ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌីជេ ឡាយអ៊ិន មិនខ្លាចទោះស៊ឹង ប៊ុណ្ណា រួចពិរុទ្ធ

ភ្នំពេញ: ចាប់តាំងពីពិធីករល្បីឈ្មោះ លោកឌីជេ ឡាយអ៊ិន បានប្រកាសដោយមិនសំចៃមាត់ថាពាណិជ្ជករល្បីឈ្មោះគឺលោកស៊ឹង ប៊ុណ្ណា ជាអ្នកសហាយស្មន់ជាមួយអតីតភរិយាខ្លួន និងបានប្រកាសថាលោកគឺជាបុរសដែលបានពាក់ព័ន្ធនឹងរឿងបែកបាក់របស់ចំណងអាពាហ៍ពិពាហ៍ខ្លួនហាក់ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ថា ក្រោយពីលោក ស៊ឹង ប៊ុណ្ណា រួចផុតពីការចោទប្រកាន់រឿងចេញស្សែកក្លែងក្លាយដោយតុលាការ គឺលោកពិតជាត្រូវលោក ស៊ឹង ប៊ុណ្ណា វាយបក។ យ៉ាងណាក៏ដោយតារាសម្ដែងរូបនេះបានប្រកាសដោយមិនញញើតមាត់ថា រូបលោកមិនខ្លាចនោះទេ ក្រោយពេលរឿងរ៉ាវឈានដល់ចំណុចនេះ។

លោកបានថ្លែងប្រាប់ក្នុងបទសម្ភាសន៍ជាមួយ Postnews ថា លោកឈប់ខ្លាចលោក ស៊ឹង ប៊ុណ្ណា តាំងពីមុនពេលពាណិជ្ជកររូបនេះ មានរឿងត្រូវបានតុលាការឃុំខ្លួននោះទៅទៀត ប៉ុន្តែ មកពីលោកមិនមានឱកាសតតាំងទើបលោកសម្ងំស្ងៀម។ លោកអះអាងថា ដំណាក់ត្រូវខ្លាចវាលែងកើតមានទៀតហើយ បន្ទាប់ពីអតីតកាលដែលខ្លួនបានទទួលពីលោក ស៊ឹង ប៊ុណ្ណា ពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួនរបស់លោកឈានដល់ដំណាក់កាលឆ្អែតចិត្ត។ លោកបាននិយាយថា «ពីមុនខ្ញុំសុខចិត្តទ្រាំ ដើម្បីកុំឲ្យប៉ះពាល់ការងារ ប៉ុន្តែឥឡូវខ្ញុំមិនត្រឹមតែនិយាយជាសាធារណ:ជាមួយអ្នកកាសែតប៉ុណ្ណោះទេ គឺ សូម្បីតែតាមកញ្ចក់ទូរទស្សន៍ក៏ខ្ញុំហានសម្ភាសន៍ដែរ ឈប់ខ្លាចទៀតហើយ!»។ លោកហានប្រឈមផ្លូវច្បាប់ជាមួយលោក ស៊ឹង ប៊ុណ្ណា ប្រសិនបើលោក ស៊ឹង ប៊ុណ្ណា ត្រលប់ចេញផុតពីការចោទប្រកាន់របស់តុលាការ ហើយចង់តក្ដីជាមួយលោក។

ឌីជេឡាយអ៊ិន បានអះអាងថា ខ្លួនមានភស្ដុតាង និងខ្សែអាត់សំឡេងពាក់ព័ន្ធនឹងអ្វីដែលខ្លួនបាននិយាយទាំងអស់ ហើយលោកជឿថា បើមានរឿងរ៉ាវតតាំងកើតឡើងជាមួយលោក ស៊ឹង ប៊ុណ្ណា ប្រាកដមែន គឺមិនខ្វះនោះទេ អ្នកធ្វើសាក្សីឲ្យលោក។ លោកបានបញ្ជាក់ថា ក្រុមអ្នកពាក់ព័ន្ធក្នុងរង្វង់គ្រួសាររបស់លោកទាំងអស់ សុទ្ធតែបានដឹងឮថា លោក ស៊ឹង ប៊ុណ្ណា លួចលាក់ស្នេហ៍ជាមួយប្អូនថ្លៃខ្លួនឯង ដែលជាអតីតភរិយារបស់លោក ហើយលោកក៏នៅតែប្រកាសជំហរថា ដោយសារតែការលូកដៃរបស់លោក ស៊ឹង ប៊ុណ្ណា ទើបបានជា លោកត្រូវបែកបាក់ភរិយា និងកូនទាំង៣ ដែលក្នុងពេលនេះ កូនទាំងនោះមិនបានរាប់លោកជាឪពុកនោះដែរ ដោយសារតែបំបិតឈ្មោះ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា រឿងរ៉ាវរវាងលោក និងលោក ស៊ឹង ប៊ុណ្ណា នឹងឈានដល់ដំណាក់កាលណានៅឡើយទេ ដោយសារតែក្នុងពេលនេះលោកស៊ឹង ប៊ុណ្ណា ស្ថិតក្នុងការចោទប្រកាន់របស់តុលាការមិនទាន់ចប់នៅឡើយ៕

មតិយោបល់