ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេមរៈ សិរីមន្ត ប្រកាសមុខជំនួញបើកក្រុមហ៊ុន

ទើបតែសម្រេចចិត្តបណ្ដាក់ទុនលើជំនួញដីធ្លីក្ដៅៗសោះ ស្រាប់តែតារាចម្រៀង ខេមរៈ សិរីមន្ត ប្រកាសអោយដឹងបន្ថែមទៀតពីមុខជំនួញបើកក្រុមហ៊ុនរបស់ខ្លួន កាលពីព្រឹកថ្ងៃ៣១ សីហា។ នេះជាមុខជំនួញមួយថ្មី បន្ទាប់ពីលោកប្រឡូកអាជីពចម្រៀងក្នុងរយៈពេលជាង១០ឆ្នាំ។

ថ្លែងនៅក្នុងថ្ងៃបើកសម្ពោធហាង «ថៃ ត្រាហ្គន» លោក ខេមរៈ សិរីមន្ត បានថ្លែងថា ​លោកសម្រេចចិត្តបើកក្រុមហ៊ុននាំចូលទឹកអប់ម៉ាក Or Brand ជាទឹកអប់ថ្មីសន្លាងរបស់ពិភពលោក ដោយទិញប្រេនពីប្រទេសបារាំងដោយផ្ទាល់ ដោយមានជំនឿចិត្តយ៉ាងខ្លាំងថាមុខជំនួញនេះទទួលជោគជ័យ។ លោក ខេមរៈ សិរីមន្ត និយាយថា «ការផលិតនេះទៀតសោត គឺខ្ញុំគិតថា ទទួលបានគុណភាពដើមទាំងស្រុង ជាប់បានយូរពេញមួយថ្ងៃ រហូតដល់ពេញ​២៤ ម៉ោង ឯណោះ។ ​មានក្លិនក្រអូបប្រហើរ ទាន់សម័យសមស្រប ទៅនឹងយុគសម័យដ៏ទំនើប នាពេលបច្ចុប្បន្ននេះ និង​ទៅអនាគត ពោលគឺជាជម្រើសសតែមួយគត់ សម្រាប់អតិថិជនដែលនិយមប្រើប្រាស់ ទឹកអប់។ Or brand ទឹកអប់កំពូលសម្រាប់បុរស និង នារី»។

ជាមួយនឹងការប្រកាសអោយដឹងពីមុខជំនួញនេះ ធ្វើអោយគេកត់សម្គាល់ភ្លាមៗថា តារាចម្រៀង លោក ខេមរៈ សិរីមន្ត ចាប់ផ្ដើមបោះជំហានកាន់តែខ្លាំងលើវិស័យជំនួញ បន្ទាប់ពីលោកក៍ទទួលជោគជ័យក្នុងវិថីសិល្បៈ ក្រោយចូលហង្សមាស។ លោកអះអាងថា នេះជាមុខជំនួញ ដែលលោកចំណាយទុនច្រើនម៉ឺនដុល្លារ តែលោកបានបដិសេធមិនបង្ហើបអោយដឹងពីខ្ទង់ចំណាយក្នុងគម្រោងទិញប្រេនទឹកអប់យកមកលក់ និងបើកហាងធំដុំដើម្បីធ្វើជំនួញនេះទេ៕

មតិយោបល់