ឃឹម។ អ៉ីចឹងហើយទើបនាងរំពឹងថាក្នុងចំណោមមកដុជាច្រើន និងពានជាច្រើនដែលគ្រោងផ្ដល់អោយពីការប្រកួតនោះ គឺនាងកំពុងបង្ហាញនូវការភាពជឿជាក់។
ម្យ៉ាងមកពីនាងធ្លាប់ជាប់ជាកញ្ញាដែលមានដងខ្លួនស៊ិចស៊ី និងស្រស់ស្អាត កាលពីទៅប្រឡងនៅក្រៅប្រទេសលើកមុនផង ទើបរឹតតែធ្វើអោយនាងរំពឹងខ្ពស់ពីការទទួលបានតំណែងមួយត្រឡប់មកវិញ។ យ៉ាងណាមិញ
នាងថាអ្វីៗបានត្រឹមតែរំពឹងប៉ុណ្ណោះ ប៉ុន្តែភាពជាក់ស្ដែងគឺមិនទាន់ដឹងនោះទេ។ នាងថាក្នុងរយៈពេលក្រោយជាប់វគ្គជម្រុះនេះ នាងអត់ហ៊ានទទួលការងារសិល្បៈនោះទេ ដើម្បីថែរក្សាស្បែក និងសម្រស់ អោយកាន់តែស្អាត អោយត្រូវនឹងកម្មវិធីចង់បាន។ ក្រៅពីការប្រជែងមកុដ នាងក៏ត្រៀមបង្ហាញអត្តសញ្ញាណខ្មែរនៅលើទឹកដីកូរ៉េ ក្នុងពេលចេញទៅប្រកួតនោះផងដែរ៕
មតិយោបល់