កាលពីថ្ងៃទី៥ កក្កដា «គ្រួសារតារាកម្ពុជា» និងអ្នកស្រី ងិន ម៉ានីយ៉ា អ្នកនិពន្ធល្បីឈ្មោះមួយរូប ត្រូវជាម្ដាយបង្កើតរបស់លោក ថៃ នរៈសត្យា បានរួមគ្នាធ្វើពិធីបង្សកូល និងធ្វើបុណ្យធំមួយជូនដល់អតីតតារាចម្រៀង និងអតីតវីជេ អាលីយ៉ា នៅវត្តទួល ដោយក្នុងពិធីនោះក៏ត្រូវនឹងខួបកំណើតរបស់នាងគម្រប់៤០ឆ្នាំផងដែរ។ ក្នុងពិធីនោះ ក្រៅពីមានការកាត់នំខួបជូននាងដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់នាង ក៏មានការសូត្រមន្តបង្សកូលអោយនាង មានការចែកសារ៉ុងក្រមាលុយកាក់ជូនដល់ចាស់ៗ និងមានការវេចង្ហាន់ ជាទ្រង់ទ្រាយធំគួរសមថ្វាយដល់ព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលជូននាង។
អ្នកស្រី ងិន ម៉ានីយ៉ា ដែលជាអ្នកដឹកនាំធ្វើកម្មវិធីនេះ បានអះអាងថា ដោយសារតែអ្នកស្រីបានរាប់អានកញ្ញា អាលីយ៉ា មិនខុសគ្នានឹងកូនក្មួយម្នាក់ ទើបអ្នកស្រីចេញមុខទៅមើលថែនាងដល់មន្ទីរពេទ្យមុនពេលទទួលអនិច្ចកម្ម និងសម្រេចចេញមុខធ្វើពិធីបង្សកូលធំមួយអោយនាងនៅថ្ងៃទី៥ ខែកក្កដា ដើម្បីអបអរថ្ងៃខួបរបស់នាង។ អ្នកស្រីថាពិធីដែលបានធ្វើឡើងនោះ បានរួមចំណែកយ៉ាងខ្លាំងពីសប្បុរសជន និងពីតារាសិល្បៈមួយក្រុមរបស់«គ្រួសារតារាកម្ពុជា»។ អ្នកស្រីពិធីបង្សកូលត្រូវនឹងថ្ងៃខួបកំណើតរបស់នាងនោះ គឺដើម្បីឧទ្ទិសកុសលអោយនាងបន្ថែមពីលើពិធីបុណ្យ៧ថ្ងៃដែលទើបតែបញ្ចប់។
លោក ផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា» ដែលជាអ្នកដឹកនាំតារាសិល្បៈមួយក្រុម និងជាអ្នកគៀគរជំនួយចូលរួមក្នុងពិធីបង្សកូលនោះ បានអះអាងថា ការពិតគ្រួសារតារាកម្ពុជាបានរួមចំណែកចូលបុណ្យ៧ថ្ងៃរបស់កញ្ញា អាលីយ៉ា ជាមួយនឹងអ្នកនាងចន ច័ន្ទលក្ខិណា រួចហើយ ប៉ុន្តែដោយសារតែអាលីយ៉ា ធ្លាប់បានរួមចំណែកជួយដល់«គ្រួសារតារាកម្ពុជា»ក្នុងសកម្មភាពសប្បុរសធម៌ ទើបលោកសម្រចចិត្តប្រមូលកម្លាំងសប្បុរសធម៌ និងសមាជិកជាតារាសិល្បៈមួយចំនួនមកធ្វើបុណ្យរួមគ្នាជាមួយអ្នកស្រី ងិន ម៉ានីយ៉ា ដើម្បីអោយពិធីនោះកាន់តែអឹកអធឹក។
លោកថាជំនួយដែលបានពីការចូលបុណ្យរបស់តារាសិល្បៈរួមមានអ្នកនាងសឿ សុធារ៉ា អ្នកនាងចាន់ សុផានី អ្នកស្រី លីយ៉ា អ្នកនាង គង់ ចាន់រ៉ែន លោកវង្ស ថាណាន់ លោកយន វុទ្ធី ម្ចាស់ផលិតកម្ម B&S Good day កញ្ញា ណាតាហ្សា កញ្ញាកុសុម៉ា អ្នកនាងម៉ៅ ស៊ីណាត លោកសន សុវណ្ណារ៉ា កញ្ញារក្សា និងសិល្បករជាច្រើនផ្សេងទៀត ត្រូវបានកែច្នៃទិញជាស្លាដក់ ជាម្ហូបជា ជាផ្លែឈើ ជាភេសជ្ជៈ ជានំចំណី ជាមី ជាត្រីខ ជាគ្រឿងផ្ទះ ជាសារ៉ុង ជាក្រមា និងជាថវិកាប្រគេនដល់ព្រះសង្ឃ និងចាស់ៗក្នុងវត្ត ដើម្បីអោយកុសល់កាន់តែច្រើនដល់អាលីយ៉ា ម្ចាស់ទានទាំងអស់។ ក្នុងនោះអ្នកស្រីងិន ម៉ាលីយ៉ា ក៏បានប្រគេនទានវស្សាមួយគូធំ ជូនដល់វត្តផងដែរ ដើម្បីអោយកុសលទៅអាលីយ៉ា ក្នុងថ្ងៃខួបកំណើតនោះ៕

















































មតិយោបល់