មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ស្រាប់តែប្រកាសថា លោកមានភាគហ៊ុន៥០ភាគរយ ស្មើនឹងជាង៥លានដុល្លារ ធ្វើជំនួញដីធ្លី ដោយលោកបានចាប់ដៃទិញដីរកស៊ីពុះដីជាមួយ លោកឧកញ៉ា ឡេង ណាវ៉ាតត្រា ដែលនេះជាទុនច្រើនជាងតែម្ដងនឹងលោកព្រាប សុវត្តិ។ លោកថែមទាំងមានជំនឿយ៉ាងខ្លាំងថា ជំនួញអចលនទ្រព្យលើកដំបូងរបស់ខ្លួន លើបណ្ដោយផ្លូវជាតិលេខ៣នោះ នឹងទទួលជោគជ័យពេញទំហឹងនោះផង។
លោក ខេមរៈ សិរីមន្ត ថ្លែងក្នុងវេទិកាសន្នសីទកាសែតកាលពីព្រឹកថ្ងៃទី៦ សីហា ថាក្នុងជំនួញដីធ្លីដែលមានទំហ៊ំជាង៤០ហិកតា ស្មើនឹង៣គម្រោងដែលលោក បានធ្វើជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ គឺលោកប្រើទុន៥០ភាគរយម្នាក់ ដោយសរុបជាទឹកប្រាក់គឺជាង១០លានដុល្លារ ដែលមានន័យថា លោកបានចូលហ៊ុនម្នាក់ឯងចំនួនជាង៥លានដុល្លារ មុននឹងធ្វើការប្រកាសឲ្យដឹងពីមុខជំនួញរួមគ្នាឡើង។ ដើម្បីអបអរអ្នកទិញដីឡូតិ៍របស់លោក លោកបានទាំងសម្រេចផ្ដល់សំបុត្រយន្តហោះ ដើរកម្សាន្តទៅកាន់ ប្រទេសសិង្ហបុរីរយៈពេល២យប់៣ថ្ងៃ សម្រាប់អ្នកទិញដីរបស់លោក ក្នុងមួយឡូតិ៍នៅឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិតផ្សារព្រៃទទឹង លើផ្លូវជាតិលេខ៣ ចម្ងាយពីរង្វង់មូលចោមចៅ១១គីឡូ ក្នុងរយៈពេល១៥ថ្ងៃនោះផង។ យ៉ាងណាមិញ លោកបានបដិសេធបញ្ជាក់ឲ្យដឹងថា តើដើមទុនរហូតដល់ជាង៥លានដុល្លារនោះ តើលោកទទួលបានមកពីអាជីពចម្រៀងកន្លងមក ឬបានពីណាជ្រោមជ្រែងពីក្រោយខ្នង ដោយលោកគ្រាន់តែអះអាងថា នោះជាដើមទុនខាងចំណែកលោក។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ថា ការចាប់ដៃជាមួយលោក ខេមរៈ សិរីមន្ត លើកនេះ គឺលោក និងលោកសិរីមន្ត ដាក់ហ៊ុនគ្នាទិញដី និងធ្វើហេដ្ឋារចនាសម្ព័នក្នុងម្នាក់ជាង៥លានដុល្លារ ដោយក្នុងដើមទុនសរុបទាំង២នាក់ចំនួនជាង១០លានដុល្លារនោះ គឺបូករួមលើដីទាំង៣គម្រោង និងបូករួមទាំងការចំណាយលើការចាក់ដី និងធ្វើប្រព័ន្ធទឹកភ្លើង និងលូ នៅលើគម្រោងទាំងមូលផង។ លោកថាលោក និង លោកខេមរៈ សិរីមន្ត នឹងបន្តគម្រោងបន្តបន្ទាប់ទៀត ដោយមិនរង់ចាំទាល់តែគម្រោងពុះឡូតិ៍ប្រមាណជាង៤០ហិកតា ត្រូវលក់អស់នោះទេ។ យ៉ាងណាមិញ លោកថាខ្លួនមិនមានគម្រោងបណ្ដាក់ទុន ជាមួយតារាណាផ្សេង ក្រោយពីចុះកុងត្រារកស៊ីជាមួយលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ទៀតទេ៕
មតិយោបល់