ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាស្រី៥ដួង ប្រកាសប្រជែងពានតារាឆ្នើមយ៉ាងស្វិតស្វាញ នៅថ្ងៃទី៩កក្កដាខាងមុខនេះ

បន្ទាប់ពីពានតារាឆ្នើមចំនួន៥ ត្រូវបានប្រកាសឡើង តារាស្រីចំនួន៦ដួង បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំថាខ្លួន នឹងរំលេចឈុតសំលៀកបំពាក់បុរាណខ្មែរ ដែលអាចឈ្នះពានអោយអស់ពីសមត្ថភាព ដោយម្នាក់ៗបានអះអាងថា បើទោះជាមិនអាចឈ្នះពាន ក៏ត្រូវតែធ្វើអោយខ្លួនលេចធ្លោនៅក្នុងពិធីនោះដែរ។ តារាទាំង៦ ត្រូវគេឃើញប្រកាសពីជំហរមិនដកដៃក្នុងប្រកួតប្រជែងតំណែងនោះ យ៉ាងមុតស្រួចតែម្ដង ខណៈដែលពួកគេក៏បង្ហាញពីក្ដីសង្ឃឹមខ្ពស់ក្នុងការទទួលបានពានណាមួយនោះផង សម្រាប់កម្មវិធីដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៩ ខែកក្កដានេះ។

កញ្ញា ប៊េប៊ី បានអះអាងថា សម្រាប់ព្រឹត្តិការណ៍ខួប«គ្រួសារតារាកម្ពុជា» កញ្ញាមិនត្រឹមតែទៅចូលរួមដើម្បីទទួលមេដាយកិត្តិយស ដែលគ្រោងទទួលបានប៉ុណ្ណោះទេ ប៉ុន្តែកញ្ញា ក៏នឹងប្រកាសដណ្ដើមយកពានតារាឆ្នើមពីការតែងខ្លួនបែបបុរាណនៅក្នុងពិធីនោះផងដែរ។ កញ្ញាបានត្រៀមនូវឈុតដ៏អស្ចារ្យមួយនៅក្នុងសម័យអង្គរ ដោយកញ្ញាបញ្ជាក់ថាមួយឈុតនោះមានការឌីហ្សាញយ៉ាងអស្ចារ្យពីអ្នកជំនាញម្នាក់ ដែលគ្រាន់តែកញ្ញាបានឃើញពីម៉ូដ និងប្លង់មិនទាន់ដំឡើងក៏មានមោទនភាពរួចបាត់ទៅហើយ។ ប៊េប៊ី បន្តថា កញ្ញាតែមានក្ដីស្រម៉ៃចង់ស្លៀកឈុតក្នុងសម័យអង្គរ និងក្នុងសម័យបុរាណផ្សេងទៀត ប៉ុន្តែបណ្ដាលមកពីមិនដែលមានកម្មវិធីតម្រូវអោយត្រូវនឹងកម្មវិធីទាល់តែសោះ ទើបនាងមិនដែលបង្ហាញរូបសម្រស់ជាមួយឈុតពីសម័យបុរាណ។ កញ្ញាបដិសេធបង្ហាញអោយឃើញពីម៉ូដឈុតរបស់ខ្លួនដែលគ្រោងស្លៀកយកមកប្រកួតប្រជែងនោះតែបានប្រកាសថា នឹងធ្វើអោយលេចធ្លោ ហើយមានលក្ខណៈគ្រប់គ្រាន់ដើម្បីដណ្ដើមពានមួយក្នុងកម្មវិធីនោះ។

កញ្ញា ភីយ៉ា៖ តារាសម្ដែងដែលមានឈ្មោះពិតថា លី ឌីណា រូបណា ក៏ប្រកាសយ៉ាងមុតមាំថា នឹងប្រជែងអោយដល់ទីបំផុតផងដែរ ដោយសារតែនាងចង់ឈ្នះពានពីការគ្រងឈុតបុរាណ។ កញ្ញាថាមួយឈុតរបស់នាងបើទោះចំណាយអស់ដល់ពាន់ដុល្លារ ក៏នាងចំណាយដែរ ដោយនាងបានរៀបចំចាត់ចែងជាបណ្ដើរៗរួចហើយ នូវឈុតក្នុងសម័យអង្គរមួយប្រភេទ ដែលនាងប្រាប់ថាមួយឈុតដែលនាងគ្រោងយកមកបង្ហាញនោះ គឺឈុតដែលមាននៅក្នុងចម្លាក់លើជញ្ជាំងប្រាសាទ ហើយពិតជាមានទម្រង់គ្រប់គ្រាន់ដើម្បីប្រកួតពាន។ កញ្ញាថាគ្មានអ្វីដែលមានកិត្តិយសជាងការឈ្នះពាន ពីការប្រកួតប្រជែងនោះទេជាពិសេសសម្រាប់ការឈ្នះពានដែល ពីការប្រកួតស្លៀកឈុតបែបបុរាណ ដែលនាងយល់ថានឹងធ្វើអោយនាងមានភាពលេចធ្លោប្រសិនបានឈ្នះបែបនេះ។

កញ្ញា វ៉ាន់ លីលី៖ តារាដែលមានឈ្មោះកំណើតថា ហន សាលី រូបនេះ ក៏មានមហិច្ឆតាគ្រប់គ្រងពានមួយក្នុងចំណោមពានតារាឆ្នើមស្រីទាំង៣ផងដែរ ដោយនាងនិយាយថា ក្នុងចំណោមពានតារាលេចធ្លោផ្នែកគ្រងឈុតបុរាណស័ក្ដសម ពានតារាលេចធ្លោផ្នែកបំផុសឈុតកម្រក្នុងសម័យបុរាណ និងពានតារាលេចធ្លោផ្នែករំលេចឈុតបុរាណកែច្នៃ កញ្ញាថាពិតជាមានមួយជាក្ដីសង្ឃឹមរបស់ខ្លួន។ យ៉ាងណាមិញ នាងថាមិនទាន់ដឹងថាក្ដីសង្ឃឹមនឹងកើតឡើង ឬយ៉ាងណានោះទេ បើទោះជានាងជឿជាក់លើឈុតបុរាណរបស់ខ្លួនច្រើនក្ដី។

កញ្ញា រំដួលលិចទឹក៖ តារាភេទទី៣រូបនេះ រឹតតែជាគោលដៅដែលមានការរំពឹងថានឹងឈ្នះពានពានមួយនៅក្នុងព្រឹត្តិការណ៍ខួប អមដោយពិធីប្រកួតឈុតបុរាណនោះ ខណៈដែលនាងក៏បានប្រកាសថាសម្ងំថាកែច្នៃមួយឈុតនៅក្នុងសម័យអង្គរយ៉ាងលំបាកបំផុត ដើម្បីអោយបានឈុតមួយដែលអាចប្រកួតប្រជែងបាន។ យ៉ាងណាមិញ នាងថាមិនសូវមានក្ដីសង្ឃឹមប៉ុន្មានទេ ក្នុងពេលដែលឈុតបុរាណៗរបស់តារាស្រីៗផ្សេងទៀត នៅមិនទាន់បង្ហាញដើម្បីអោយដឹងពីលក្ខណៈពិសេសដែលអាចអោយវិភាគជាមុនបែបនេះ។

អ្នកនាង ម៉ៅ ស៊ីណាត៖ ដ្បិតថាបានប្រកាសថាមិនចង់ឈ្នះពាននោះ ដើម្បីទុកឱកាសអោយក្មេងៗ ប៉ុន្តែអ្នកនាងថាខ្លួនក៏មានឈុតយ៉ាងអស្ចារ្យមួយនៅក្នុងសម័យអង្គរ ដើម្បីចូលរួមប្រកួតប្រជែងផងដែរ។ អ្នកនាងថាមួយឈុតដែលអ្នកជំនាញបានច្នៃអោយខ្លួន មានចំណុចពិសេសច្រើនយ៉ាងធ្វើអោយអ្នកនាងជឿជាក់ បើទោះជាអ្នកនាងប្រាប់ថាខ្លួនគ្រាន់តែចង់ស្លៀកដើម្បីលើកស្ទួយទម្រង់សិល្បៈប៉ុណ្ណោះ ប៉ុន្តែបើឈ្នះក៏កាន់តែសប្បាយចិត្ត។

ក្រៅពីតារាស្រីខាងលើ តារាស្រីផ្សេងទៀត ក៏បង្ហាញពីមហិច្ឆតាប្រកួតប្រជែងដណ្ដើមឈុតនោះផងដែរ ដោយគ្រាន់តែពួកគេមិនបានរំលេចអោយដឹងពីទម្រង់នៃសំលៀកបំពាក់នៃការប្រកួតប្រជែង ដោយអះអាងថាមិនដឹងឈុតរបស់ខ្លួនទៅរួច ឬមិនរួចនោះទេ ប៉ុន្តែក៏អាចនឹងមានសង្ឃឹមខ្លះៗផងដែរ។ ព្រឹត្តិការណ៍នៃការប្រកួតប្រជែងនេះ ត្រូវបានគេកត់សម្គាល់ថាកាន់តែធ្វើតារាសិល្បៈកញ្ជ្រោលក្នុងការរៀបចំខ្លួន ខណៈដែលអ្នកឈ្នះពានក៏នឹងទទួលដោយផ្ទាល់ពីបុគ្គលល្បីៗនៅក្នុងសង្គម និងពីផលិតករដែលមានស្នាដៃ៕

មតិយោបល់