ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយឆើត ស្ថិតក្នុងក្ដីបារម្ភ ក្រោយបាក់ឆ្អឹងជំនី៤ និងមានឈាមកក

តាំងពីរងគ្រោះថ្នាក់ចរាចរណ៍ រ៉ឺម៉កបុកពេញទំហឹង កាលពីថ្ងៃទី៧ កញ្ញា តារាកំប្លែង នាយឆើត ដែលមានឈ្មោះពិតថា ពៅ គីសាន់ នៅមិនទាន់ចេញឆ្ងាយពីសភាពធ្ងន់ធ្ងរឡើយ បើទោះជាត្រូវដឹកយកទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យលោកសង្ឃ ឬមន្ទីរពេទ្យព្រះកុសុមៈ។ លោកបាក់ឆ្អឹងជំនី៤ មានឈាមកកក្នុងក្បាល និងសភាពគួរឲ្យបារម្ភ បើយោងតាមការរៀបរាប់ពីសាច់ញាតិ។

លោក គីសាន់ រ៉ៃយ៉ា កូនប្រុសរបស់លោក បានថ្លែងបញ្ជាក់ថា ក្នុងពេលធ្វើដំណើរពីម្ដុំខេមកូសុីធី ទៅផ្ទះនៅជិតបាសិត លោក ពៅ គីសាន់ ហៅនាយឆើត ក៏ជួបហេតុការណ៍ ត្រូវរ៉ឺម៉កម៉ូតូបុកពីក្រោយ បណ្ដាលឲ្យបែកក្បាល រយះដៃជើង និងបាក់ឆ្អឹងជំនី ដល់ទៅ៤កន្លែង។ លោកថា លោកឳពុកពេលនេះ មានសភាពវង្វេងវង្វាន់ និងហូបអ្វីមិនបាន ដោយបានតែថ្នាំជាអ្នកជួយសង្គ្រោះសុទ្ធសាធ។

លោកសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលលោក ពៅ គីសាន់ ត្រូវគ្រូពេទ្យប្រាប់ថា មានឈាមកកក្នុងក្បាល ហើយលោក និងក្រុមគ្រួសារ ក៏មិនមានលទ្ធភាពវះកាត់ភ្លាមៗ។ លោកថ្លែងដោយអារម្មណ៍តក់ស្លុតថា «ខ្ញុំមិនបានស្ថិតនៅកន្លែងកើតហេតុនោះទេ ខណៈដែលរ៉ឺម៉កម៉ូតូ ដែលបុកគាត់ហើយរត់គេចបាត់នោះ តែអ្វីដែលសំខាន់ គឺគាត់ពេលនេះ ស្ថិតក្នុងសភាពធ្ងន់»។ លោក គីសាន់ រ៉ៃយ៉ា បន្តថា ឳពុករបស់ខ្លួន ក៍មានជំងឺប្រចាំកាយមួយចំនួនផងដែរ ទើបលោកកាន់តែបារម្ភ ពីសុខភាពទ្រុឌទ្រម ក្នុងពេលស្ថានភាពរបួស ក៏មានកម្រិតធ្ងន់ ហើយការព្យាបាលក៏មិនមានលទ្ធភាពគ្រប់គាន់ទៀត៕

មតិយោបល់