ព្រឹត្តិការណ៍បំពាក់មេដាយរបស់«គ្រួសារតារាកម្ពុជា»ត្រូវបានបញ្ចប់យ៉ាងជោគជ័យកាលពីយប់ថ្ងៃទី៩ កក្កដា ក្រោមអធិបតីភាពរបស់លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន តែផ្ទុយពីបរិយកាសដែលបានលេចឡើង គេបែរជាស្ថាប័នមួយចំនួន ដែលមានចរឹតបន្ដុះបង្អាប់ បង្ខូចឈ្មោះកម្មវិធីនេះយ៉ាងងងើលទៅវិញ។ ផលិតករ និងសិល្បករជើងចាស់ដែលរងនូវការបំភ្លៃពីការបង្ហោះមិនពិតនោះ បានចេញមុខប្រតិកម្មរួមគ្នា និងចាត់ទុកថានោះជាព័ត៌មានអគិតិផ្ទុយពីវិជ្ជាជីវព័ត៌មាន និងមានចរឹតជាន់ពន្លិច។
ប្រតិកម្មនេះ កើតឡើងបន្ទាប់ពីវេបសាយចំនួន៤ រួមមាន វេបសាយ Mediatime.asia វេបសាយ enn-news វេបសាយCSN-News.com និង rkt-tv.online សរសេរក្នុងខ្លឹមសារចម្លងគ្នាថា ព្រឹត្តិការណ៍ប្រគល់មេដាយរបស់«គ្រួសារតារាកម្ពុជា»ជាវេទិកាបំបាក់មុខតារាចាស់ៗ ដោយសារតែគ្មានការលើកមុខមាត់ដោយផ្ដល់ជូននូវមេដាយកិត្តិយសដូចតារាក្មេងៗដែលបានទទួលនាថ្ងៃនោះ និងតម្រូវអោយតារាជើងចាស់ បង់ក្នុងម្នាក់១០០ដុល្លារជាថ្នូរនឹងការផ្ដល់ជូនមេដាយកិត្តិយស១ ប៉ុន្តែចុងក្រោយបានត្រឹមតែបណ្ដោយអោយតារាចាស់ម្នាក់ ទៅរើសមេដាយដោយខ្លួនឯង។
អត្ថបទដែលផ្សាយមិនត្រូវនឹងភាពជាក់ស្ដែងសូម្បីតែមួយចំនុចនោះបន្តថា កម្មវិធីមានអ្នកបរិច្ចាគលុយតាមការប្រកាសរបស់ពិធីកររហូតដល់ខ្ទង់ម៉ឺនដុល្លារ និងថាតារាដែលបានចូលរួមក៏ស្លៀកសម័យមិនចំសម័យ បុរាណមិនចំបុរាណ ដែលធ្វើអោយតារាជើងចាស់ប្រតិកម្ម។
អ្នកស្រី សាក់សាកេត មយ៉ូរ៉ា ផលិតករជើងចាស់ និយាយថា នេះជាវប្បធម៌ក្ដិចត្រួយ ខណៈដែលនេះជាសកម្មភាពលើកស្ទួយវប្បធម៌ដែលគួរតែបានទទួលនូវការលើកទឹកចិត្ត តែបែរជាបំភ្លៃផ្ទុយពីអ្វីដែលបានកើតឡើង។ អ្នកស្រីថាតារាជើងចាស់ច្រើនណាស់ បានកោតសរសើរពីការរៀបចំនោះ ហើយកម្រមាននោះដែរ ដែលក្រុមសិល្បៈមួយក្រុមចំណាយការរៀបចំដោយអោយតារារបស់ខ្លួនស្លៀកពាក់បុរាណស្រុះគ្នា ដោយមានទាំងការប្រកួតក្រោមការផ្ដល់ពិន្ទុពីអ្នកជំនាញផង ហើយផ្ដល់ឱកាសអោយតារាចាស់ៗបានចូលរួម។ អ្នកស្រីសម្ដែងការហួសចិត្ត ដែលមានការបំភ្លៃថា តារាចាស់ៗ និងភ្ញៀវកិត្តិយសសុទ្ធតែតម្រូវអោយបង់ក្នុងម្នាក់១០០ដុល្លារ ហើយអ្នកបរិច្ចាគថវិកាទៀតសោតក៏មិនទទួលបានមេដាយកិត្តិយសលើឆាក ដែលខុស១០០លើ១០០ពីអ្វីដែលមាននៅក្នុងកម្មវិធី។ អ្នកស្រីបន្តថា ព្រឹត្តិការណ៍មួយនេះ គេបានប្រកាសថាហើយថា ជាពិធីបំពាក់មេដាយកិត្តិយសជូនដល់តារាដែលមានស្នាដៃជួយសង្គមក្នុងក្រុម អ៊ីចឹងវាមិនអាចនោះទេ ដែលតារាជើងចាស់បង្ហាញខ្លួនត្រូវបានទទួលមេដាយដូចគ្នានឹងតារាក្មេងៗ។
លោក ទេព រិន្ទដារ៉ូ បញ្ជាក់ថា កម្មវិធីទាំងមូលធ្វើបានល្អណាស់ អ្នកណាចង់បរិច្ចាគលុយក៏បរិច្ចាគទៅ ហើយអ្នកមិនចង់ក៏ដូចជាអត់មានការកំណត់ ហើយបើតាមដែលលោកបានស្ដាប់ពីការប្រកាសគឺមានទឹកប្រាក់បរិច្ចាគតែ២ពាន់ដុល្លារពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន និង២ពាន់ដុល្លារពីលោកជំទាវ គន់ គីម ប៉ុណ្ណោះ ដោយមិនឃើញមានការបរិច្ចាគណាមួយដល់រាប់ពាន់រាប់ម៉ឺនដុល្លារនោះទេ។
អ្នកគ្រូ គង់ ណារី ក៏ចាត់ទុកដូចគ្នាថា អ្វីដែលបានចុះផ្សាយគឺការបំផ្លើសពីកម្មវិធីមួយ ដែលមានរដ្ឋមន្ត្រីក្រសួងព័ត៌មានជាគណអធិបតី ខណៈដែលអ្នកគ្រូប្រកាសថា នេះជាព្រឹត្តិការណ៍លើកកម្ពស់តម្លៃអ្នកសិល្បៈធំមួយ ដែលរៀបចំបានល្អ ទាំងប្រគល់មេដាយ ទាំងការផ្ដល់ប័ណ្ណសរសើរ និងពានការប្រកួត ដោយអ្នកគ្រូយល់ថាអ្នកបំភ្លៃពិតមានចេតនាមិនល្អណាមួយ ទើបសរសេរបំភ្លើសបែបនេះ។
អ្នកនាងស្វែង សុជាតា បានបង្ហោះតបតនឹងព័ត៌មាននោះថា«នាងខ្ញុំស្វែង សុជាតា ក្នុងនាមតារាជើងចាស់មួយរូបដែរ ក៏ដូចជាតារាជើងចាស់ជាច្រើនដែលបានអញ្ជើញចូលរួម ក្នុងកម្មវិធីខួបគំរប់២ឆ្នាំរបស់គ្រួសារតារាកម្ពុជា សូមបដិសេដទាំងស្រុងនៃការសសេរបំផ្លើសអស់ទាំងនេះ សសេរនេះក្នុងន័យរុកឆ្កៀល អោយពួកយើងមានសេចក្តីអន់ចិត្តគ្នារៀងៗខ្លួនដោយមិនដឹងខ្លួន ចូលឈប់ទៅមនុស្សមួយក្តាប់តូចដែលពូកែដើរនិយាយអាក្រក់ពីគេ ច្រណែនគេ មួលបង្កាច់គេ នឹងល្មមផ្អាកហើយ!»។
លោក សាវិន ហ្វីលីព បានអះអាងថា កម្មវិធីមួយនេះ ឃើញមានតែអ្នកសរសើរ និងសើចក្អាកក្អាយក្នុងការជួបគ្នាជាទ្រង់ទ្រាយធំ ក្នុងរង្វង់សិល្បៈនាពេលនោះប៉ុណ្ណោះ ដូចមិនឮពីការរិះគន់ណាមួយឡើយ។ លោកសម្ដែងប្រតិកម្មដែលយករូបលោកទៅភ្ជាប់នឹងព័ត៌មានអវិជ្ជមានមួយនោះ ដែលអាចនឹងធ្វើអោយមានការភាន់ច្រលំថារូបលោក មានការអន់ចិត្តនឹងកម្មវិធី។
អ្នកស្រី សរ កេសរ៉ា ផលិតករជើងចាស់ បានសម្ដែងអារម្មណ៍មិនយល់នៅពេលបានឃើញពីព័ត៌មានរបស់វេបសាយទាំង៤ ដោយចាត់ទុកថានោះជាការបំភ្លៃទាំងស្រុងមិនអាចទទួលយកបាន។
នាយឃ្លោក ថ្លែងថា ហេតុផលដែលនាំអោយមានការបំភ្លៃដ៏ងងឹតងងុលនោះ មិនមានអ្វីក្រៅពីភាពច្រណែន និងគំនិតក្ដិចត្រួយនោះទេ ក្នុងពេលដែលលោកនៅតែសរសើរមិនដាច់ពីមាត់ថា នោះជាកម្មវិធីដែលលើកមុខមាត់អ្នកសិល្បៈបំផុត ជាពិសេសគឺការលើកស្ទួយទម្រង់បុរាណ។
គួរបញ្ជាក់ថា បើទោះជាមានការចុះផ្សាយថាលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន មានការអន់ចិត្តនឹងកម្មវិធីព្រោះតែលោកមកដល់នៅវេលាម៉ោង៤កន្លះ ហើយមិនទាន់មានតួមកច្រើនធ្វើអោយលោករង់ចាំ ប៉ុន្តែធាតុពិតលោក ខៀវ កាញ៉ារីទ្ធ បានផ្ដល់ភាពកក់ក្ដៅដល់កម្មវិធីយ៉ាងពេញទំហឹងទាំងការទ្រទ្រង់ជាថវិកា និងនៅជាមួយកម្មវិធីរហូតដល់ម៉ោងជិត១១យប់ គឺផ្ដល់កិត្តិយសរហូតដល់បញ្ចប់ការប្រគល់មេដាយមាស ប័ណ្ណកិត្តិយស និងប្រគល់ពានតារាឆ្នើមផ្នែកស្លៀកឈុតបុរាណ៕
មតិយោបល់