ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រួសារតារាកម្ពុជា ស្នើឲ្យទូតសុឆន្ទៈ ចូលរួមឲ្យសកម្មក្នុងកិច្ចការសង្គម

យោងតាមការបង្ហោះ ស្ថាបនិកគ្រួសារតារាកម្ពុជា បានស្នើឲ្យទូតសុឆន្ទៈចូលរួមអោយសកម្ម ដើម្បីកិច្ចការសង្គមខណៈដែលម្ចាស់ពានចំនួន៧រូប ដែលទទួលបានពានក្នុងឆ្នាំ២០១៩ បើអសកម្មក្នុងរយៈពេល១ឆ្នាំ នឹងមិនអនុញ្ញាតិអោយធ្វើជាគណកម្មការ ផ្ដល់ពិន្ទុសម្រាប់ការប្រកួតឈុតបុរាណឆ្នាំក្រោយនោះទេ។
អ្នករៀបចំការប្រកួតឈុតបុរាណរូបនេះ ថ្លែងថា គោលបំណងនៃការតែងតាំងម្ចាស់ពានជាទូតសុឆន្ទៈ គឺចង់អោយតារា ដែលត្រូវបានជ្រើសបានរួមចំណែកជួយសង្គម និងកាន់តែមានកេរ្តិ៍ឈ្មោះនៅក្នុងសិល្បៈ ប៉ុន្តែបើម្ចាស់ពានទាំងនោះ ខ្វះការលះបង់ជួយក្រុម និងខ្វះឆន្ទៈក្នុងការចូលរួម គ្រួសារតារាកម្ពុជា ក៍មិនអាចទៅរួចតែម្ខាងបានដែរ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និងជាអ្នករៀបចំព្រឹត្តិការណ៍ប្រកួតឈុតបុរាណថ្លែងថា អ្នកទទួលបានតំណែង ជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា មិនខុសពីទទួលបានឱកាសធំមួយ ក្នុងការពង្រីកកេរ្តិ៍ឈ្មោះ និងមុខមាត់ របស់ខ្លួន តាមរយៈសកម្មភាពរបស់គ្រួសារតារាកម្ពុជា អោយកាន់តែខ្លាំងនៅក្នុងវិស័យសិល្បៈនៅទេ ប៉ុន្តែបើមានតំណែងហើយ មិនចេះចាប់ឱកាស ក៍មិនអាចពឹងតែលើការងារសិល្បៈ ដែលមានស្រាប់ ហើយអាចឈរជើងល្បីល្បាញ នៅក្នុងបរិយាកាស ដែលមានអ្នកសិល្បៈប្រកួតប្រជែងបែបនេះ បានយូរអង្វែងដែរ។ លោកថាម្ចាស់ពានរបស់គ្រួសារតារាកម្ពុជា មិនត្រូវបានតែងតាំង ជាទូតសុឆន្ទៈប្រចាំក្រុមទាំងអស់នោះទេ ដោយក្នុងចំណោមអ្នកជាប់ពានឈុតបុរាណទាំងឆ្នាំចាស់ និងឆ្នាំថ្មី មានតែតារា១២រូបប៉ុណ្ណោះ ដែលត្រូវបានតែងតាំងជាទូតសុឆន្ទៈ ឬ Brand Ambassador ក្នុងជំនាន់ទី១ ដែលលោកបានហៅឱកាសរបស់ម្ចាស់ពានទាំង១២ថា ជាអ្វីដែលអ្មកសិល្បៈភាគច្រើនចង់បាន។

ក្នុងរយៈពេលមួយឆ្នាំនេះ គ្រួសារតារាកម្ពុជា នឹងបង្កើតសកម្មភាពអោយទូតសុឆន្ទៈទាំង១២រូបចេញមុខនៅក្នុងសង្គមអោយបានច្រើន ដោយប្រព័ន្ធផ្សព្វផ្សាយ ក៏នឹងជំរុញកេរ្តិ៍ឈ្មោះរបស់ពួកគេ អោយមានការឈានឡើងផងដែរ។ គ្រួសារតារាកម្ពុជា នឹងជំរុញចលករ អោយតារាដែលបានតំណែងជា Brand Ambassador ទាំង១២ កាន់តែមានកេរ្តិ៍ឈ្មោះ និងក្លាយជាអ្នកសិល្បៈគំរូ ដែលមានសកម្មភាពខ្លាំងក្នុងកិច្ចការសង្គម និងសប្បុរសធម៌ ប៉ុន្តែក៍ទាមទារអោយមានការចូលរួម ក្នុងក្រុមតាមអ្វីដែលអាចធ្វើទៅបានផងដែរ មិនមែនអសកម្មនោះឡើយ។ លោកថា បើមានឱកាស តារាដែលជាប់ជាទូតសុឆន្ទៈមិនគួរបោះបង់តួនាទីរបស់ខ្លួន ក្នុងការពង្រីកកេរ្តិ៍ឈ្មោះ នោះទេ ព្រោះអ្វីដែលគ្រួសារតារាកម្ពុជាផ្ដល់អោយ គឺជាអ្វីដែលអ្នកសិល្បៈភាគច្រើនត្រូវការ សម្រាប់ការពង្រីកកេរ្តិ៍ឈ្មោះ។

គួរបញ្ជាក់ថា ម្ចាស់ពានដែលត្រូវបានតែងតាំងជាទូតសុឆន្ទៈរួមមាន៖

-លោក រុន ណាកូ គឺជាម្ចាស់ពាន២ជំនាន់ ដែលជាម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់លេចធ្លោ និងស័ក្ដសម កាលពីឆ្នាំ២០១៨ និងពានប្រជាប្រិយភាព ប្រចាំឆ្នាំ២០១៩ ក្នុងចំណោមម្ចាស់ពានឆ្នាំចាស់។

កញ្ញា ភីយ៉ា គឺជាតារាសម្ដែង និងជាម្ចាស់គ្រងឈុងបុរាណ ចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ ២០១៩។

-លោក ឌួង តារាផាឌីន គឺជាតារាចម្រៀងសំលេង២ និងជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៩។

– អ្នកនាង ម៉ៅ ស៊ីណាត គឺជាតារាចម្រៀង និងជាម្ចាស់ពានគ្រងឈុតបុរាណផ្នែក គ្រងឈុតត្រូវទម្រង់ និងលេចធ្លោប្រចាំឆ្នាំ២០១៨។

-លោក បញ្ញា សិទ្ធិ តារាចម្រៀង និងជាពិធីករ គឺជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ២។

-កញ្ញា ប៑េប៑ី ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោកាលពីឆ្នាំ២០១៨។

-កញ្ញា ពេជ្រ ចរណៃ គឺជាម្ចាស់ពានគ្រងឈុតបុរាណ ចំណាត់ថ្នាក់លេខ៣ ប្រចាំឆ្នាំ២០១៩។

-លោក ស៊ិន សុធារិទ្ធ គឺជាតារាសម្ដែង និងជាម្ចាស់ពាន គ្រងឈុតបុរាណកម្រ កាលពីឆ្នាំ២០១៨។

-កញ្ញា វណ្ណា វត្តី គឺជាតារាចម្រៀង-តារាសម្ដែង និងជាម្ចាស់ពានគ្រងឈុតបុរាណ ចំណាត់ថ្នាក់លេខ២ ប្រចាំឆ្នាំ២០១៩។

-លោក ម៉ែន អម្រុងរ័ត្ន គឺម្ចាស់ពានគ្រងឈុតបុរាណផ្នែកច្នៃប្រឌិត ដែលលេចធ្លោជាងគេកាលពីឆ្នាំ២០១៨។

-កញ្ញា ភី សម័យ គឺជាម្ចាស់ពានគ្រងឈុតបុរាណ ច្នៃប្រឌិតកាលពីឆ្នាំ២០១៨។

-លោក លឿង វិសាល គឺជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ៣ ប្រចាំឆ្នាំ២០១៩។

មតិយោបល់