ព័ត៌មានជាតិ

ជនជាតិចិន ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តកូរ៉េបុកពេញទំហឹង របួសធ្ងន់ទាំង២នាក់

ភ្នំពេញៈ បុរសជនជាតិចិន២នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនភ្លាមៗ ខណៈដែលជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រយ័ត្ន ហើយត្រូវរថយន្តកូរ៉េដឹកត្រីបុកចំពីមុខយ៉ាងពេញទំហឹង។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៣ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ (ជួរផ្លូវមាត់ទន្លេ) កែងនិងផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភព័ព៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសពីរនាក់ជាជនជាតិចិន បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ស៊េរីចាស់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៨ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ហើយមកដល់ចំណុចកើតហេតុបានបន្ថយល្បឿនបន្តិចក៏បានបត់ឆ្វេងឆ្លងផ្លូវទៅជើងមិនប្រយ័ត្ន ស្របពេលនោះក៏មានរថយន្តកូរ៉េ១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-2392 ដែលដឹកត្រីឡើងពេញ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចគ្នា ក៏រថយន្តនិងម៉ូតូបុកចំពីមុខគ្នាពេញទំហឹង បណ្ដាលឲ្យជនជាតិចិនដែលជិះម៉ូតូ រងរបួសធ្ងន់ទាំង២នាក់ ភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះទៅកាន់មន្ទីរពេទ្យឯកជនភ្លាមៗ ។ ចំណែកឯរថយន្តនិងម៉ូតូបានរងការខូចខាតផ្នែកខាងមុខដូចគ្នា ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទំនាក់ទំនងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យនៃស្នងការដ្ឋាននគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ ៕

មតិយោបល់