ភ្នំពេញៈ ផលិតករ និងជាអ្នកដឹកនាំសម្តែងពីរ ដួង ក្នុងរង្វង់សិល្បៈ បានបង្ហាញពី អត្តចរិក តារាសម្តែងសិចស៊ី កញ្ញា ដេននី ក្វាន់ ដោយលើកហេតុផលថា យើងមិនអាចមើលមនុស្ស តែសំបកខាងក្រៅនោះទេ។
លោក រចនា ដួង ជាអ្នកគ្រប់គ្រងការផលិត ក្នុងផលិតកម្មបូរីអង្គរ និងជាតួសម្តែងក្នុងបទ ឪពុកខ្ញុំជាប៉ូលិសចរាចរណ៍ បានប្រាប់ Post News ឲ្យដឹងថា ធាតុពិត ដេននី ក្វាន់ នាងរួសរាយរាក់ទាក់ណាស់ នាងមិនឆ្មើងឆ្មៃ ដឹងចាស់ដឹងទុំ ណាស់ បើទោះបីជានាងចូលចិត្តសិចស៊ីបន្តិច ប៉ុន្តែយើងមិនអាចមើលមនុស្សតាមរយៈ រូបរាងខាងក្រៅនោះទេ ។
លោក រចនា ដួង បន្តថា និយាយយ៉ាងដូច្នោះ មិនមែនមានន័យថា ខ្ញុំទទួលបានលាភសក្ការៈ ពីដេននី ក្វាន់នោះទេ តែអ្វីដែលពិត យើងត្រូវនិយាយពិត ព្រោះខ្ញុំមិនជាប់សាច់សារលោហិតអីនឹងនាងនោះទេ ជាក់ស្តែង បើសិនជានាងឃើញយើងនៅតាមទីសាធារណៈ នាងសុខចិត្ត បើកកញ្ចក់រថយន្ត សួរណែនាំ ។
ដោយឡែកលោក ចាន់ មករា ជាផលិតករ និងអ្នកដឹកនាំការផលិតស្ពតនានា ក៏បានលើកហេតុផលស្រដៀងគ្នាផងដែរ ដោយលោកលើកហេតុផលមួយថា យើងមិនអាចមើលមនុស្សតែសំបកក្រៅនោះទេ កាលពីមុនខ្ញុំក៏ធ្លាប់គិតដូចគ្នាថា នាងជាមនុស្សសិចស៊ី ស៊ីវិល័យ ជិះសុទ្ធតែ Range ចឹង ពិបាក អាចនឹងធ្វើឬកធ្វើពារ ។ ប៉ុន្តែការគិតនោះ ខុសស្រឡះ នាងជាមនុស្សដឹងខុសត្រូវ នៅពេលដែលខ្ញុំ បានធ្វើការជាមួយនាង ក្នុងការផលិតបទចម្រៀង «ផ្កាយព្រះអង្គារ» និង «គ្មានសិទ្ធ» របស់តារាចម្រៀង សាន ផានិត ។
ផលិតករខាងលើបន្តថា នៅពេលដែលយើងប្រាប់ នាងធ្វើតាម ហើយបើសិនជាយើង បាយកញ្ចប់នាងគឺបាយកញ្ចប់ដែរហើយ យើងដេកផ្ទះតូចៗក្នុងព្រៃ (Home Stay)ដែលគ្មានពូក គ្មានម៉ាស៊ីនត្រជាក់ និងគ្មានបង្គន់ត្រឹមត្រូវ នាងក៏សម្របខ្លួនតាមក្រុមការងារ បើទោះបីជាក្បែរៗ នោះមាន រីសត ឬផ្ទះសំណាក់ ដែលមានអ្វីៗគ្រប់យ៉ាងនោះ ៕
មតិយោបល់