ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាថៃ Mario មកសម្ដែងស្រុកខ្មែរ សុទ្ធតែសារ៉ែន និងកងអង្គរក្សបរទេស

កាលពីថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៩ តារាសម្ដែង និងជាតារាចម្រៀងល្បីល្បាញ លោក ម៉ារីអូ Mario បានបង្ហាញខ្លួនយ៉ាងកក្រើក ក្នុងពិធីខួប៤ឆ្នាំរបស់ស្ថានីយ៍ទូរទស្សន៍ភីអ៊ិនអ៊ិន។ អ្វីដែលកត់សម្គាល់ គឺគេឃើញក្រុមការងារ និងកងការពាររបស់លោកយ៉ាងច្រោងច្រាងពេញពិធីតែម្ដង ខណ:ដែលអ្នកចាំការពារលោកពេលសម្ដែង និងចុះពីឆាក គឺសុទ្ធតែជនបរទេស្បែកសតែម្ដង។

នៅក្នុងពិធីនោះតារាខ្មែរក៏ឃើញសុទ្ធតែល្បីៗផងដែរដូចជា លោក អែតវីន កញ្ញា យូប៊ីន លោកប៉ែន ចំរ៉ុង អ្នកនាង ភិន សុដាលីស អ្នកស្រី ចាន់ សោភ័ណ្ឌ លោក អ៉ិន លោក អូន ឩស្សាហ៍ លោក លាង ឩត្តម និង អ្នកនាង សឿន ផានផាភួង ជាដើម។ ក្នុងពិធី ក៏មានការបកស្រាយចម្រៀង ពីលោក ជា ដេវីត ជាច្រើនបទផងដែរ ប៉ុន្តែគេនៅតែកត់សម្គាល់ថា សន្ទុះគាំទ្រតារាថៃលោក Mario ក្នុងពេលបង្ហាញខ្លួន គឺលុបខ្លាំងជាងតារាខ្មែរ។ លោក ម៉ារីអូ ដែលជាតារាល្បីល្បាញរបស់ថៃ បានឡើងបកស្រាយបទចម្រៀងជាភាសាថៃ និងបាននិយាយជាភាសាខ្មែរមួយម៉ាត់ៗ ធ្វើឲ្យមានសម្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពង ពីហ្វេនគាំទ្រ។ ក្នុងពេលលោកបកស្រាយបទចម្រៀង និងកំពុងសម្ដែងលើឆាក គេឃើញក្រុមការងាររបស់ប៉ុស្តិ៍លេខ៣ថៃ រៀបក្បួនច្រូងច្រាងតែម្ដងដើម្បីលើកមុខដល់តារាថៃរូបនេះ។ ធៀបនឹងតារាល្បីកម្ពុជា លោកម៉ារីអូ មានអ្នកចាំប្រមាញ់រូបសន្លឹកនៅម្ខាង មានអ្នកថតវីដេអូម្នាក់នៅម្ខាងទៀត ក្នុងពេលដែលលោកច្រៀង ក៏មានអ្នកហុចទឹក និងអ្នកចាំជូតញើស ខុសពីតារាខ្មែរ ដែលរាល់ពេលឡើងឆាក រំពឹងតែហ្វេនចាំថតរូបឲ្យ និងត្រូវរត់រកក្រដាស់ជូតញើសខ្លួនឯង។ ងាកទៅមើលអង្គរក្សដែលការពារលោក មិនឲ្យអ្នកគាំទ្របង្ករញ៉េរញ៉ៃបានវិញ គឺម្ខាងឆាក២នាក់ ខាងមុខឆាក២នាក់ ដោយសុទ្ធតែជាជនជាតិអាមេរិក។ អ្នកគាំទ្រដែលចាប់តោងដៃលោក ម៉ារីអូ ហើយមិនចង់ព្រលែង ឬ ចង់រុលមកលើឆាកបង្កភាពរញ៉រញ៉ៃ គឺសុទ្ធតែត្រូវបានបំបែកដោយកងអង្គរក្សមាឌធំៗទាំងនោះ។ ងាកទៅរថយន្តរបស់លោកវិញ គឺមាននាំមុខដោយរថយន្តកងរាជអាវុធហត្ថបើកសារ៉ែន ដែលកាន់តែធ្វើឲ្យតារាថៃលោក ម៉ារីអូ មានកិត្តិយសក្នុងដំណើរមកសម្ដែងនៅកម្ពុជា។

លោក ម៉ារីអូ និយាយថា ការមកសម្ដែងនៅក្នុងប្រទេសកម្ពុជាលើកនេះ លោកមានការកក់ក្ដៅជាងមុន ដោយសារតែអ្នកគាំទ្រកម្ពុជាស្វាគមន៍តាំងពីចុះពីព្រលានរហូតដល់ក្នុងពេលលោកសម្ដែងលើឆាក។ លោកថាសប្បាយចិត្តដែលទទួលបានការអញ្ជើញឲ្យធ្វើជាតារាកិត្តិយសក្នុងខួប៤ឆ្នាំរបស់ភីអ៊ិនអ៊ិន ខណ:ដែលលោកត្រៀមនឹងបញ្ចេញភាពយន្តថ្មី ដើម្បីអ្នកគាំទ្រនៅកម្ពុជាផងដែរនោះ៕

មតិយោបល់